​ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​រំឭក និង​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ទាំងអស់​កុំឱ្យ​មានការ​រើសអើង​ប្រភេទ​វ៉ាក់សាំង​កូ​វីដ​ ​១៩ ហើយ​បាន​ពន្យល់ថា ការចាក់​វ៉ាក់សាំង​ចម្រុះ ​គឺ​ផ្តល់​លទ្ធភាព​ក្នុងការ​បង្កើត​នូវ​ភាពស៊ាំ​ក្នុង​សរីរាង្គ​បុគ្គល​ខ្ពស់ជាង​ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​តែមួយ​។​

​ការអះអាង​បែបនេះ​ធ្វើឡើង​ដោយ​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ​(​គ​.​វ​.​ក​-១៩)​ ពីថ្ងៃ​ទី​ ៩ ខែមករា​ ​ក្នុងពេល​លោកស្រី​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩​ ដូ​ស​ទី​ ៦ ក្នុង​ទីធ្លា​ព្រឹទ្ធសភា និង​មន្ទីរពេទ្យបង្អែក​ដង្កោ រាជធានី​ភ្នំពេញ​។​

​លោកស្រីបាន​ថ្លែងថា​៖ «​សូម​បងប្អូន​កុំ​មានការ​រើសអើង​វ៉ាក់សាំង​។​តាម​ការសិក្សា និង​ការលើកឡើង​របស់​អង្គការ​​សុខភាព​ពិភពលោក​ក៏បាន​បង្ហាញ​ជា​ហូរហែ​មកហើយ​ថា ការចាក់​វ៉ាក់សាំង​ចម្រុះ​វា​នឹង​ផ្តល់​លទ្ធភាព​បង្កើត​នូវ​ភាព​ស៊ាំ​ក្នុង​សរីរាង្គ​បុគ្គល​ខ្ពស់ជាង​ការប្រើ​ប្រាស់​ប្រភេទ​វ៉ាក់សាំង​តែ​ ១»​។​

​អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា ដោយសារ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបង្កើត​ភាព​​ស៊ាំ​នេះ ក្រសួង​កំពុង​បោះជំហាន​ទៅលើ​ការចាក់​ឆ្លាស់​នៃ​ប្រភេទ​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ដើម្បីឱ្យ​ពលរដ្ឋ​មាន​ភាព​ការពារ​សរីរាង្គ​ខ្ពស់ ហើយ​រឿង​សំខាន់​មួយទៀត​គឺ​ថិ​រ​​វេលា​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បន្ដថា​៖ «​ថិរវេលា​ក៏​ជា​កត្តា​មួយទៀត​ដែរ ប្រសិន​​បើ​ថិរវេលា​នៃ​ការចាក់​វ៉ាក់សាំង​នេះ​យូរពេក​ក៏​ធ្វើឱ្យ​ភាពស៊ាំ​ក្នុង​រាងកាយ​ក៏មាន​ការធ្លាក់ចុះ​ផងដែរ​។​អ៊ីចឹង​!​ខ្ញុំ​សុំ​អំពាវនាវ​ទៅដល់​បងប្អូន​ទាំងអស់​កុំ​មានការ​រើស​អើ​ង​វ៉ាក់សាំង ហើយ​អង្គការ​សុខភាព​​ពិភពលោក​ក៏បាន​លើកឡើង​ដែរ​ថា វ៉ាក់សាំង​ប្រភេទ​ណាក៏ដោយ ក៏​ជា​វ៉ាក់សាំង​ដែល​ជួយ​សរីរាង្គ​បុគ្គល ជួយសង្គ្រោះ​អាយុជីវិត​របស់​យើង​ដែរ​»​។​

​បច្ចុប្បន្ននេះ វីរុស​កូ​វីដ​ ១៩ មានការ​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​ថ្មីៗ​នេះ​លោកស្រី​សង្កេតឃើញថា មាន​ពលរដ្ឋ​មួយចំនួន​មានការ​បារម្ភ​ច្រើន​ពី​ការ​រាតត្បាត​នៅតាម​ប្រទេស​មួយចំនួន ក៏​ដូច​ជា​ប្រទេស​នៅក្នុង​តំបន់​នូវ​ប្រភេទ​វីរុស​ XBB ដែល​វីរុស​នេះ មិនមែន​ទើប​រកឃើញ​នោះទេ តែ​វា​បាន​រកឃើញ​មាននៅ​អាមេរិក​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ ហើយ​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ពលរដ្ឋ​ផងដែរ​ពី​ការរកឃើញ​នេះ​។​

​វីរុស​បំប្លែង​ថ្មី​ប្រភេទ ​XBB ជា​ប្រភេទ​ពពួក​អូ​មី​ក្រុង​ដែល​វា​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​អូ​មី​ក្រុង​នេះ​បាន​បំប្លែង​ខ្លួន​ច្រើន​សណ្ឋាន​ណាស់​មកទល់ពេលនេះ​។

​លោកស្រី ឱ វណ្ណឌី​ន បាន​ប្រាប់ថា​៖ «​អ្វីដែល​ជាការ​ណែនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក​នៅក្នុងពេល​ថ្មីៗ​ថា ទោះបីជា​មានការ​លេចចេញ​នូវ​វីរុស​​បំប្លែង​ថ្មី​ប្រភេទ ​XBB ​ក្តី​ឬ​ប្រភេទ​ផ្សេងៗ​ក្តី ថ្វីដ្បិតតែ​យើង​មានការ​ព្រួយបារម្ភ​ច្រើន​ថា វា​ឆ្លង​លឿន​ក៏ពិតមែន តែ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​រកឃើញ​ឬក៏​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់​ច្បាស់​ដែរ​ថា ពពួក​បំប្លែង​ថ្មី​ក្រោយនេះ មាន​ភាព​សាហាវ​ជាង​ឬ​ធ្ងន់ធ្ងរ​ជាង​ពពួក​ដែល​តា​នោះទេ​»​។​

​យ៉ាងណាក្ដី មន្ត្រី​ជំនាញ​ផ្នែក​សុខា​ភិ​បាល​រូបនេះ​នៅតែ​អះអាងថា វ៉ាក់សាំង​នៅតែ​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការជួយ​ការពារ​សរីរាង្គ​ពី​ការវាយលុក​ពី​ពពួក​វីរុស​កូ​វីដ ​១៩​។ ដូចនេះហើយ​បានជា​នៅ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅតែ​យកចិត្តទុកដាក់​ចាក់​វ៉ាក់សាំង ជា​ពិ​សេស​ដូ​ស​ជំរុញ​នេះ​។​

​លោកស្រី​ថា​៖ «​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​កំពុងតែ​បោះជំហាន​ទៅរក​ការធ្វើ​យ៉ាងណា​រក្សា​ភាពស៊ាំ​របស់​បុគ្គល​ក៏ដូចជា​ភាពស៊ាំ​របស់​សហគមន៍​របស់​យើង ពីព្រោះ​យើងទាំងអស់គ្នា​ដឹង​ហើយ​បើ​ភាពស៊ាំ​របស់​បុគ្គល​ម្នាក់ៗ​ធ្លាក់ចុះ​អស់​អ៊ីចឹង​ភាពស៊ាំ​ក្នុង​សហគមន៍​របស់​យើង​នឹង​ចុះខ្សោយ​តែម្ដង ឬក៏​អាច​ថា​អត់​មាន​»​។​

​ទាក់ទង​នឹង​កូ​វីដ​ ១៩​ នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ការពារ​ដោយ​អនុវត្ត​នូវ​វិធានការ​ ៣ ​ការពារ និង ​៣ ​កុំ រួម​នឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ជាពិសេស​ដូ​ស​ជំរុញ​។​

​លោក​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៩ ខែមករា ថា ៖ «​សុំ​កុំ​ភ្លេច ខ្ញុំ​នៅតែ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​បន្ត​ការយកចិត្តទុកដាក់​ប​ន្ត​ទៀត​ជាមួយនឹង​វិធានការ​ការពារ​សម្រាប់​ជំងឺ​នេះដែ​លវា​អាច​កើតឡើង​ដោយសារ​ជំងឺ​នេះ​នៅ​បន្ត​មាននៅ​ឡើយ ហើយ​បន្ត​ទទួលយក​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ដូ​ស​ជំរុញ​ដើម្បី​បង្កើន​ភាពស៊ាំ​នៅក្នុង​ខ្លួន​»​។​

​តាម​របាយការណ៍​រប​ស់​ក្រសួង​សុខា​​ភិ​បាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៩ ខែមករា ឆ្នាំនេះ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន​នាក់ មាន​ ៩៥,២៩​ ភាគរយ​។​ក្រសួង​បាន​បន្តថា អត្រា​អ្នក​ចាក់​ដូ​ស​ទី​ ២ មាន​ចំនួន​ជាង ​១៤​ លាន​នាក់ ដូ​ស​ទី​ ៣ មាន​ចំនួន​ជាង ១០ ​លាន​នាក់ ដូ​ស​ទី ​៤ មាន​ចំនួន​ជាង​ ៤,៧​លាន​នាក់ ដូ​ស​ទី​ ៥ មាន​ចំនួន​ ១,២​ លាន​នាក់ និង​អត្រា​នៃ​ការចាក់​ដូ​ស​ទី​ ៦ មាន​ចំនួន​ជាង​ ១ ​ម៉ឺន​នាក់​ផងដែរ​៕