ភ្នំពេញៈ ​ពីថ្ងៃ​ទី​ ១៣ ដល់ទី ​១៥ ខែមករា គឺជា​ថ្ងៃ​ដែល​សាកលវិទ្យាល័យ​បាន​ប្រារព្ធ​ធ្វើ​ទិវា​សប្បុរសធម៌ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​បរិ​ច្ចាគ​ជូនទៅ​អ្នកក្រីក្រ ដែលជា​រៀងរាល់ឆ្នាំ ទិវា​សប្បុរសធម៌​នេះ តែងតែ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣​មករា ដែលជា​ថ្ងៃ​បង្កើត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោយ​ទទួលបាន ឯករាជ្យ​ពី​បារាំង​។​

ក្រោយ​ខកខាន​ធ្វើ​អស់​រយៈពេល​២​ឆ្នាំកន្លងមក នៅ​ឆ្នាំ​២០២៣​នេះ ទិវា​នេះ​បាន​ធ្វើឡើង​ព្រមជាមួយ​ខួប​ទី​៦៣​ឆ្នាំ​របស់ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តែម្ដង​។ ដោយ​ការបើក​ពិធី​សប្បុរសធម៌​នេះ​ផងដែរ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៣​មករា ក្រោម​អធិបតីភាព​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃរ​ដ្ធ​សភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ក្នុង​ថ្ងៃទី​១​នៃ​ពិធី​នេះ យុវជន យុវនារី​ដែល​ភាគច្រើន​ជា​និស្សិត ដើរ​ខ្វាត់​ខ្វែងគ្នា ពី​ស្តង់​១ ចូលទៅ​កាន់​ស្តង់​១​ទៀត យ៉ាង​កុះករ​។ កន្លែង​ខ្លះ គេ​ស្ទើរតែ​ត្រូវ​ប្រជ្រៀត​គ្នា​ដើម្បី​អាច​ដើរទៅ​មុខ​បាន​។​

ពី​ស្តង់​លក់​ភេសជ្ជៈ​នៅក្បែរ​អគារ STEM នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឯណោះ​វិញ និស្សិត​ផ្នែក​ទេសចរណ៍​បានបង្ហាញ​អារម្មណ៍​រំភើប ខណៈដែល​នេះ​ជា​លើក​ទី​១​ហើយ ដែល​ពួកគេ​បាន​ចូលរួម​ដាក់​ស្តង់ លក់​ផលិតផល​ក្នុង​ទិវា​សប្បុរសធម៌​។​

និស្សិត ហឿន ស្រី​ធី ដែលជា​អ្នករៀបចំ​ស្តង់​លក់​ភេសជ្ជៈ​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ទេសចរណ៍​បានឱ្យដឹងថា ខ្លួន និង​មិត្ត​ភ​ក្កិ​ឯទៀត​បាន​ខិតខំ​លក់​ភេសជ្ជៈ ដោយ​សង្ឃឹមថា អាច​យកប្រាក់​បរិច្ចាគ​ទៅជូន​អ្នកក្រីក្រ បាន​កាន់តែច្រើន​។​

កញ្ញា ហឿន ស្រី​ធី ថ្លែងថា​៖ «​ពួក​ខ្ញុំ​បានគិត​គ្នា​រួចហើយ​ថា ពួកយើង​ចង់យក​លុយ​ដែល​ចំណេញ សម្រាប់​បរិច្ចាគ​ជូន​សាកលវិទ្យាល័យ​ទាំងអស់​តែម្ដង​»​។​

និស្សិត​ឆ្នាំ​ទី​៤​រូបនេះ បាន​បន្តថា ថ្ងៃនេះ​ស្តង់​របស់​នាង​លក់បាន​ច្រើន​គួរសម ហើយ​សង្ឃឹមថា នឹង​បន្ត​លក់បាន​កាន់តែច្រើន​នៅ​ថ្ងៃស្អែកៗ​ទៀត​។ ម្យ៉ាងទៀត កញ្ញា​សង្កេតឃើញថា កម្មវិធី​ថ្ងៃនេះ​ប្រព្រឹត្តទៅ ដោយ​រលូន និង​មិនមាន​បញ្ហា​អ្វី​ឡើយ​។​

នៅជាប់​ស្រះ​ទឹក​ឯណោះ​វិញ ក្រុមនិស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ កំពុងតែ​ញាប់ដៃ ញាប់ជើង​ឆា​ពោត ដោយមាន​អ្នកទិញ​កំពុង​ឈរ​ចាំ​ផង​។

កញ្ញា ចិត្ត ស្រី​យ៉ា ដែលជា​និស្សិត​ឆ្នាំ​ទី​២​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បានឱ្យដឹងថា ក្រុម​របស់​កញ្ញា​បាន​ត្រៀម​រៀបចំ​ទិញ​សម្ភារ​សម្រាប់​លក់​តាំងតែ​ពី​១​សប្ដាហ៍​មុន​ម្ល៉េះ ហើយ​សម្រាប់​ថ្ងៃទី​១​នេះ ជារួម​គឺ​លក់​អស់​ច្រើន​។​

កញ្ញា ចិត្ត ស្រី​យ៉ា បាន​បន្តថា​៖ «​ថ្លៃដើម​ពួកយើង​ទិញ​អស់​ប្រហែល ៤០​ម៉ឺន​រៀល ហើយ​ពួកយើង​រំពឹងថា នឹង​អាច​ចំណេញ​គុណ​នឹង​២ ដូច្នេះហើយ​ផាត់​តែ​ថ្លៃដើម​ចេញ យើង​នឹង​បរិច្ចាគ​ជូន​សាលា​ទាំងអស់​តែម្ដង​»​។​

កញ្ញា បន្ត​រៀបរាប់ថា កញ្ញា​មិន​រំពឹង​ទេ​ថា​នឹងមាន​មនុស្ស​ច្រើន​ដោយ​នេះ​ត្រឹមតែ​ជា​ថ្ងៃទី​១​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​និស្សិត​ជាច្រើន​នាក់​បានមក​ទស្សនា​ស្តង់​នានា​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នេះ​។​

យ៉ាងណាមិញ កញ្ញា បាន​ថ្លែង​ដោយ​សង្ឃឹមថា ទោះ​ក្រុម​កញ្ញា​អាច​លក់បាន​តិច ឬ​ច្រើន តែ​ក៏​អាចជួយ​ទៅដល់​អ្នក​ខ្វះខាត និង​អ្នកត្រូវការ​ជំនួយ​ក្នុង​រូបភាព​ណាមួយ​បាន​ខ្លះ​ដែរ​។

​ទាំង​កញ្ញា ស្រី​យ៉ា និង​កញ្ញា ស្រី​ធី បានផ្ដល់​ជា​សំណូមពរ​ដល់​អ្នកចូលរួម​ផងដែរ ឱ្យចូល​រួម​ក្នុងការ​ថែរក្សា​អនាម័យ ដោយ​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សម្ភារ​ផ្សេងៗ ចៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​។​

នា​ថ្ងៃ​បើក​ពិធី​រំឭក​ខួប​៦៣​ឆ្នាំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ពិធី​សប្បុរសធម៌​លើក​ទី​២ នា​សាកលវិទ្យាល័យ​នេះ កាលពី​ថ្ងៃទី​១៣ ខែមករា លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ដែល​បាន​ចូលរួមបាន​លើកឡើងថា ធនធានមនុស្ស​ដែលមាន​គុណភាព និង​សមត្ថភាព​ដែល​ខ្ញុំ​កំពុងតែ​ឃើញ​ទាំំ​ង​នេះ ជា​សុទិដ្ឋិនិយម និង​ភាពជឿជាក់​របស់លោក​ចំពោះ​អនាគត​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ស្វ័យ​វិន័យ​នេះ​ខ្ញុំ​សុំ​បន្ថែម​ដែរ​ថា កុំ​ទាល់​តែមាន​គេ​ប្រាប់ថា​ខុស ត្រូវ​រៀន​ឈ្វេងយល់​ដោយ​ខ្លួនឯង ហើយ​កែប្រែ​កំហុស និង​ធ្វើឱ្យបាន​កាន់តែ​ប្រសើរ​តាម​ដែល​យើង​អាចធ្វើ​បាន​»​។​

លោក ហ៊ុន ម៉ា​នី ក៏បាន​ថ្លែងអំណរគុណ​ដល់​និស្សិត​ទាំងអស់​សម្រាប់​ស្មារតី​ស្ម័គ្រចិត្ត និង​ស្មារតី​សប្បុរសធម៌ ដែល​ពួកគេ​អាចមាន​សកម្មភាព​ផ្សេងៗ​គ្នា មកពី​ជំនាញ​សិក្សា​ផ្សេងៗ​គ្នា តែ​គោលដៅ​របស់​យើង​តែ​១​គត់​នោះ​គឺ​ការចូលរួម​ជា​វិជ្ជមាន​ដើម្បី​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា ៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​អនាគត​កម្ពុជា នៅពេលដែល​បានឃើញ​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុង​ស្មារតី​សប្បុរស​ដើម្បី​សង្គមជាតិ​របស់​ប្អូនៗ​គ្រប់ៗ​រូប​។ សូម​ចូលរួម​អបអរសាទរ​ពិធី​សប្បុរសធម៌​លើក​ទី​១២ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣ កំណើត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​»៕