លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវបាន​កាកបាទក្រហម​កម្ពុជា សម្រេច​ទទួលស្គាល់​ជា​ប្រធាន​ថ្មី នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា អាណត្តិ​ទី​៥ ខណៈ​លោក​អះអាងថា នឹង​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បម្រើការ​មនុស្សធម៌​។​

​ការប្រគល់​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ត្រូវបាន​ធ្វើឡើង ថ្ងៃទី​១៣ ខែ ​មករា ឆ្នាំ​២០២៣ ដោយ​លោក ខូ​យ រី​ដា បាន​អះអាងថា នឹង​ប្រកាន់ខ្ជាប់​គោលការណ៍​គ្រឹះ​ទាំង ៧​ប្រការ របស់​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម សំដៅ​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​មនុស្សជាតិ រួមចំណែក​ឱ្យសម្រេចបាន​តាម​ទស្សនវិស័យ​របស់​កាក​បាទ​ក្រហម​កម្ពុជា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ម្យ៉ាងវិញទៀត យកចិត្តទុកដាក់​អនុវត្ត​នូវ​គោលការណ៍ ​លក្ខណៈវិនិច្ឆ័យ​សាខា​ដែលមាន​ដំណើរ​ការល្អ ដើម្បី​បំពេញភារកិច្ច​មនុស្សធម៌​បាន​ជោគជ័យ និង​រក្សា​សាមគ្គីភាព​ក្នុង​ជួរ ​គណៈកម្មាធិការ​សាខា និង​ទទួលយក​ការប្រឹក្សា​ជាមួយ​គណៈ​កិត្តិយស​សាខា និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដឹកនាំ​តម្រង់ទិស​ក្រុម​ប្រតិបត្តិ​សាខា​ឱ្យ​អនុវត្ត​បានល្អ​នូវ​ភារកិច្ច ស្របតាម​យុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០២១-២០៣០​។​

លោក​បាន​បន្តថា ៖«​លោក​និង​ក្រុមការងារ នឹង​បង្កើន​គំនិត​ក្នុងការ​កៀរគរ​រក​មូលនិធិ​ពី​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បម្រើការ​មនុស្សធម៌ របស់​សាខា និង​យកចិត្តទុកដាក់​ណែនាំ​ដល់​គ្រប់​អនុសាខា​ឱ្យបំពេញ​ភារកិច្ច​មនុស្ស​ធម៌​ឱ្យ​បានល្អ ស្របតាម​វិស័យ​អាទិភាព​ទាំង​៤ នៃ​យុទ្ធសាស្ត្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា​»​។​

​បន្ថែម​ពីនេះ លោក​បាន​បញ្ជាក់ថា នឹង​យកចិត្តទុកដាក់​បន្តការងា​រ​ពង្រឹង ពង្រីក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា នៅ​មូលដ្ឋាន ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​អប់រំ​សុខភាព​សហគមន៍ ពិសេស ជំងឺ​កូ​វីដ​១៩​។ យកចិត្តទុកដាក់​ពង្រីក និង​ពង្រឹង​សកម្មភាព​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​គ្រឹះស្ថានសិក្សា​នានា ជា​គំរូ​ក្នុង​ការងារ​មនុស្សធម៌​ក្នុងសង្គម និង​បន្ត​សហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​មន្ទីរ​ស្ថាប័ន អង្គភាព អង្គការ​ជាតិ អន្តរជាតិ ក្នុង​បុព្វហេតុ​មនុស្សធម៌​ប្រមូល​កម្លាំង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ទុក្ខលំបាក​របស់​ជន​ងាយ​រងគ្រោះ​។​

​ជាមួយគ្នានេះ​លោក នឹង​បន្ត​អភិវឌ្ឍ​ធនធាន​ថវិកា ធនធានមនុស្ស ដើម្បី​ឆ្លើយតប​គ្រោះមហន្តរាយ ឱ្យបាន​ទាន់ពេលវេលា និង​តាម​សំណូមពរ​របស់ សាខា អនុសាខា និង​ក្រុម​កាកបាទក្រហម គ្រប់​មូលដ្ឋាន ដោយ​ត្រូវ​អនុវត្តតាម​អនុសាសន៍ និង​ការតម្រង់ទិស​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ នៃ​កាកបាទក្រហមកម្ពុជា បាន​ថ្លែងថា កន្លងមក​គណៈកម្មាធិកា​រ​សាខា អនុសាខា ក្រុម​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា នៅតាម​សាខា​រាជធានី​-​ខេត្ត តែងតែ​សកម្ម​ក្នុងការ​បំពេញភារកិច្ច​មនុស្សធម៌​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ បាន​ឆាប់រហ័ស​ទាន់ពេលវេលា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្របតាម​ទិស​វិមជ្ឈការ និង​វិសហមជ្ឈការ ស័ក្តិ​សមជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្ស

​ធម៌​។​

​លោកស្រី បាន​គូសបញ្ជាក់ថា​៖«​ថ្វី​ដ្បិត​ថ្ងៃនេះ អង្គពិធី​ប្រារព្ធ​ការប្រកាស ឯកឧត្តម ខូ​យ រី​ដា ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​សាខា​អាណត្តិ​ទី​៥ ក៏​មែនពិត តែ​តាម​ការពិត​ជាក់ស្តែង​នៃ​ប្រវត្តិ​ការងារ​របស់ ឯកឧត្តម នៅក្នុង​សាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មិនមែនជា​ការងារ​ថ្មី​នោះឡើយ​»​។

​លោកស្រី​បាន​បន្ថែមថា ផ្អែកលើ​ប្រវត្តិ និង​បទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ការងារ​មនុស្សធម៌​របស់លោក ខូ​យ រី​ដា នឹង​រួម​កម្លាំង​គ្នា​ទទួល​អ​ម្រែ​ក​នេះ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ធានា​ឱ្យបាន​ថា សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ពិតជា​នឹង​បន្ត​អភិវឌ្ឍ និង​មាន​ភាពម្ចាស់ការ​កាន់តែ​រឹងមាំ​ឡើងជា​លំដាប់​»៕​