ភ្នំពេញៈ សំរាមជា​ពិសេស​ប្លា​ស្ទិ​កជា​ប្រភព​បំពុល​ដ៏គ្រោះ​ថ្នាក់​ដោយ​វា​ជា​ប្រភេទ​សំរាម​មិន​ងាយ​រលាយ​ហើយ​វា​នឹង​ប៉ះ​ពាល់​ដល់​ផ្ទៃដីឬ​ទឹក​ដែល​វា​ស្ថិត​នៅនោះ​ហើយ​នៅក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃភាគ​ច្រើន​ត្រូវការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក​នេះ ​ដោយ​ចាំ​បាច់​តែម្ដង​ដូច្នេះ​ហើយ​បញ្ហា​បំពុល​គឺ​នៅតែ​មាន​។​

​ដូច្នេះហើយ ​ការចង់​លុប​បំបាត់​ការប្រើ​ប្រាស់​ប្លា​ស្ទិ​កពិត​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ទៅ​រួច​ដោយ​សារតែ​ប្លា​ស្ទិ​ក​មាន​តម្លៃ​ទាប​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ម្យ៉ាង​ទៀត​ប្រជា​ជន​ក៏មាន​ទម្លាប់​ក្នុងការ​ប្រើ​ប្រាស់​វា​ទៅ​ហើយដែរ​។មិន​តែ​ប៉ុណ្ណោះ​វត្ថុធាតុ​ដើម​ផ្សេង​ទៀត​ដែល​គេ​ចង់យក​មកប្រើ​ប្រាស់​ជំនួស​ប្លា​ស្ទិ​ក​ក៏​​មានមិន​គ្រប់​នឹង​តម្រូវ​ការ​ទៅ​ទៀត​ដូច្នេះ​តិចឬ​ច្រើន​ប្លា​ស្ទិ​ក​នៅ​តែ​មាន​វត្ត​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​

​ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​យុវជន​២រូប​បាន​សហ​ការ​គ្នា​បង្កើត​ជា​យុទ្ធ​នាការ​មួយ​ដោយ​ពួកគេ​ដាក់​ឈ្មោះថា​«​១ជំហាន​គ្មាន​ប្លាស្ទិ​ក​»​។យុទ្ធ​នាការ​ធ្វើ​ឡើង​ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ប្លា​ស្ទិ​ក​ដែល​ត្រូវ​បាន​បោះ​ចោលនិង​រក​វិធី​កាត់​បន្ថយ​ការប្រើប្រាស់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

«​១ជំហាន​គ្មាន​ប្លា​ស្ទិ​ក​»សំដៅលើ​ជំហាន​តូច​មួយ​ដើម្បី​ឈាន​ទៅរក​បរិស្ថាន​ដែល​មិន​មាន​ប្លា​ស្ទិ​ក​។ដោយហេតុថា​វា​ជា​រឿង​លំបាក​ក្នុងការ​កាត់​បន្ថយ​​ប្លា​ស្ទិ​ក​ទាំង​ស្រុង​ការ​ចាប់​ផ្ដើម​ពី​ជំហានតូចៗ​ទៅគឺជា​រឿង​ល្អ​បំផុត​ហើយ​ជា​ពិសេសអ្នក​ប្រើ​ប្រាស់​ខ្លួន​ឯង​បាន​យល់ដឹ​ង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម​ជា​ដើម​។យុទ្ធ​នា​ការ​នេះ​ផងដែ​រទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ហ៊ុន​All Dream Cambodia​។​

​កញ្ញា វីរៈ មូ​នី​កា ដែលជា​សហ​ស្ថាប​និក​យុទ្ធនា​ការ​១​ជំហាន​គ្មាន​ប្លា​ស្ទិ​ក​បាន​ឱ្យដឹង​ថាយុទ្ធនា​ការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែកក្កដាឆ្នាំ​២០២២​រហូត​មក​ដល់​បច្ចុប្បន្ន​។កន្លង​មកយុទ្ធ​នាការ​នេះ​បាន​បង្កើត​ជា​កម្មវិធី​ប្រមូល​សំរាម​នៅ​តាម​ខេត្ត​គោល​ដៅ​ទេសច​រណ៍​របស់​កម្ពុជា​ចំនួន​៤​ខេត្ត​រួច​មក​ហើយ​។​

​កញ្ញា វីរៈ មូ​នី​កា បាន​ប្រាប់​ថា៖«​កន្លង​មក​មាន​ដូចជា​ខេត្ត​កែប​សៀមរាបក្រចេះនិង​រាជធានី​ភ្នំពេញហើយ​យើង​នឹងមាន​គោល​ដៅ​បន្ទាប់​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​...​យើង​ក៏បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុ​ន​មួយ​ចំនួន​ដើម្បី​យក​សំរាម​ដែល​ប្រមូល​បាន​ទៅ​កែច្នៃ​ដើម្បី​ប្រើ​ប្រាស់​ឡើង​វិញ​ផង​ដែរ​»​។​

​ចំណែកឯ​កញ្ញា​ ថោង ហុង​អ៊ីង ដែលជា​​សហ​ស្ថា​និក​១រូប​ទៀត​បាន​ឱ្យដឹ​ង​ដែរ​ថាក្នុង​១​យុទ្ធ​នាការ​ក្រុម​កញ្ញា​តែង​ទទួលបាន​អ្នក​ចូលរួ​ម​កាន់​តែ​ច្រើនហើយក៏​មាន​លទ្ធ​ភាព​អាច​ប្រមូល​សំរាម​បាន​ច្រើន​ដូច​គ្នា​។​

​កញ្ញា​ ថោង​ ហុង​អ៊ីង បាន​បញ្ជាក់​ថា៖«​យុទ្ធ​នាការ​យើង​ធ្វើ​នៅ​កែប​លើក​ទី​១យើង​រើស​បាន​៥០០​គីឡូក្រាមហើយ​យុទ្ធ​នាការ​ទី​២ដែល​យើង​ធ្វើ​នៅ​ខេត្ត​សៀមរា​ប​ពួកយើង​ប្រមូល​បាន​១២០០​គីឡូ​យុទ្ធនាការ​ទី​៣​ធ្វើ​ឡើង​នៅ​ខេត្ត​ក្រចេះ​ពួកយើ​ង​រើស​បាន៥០០​គីឡូ​ហើយ​យុទ្ធនា​ការ​ទី​៤គឺមាន​អ្នក​ចូលរួម​រហូត​ទៅដ​ល់៧០០​នាក់និង​ប្រមូលបាន​សំរាម​១​ម៉ឺន​តោន​»​។​

​សម្រាប់​អ្នក​ចូល​រួម​វិញកញ្ញាបាន​កត់​សម្គាល់ឃើ​ញ​ពី​ការប្រែប្រួល​ឥរិយាប​ថ​របស់​ពួក​គេដោយ​មួយ​ភាគ​ធំ​បាន​ទៅ​ឃើញ​ផ្ទាល់​នូវ​សំរាម​ជាច្រើន​ប្រភេទ​ហើយ​ដែល​ទាំង​អស់​នោះ​គឺ​ចេញពី​ការ​ប្រើប្រា​ស់ប្រចាំ​ថ្ងៃ​ហ្នឹង​ឯង​។

​សហ​ស្ថាបនិ​ក​រូបនេះ​បាន​បន្តថា៖«​អ្នក​ចូលរួម​មួយ​ចំនួន​បាន​ចាប់​អារ​ម្មណ៍និង​សួរ​យោ​បល់​ពី​ពួក​យើង​ថា​តើ​ពួក​គេ​អាចធ្វើ​យ៉ាង​ណា​ដើម្បី​អាច​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​កបាន​ហើយ​អ្វីដែល​ពួក​យើង​ណែនាំ​គឺ​ឱ្យ​ប្រើ​ប្រាស់​ដប​ទឹកកា​បូប​បរិស្ថានទុយោ​ទឹក​បរិ​ស្ថាន​ជាដើម​»​។​

​តាម​រយៈ​សកម្ម​ភាព​ទាំង​៤​លើក​នេះកញ្ញា​សង្ឃឹមថា​គ្រប់គ្នា​អាច​ចូលរួម​ជា​ចំណែក​តូចៗ​មួយ​ដែល​ដូច​ទៅនឹង​ឈ្មោះ​របស់​យុទ្ធនា​ការ​​គឺ«​១​ជំហាន​គ្មាន​ប្លា​ស្ទិ​ក​»​។១​ជំហាន​នេះ​អាច​ជា​ការកាត់​បន្ថយដោយ​និយា​យ​ថា​ទេ​ចំពោះ​ការប្រើ​ប្រាស់​ប្លាស្ទិក​ហើយ​អាច​ប្រាប់​ទៅ​មិត្ត​ភ​ក្កិដោយ​ណែនាំ​ជា​ហាង​ដែល​ពួកគេ​អាច​ទិញ​សម្ភារ​បរិ​ស្ថានបាន​។​

​ថ្វីបើ​សកម្ម​ភាព​ទាំងនេះ​មិន​បាន​កាត់​បន្ថយ​ឬ​រើស​សំរាម​បាន​ទាំង​អស់មែន​ប៉ុន្តែ​យ៉ាង​ហោចណា​ស់​យុវជន​ទាំង​២​រូបនេះ​បាន​រួម​ចំណែក​មួយ​ក្នុងការ​បញ្ជ្រាប​ចំណេះ​ដឹង​ទាក់​ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​លើ​ការប្រើប្រា​ស់​ប្លាស្ទិក​ដែល​យូរៗ​ទៅឥរិយា​បថ​របស់​ប្រជាជន​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូ​រ​បន្តិច​ម្ដងៗ​ប្រៀបបាន​​ទៅនឹង​​ការចាក់​ទឹក​លើ​ថ្មដែល​យូរ​ទៅ​ថ្ម​គង់​តែ​សឹក​ហ្នឹងឯ​ង​។​

​យោងតា​ម​របាយកា​​រណ៍​របស់​ក្រសួង​បរិស្ថាន​បានឱ្យ​ដឹងថា​នៅ​ឆ្នាំ​២០២២​សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើ​ង​ជាង​៤​លាន​តោន​នៅ​ក្នុង​១ឆ្នាំ​ៗហើយ​ក្នុង១​ថ្ងៃសំរាម​មាន​ជាង១ម៉ឺន​តោន​ហើយ​កម្រិត​នៃ​ការកើន​ឡើង​នៃកាកសំណល់​រឹង​​នៅ​ប្រទេស​កម្ពុជា​គឺមា​ន​ចន្លោះ​ពី១០ទៅ១៥​ភាគ​រយ​ក្នុង​១ឆ្នាំ​​។

​រដ្ឋ​លេខាធិ​ការ និង​ជា​អ្នក​នាំពា​ក្យ​ក្រសួង​បរិស្ថាន​លោក​នេត្រ​ភក្ត្រាធ្លាប់​បាន​ប្រាប់​ឱ្យដឹ​ងថាក្នុង​ចំណោម​សំរាម​១០០​ភាគ​រយគឺ​មានតែ​សំរាម​៦៤​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​យក​ទៅ​ចាក់​នៅលើ​ទីលានចោលសំរាម​ក្រៅពី​នោះសំរាម​៣៦​ភាគ​រយ​ទៀត​គឺនៅ​រាយ​ប៉ាយ​តាម​ទៅ​តាំង​ផ្សេងៗ ឬ​នៅក្នុង​ប្រភព​ទឹក​ឬ​នៅតាម​សាធារណៈ​ដែល​នេះ​ជា​កិច្ច​ការ​ងារដែលយើងត្រូវ​បន្ត​។​

​លោក​មានប្រសាសន៍ថា៖ «​ក្នុង​នាម​ក្រសួង​បរិស្ថាន យើង​បា​នរៀ​បចំ​​គោល​នយោ​បាយនិង​ជំរុញ​បន្ថែម​នូវកិច្ចសហ​ការ​​ជាមួយ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​ដែល​ទទួល​ភារកិច្ច​ក្នុង​ការ​គ្រប់​គ្រង​សំណល់សំរាម​រឹង​​ធ្វើ​ម៉េច​ឱ្យមាន​ការ​រៀប​ចំ​ទីលាន​ចាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​បន្ថែម​ទៀត​»៕