ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បានស្នើ និង​ណែនាំ​ទៅដល់​គ្រប់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ទទួលបាន​ការឯកភាព​សម្រេច​ចូលរួម​ពិធី​ជួបជុំ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​ ១៤ ខែមករា ខាងមុខនេះ ត្រូវធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​ ១៩ នា​ទីស្តីការក្រសួង​ផងដែរ​។​

នៅ​ថ្ងៃទី​១៤ ខែមករា ខាងមុខនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ដោយផ្ទាល់​ដែលជា​ជំនួប​លើក​ទី​៥ ឆ្នាំ​២០២៣ ដែល​នឹង​ធ្វើឡើង​នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែមករា បាន​ជូនដំណឹង​ពី​ស្ដីពី ការចូលរួម​ពិធី​ជួបជុំ​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន ដោយ​ស្នើឱ្យ​ម្ចាស់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវអនុវត្ត​នូវ​ការណែនាំ​មួយចំនួន​ពី​ក្រសួង​ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ធានាបាន​នូវ​សុខុមាលភាព​សាធារណៈ​។​

ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ៖ «​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​មក​ធ្វើតេស្ដ​រហ័ស​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៣ ខែមករា នា​ទីស្តីការក្រសួង​ព័ត៌មាន អគារ​ថ្មី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដោយឡែក សម្រាប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ខេត្ត អាច​ម្ចាស់ការ​ធ្វើតេស្ត​ដោយ​ខ្លួនឯង និង​បង្ហាញ​លទ្ធផល​ដល់​អនុ​គណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ សង្គ្រោះ​បឋម និង​បញ្ហា​ជំងឺ​កូ​វីដ​១៩ ពេលទៅដល់​ទីតាំង​កម្ម​វិធី​»​។​

អង្គភាព​ដែល​ទទួលបាន​ការឯកភាព​សម្រេច​ចូលរួម​ពិធី​នេះ ត្រូវ​មក​ទទួល​បណ្ណ​ចូលរួម​ចាប់ពី​ថ្ងៃទី​១២ ខែមករា នៅ​ការិយាល័យ​ច្រក​-​ចូល​តែមួយ​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ជាន់​ទី​១​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ហើយ​អ្នកសារព័ត៌មាន​ត្រូវ​មកដល់​ទីតាំង​ប្រារព្ធ​ពិធី​នៅ​ម៉ោង ១៤:០០ នាទី​រសៀល ដើម្បី​ស្កេ​នប​ណ្ណ ពិនិត្យ​លទ្ធផល​តេស្ត​រហ័ស​ជំងឺ​កូ​វីដ​១៩ និង​ស្កេ​នក​ម្ដៅ​។​

ក្រសួង​ព័ត៌មាន​បាន​ហាម​អ្នកសារព័ត៌មាន​ដែល​នឹងចូលរួម​កម្មវិធី មិនឱ្យ​យក​ម៉ាស៊ីន​ថត ដង​សែ​ល​ហ្វ៊ី កាបូបស្ពាយ​ក្រោយ (Bag pack) ចូលក្នុង​កម្មវិធី​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តថា បណ្ណ​សម្គាល់​អត្តសញ្ញាណ ត្រូវ​ពាក់​គ្រប់ពេលវេលា​ក្នុងអំឡុង​កម្មវិធី និង​ត្រូវ​ទុកជា​មោ​ឃៈ ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ ដោយ​គ្មាន​ការអនុញ្ញាត​ពី​គណៈ​គ្រប់គ្រង​កម្មវិធី​។​

ទាក់ទង​នឹង​ជំនួប​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានប្រកាស​កាលពីដើម​សប្តាហ៍​នេះ​ថា លោក​ស្វាគមន៍​ការផ្ដល់​ឱកាស​ឱ្យ​អ្នកកាសែត​សួរ​សំណួរ​ទៅកាន់​លោក​ក្នុង​កម្មវិធី​ជួបជុំគ្នា​នេះដែរ​។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ ធ្លាប់​លើកឡើងថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន ធ្វើឡើង​ដើម្បី​ជំរុញ​ការលើកកម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការបង្កើន​ទំនាក់ទំនង រវាង​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​មកពី​គ្រប់​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ដ​។​

សូម​រំឭក​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់​យក​ថ្ងៃទី​១៤ ខែមករា ជា​រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​ការខកខាន​រយៈពេល​២​ឆ្នាំ ដោយសារ​វិបត្តិ​កូ​វីដ​១៩ ហើយ​ថ្ងៃទី​១៤ មករា ឆ្នាំនេះ​ទៀតសោត ជា​ខួប​រំឭក​ដល់​ថ្ងៃ​ដែល​លោក​បាន​ឡើងជា​នាយករដ្ឋមន្ត្រី​កាលពី​ជិត​៤០​ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៤៕