កោះកុងៈ ទីលាន​វិមាន​សព​យុទ្ធជន ​ដែល​បានពលី​ជីវិតនា​សម័យ​សង្គ្រាម ​ក្នុង​ក្រុង​ខេមរភូមិន្ទ ​ខេត្តកោះកុង ​នឹង​រៀប​ចំធ្វើ​ពិធី​បុណ្យឆ្លង​តាម​បែប​ព្រះពុទ្ធសាសនា ​និង​ប្រកាស​សម្ពោធ នៅ​ថ្ងៃទី​ ១៦ ​និង​ទី​១៧ ​ខែមករា ​ក្រោម​អធិបតីភាព​ លោក​ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​ដែល​ពិធីនេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខន្ធ​កម្មាភិបាល ​យុទ្ធជន ​ជាង ​៤០០​នាក់។

លោក​ យន្ត មីន ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ​និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់ ​កាល​ពី​ថ្ងៃទី​ ១១​ ខែមករា ​បាន​ឱ្យ​ដឹងថា ​កម្មាភិបាល ​យុទ្ធជន ​ដែលបាន​ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម ​មាន​ចំនួន ​៤៤៧ នាក់ ​និង​មន្រ្តី​អគ្គិសនី​ ១ ផ្នូរ​ផង​ដែរ។

លោក​ថ្លែងថា​៖ «គំនិត​ផ្តួចផ្តើម​ដែល​យើង​ធ្វើ​នេះ ​គឺ​ដើម្បី​ឧទ្ទិស​កុលស​ផលបុណ្យ ​និង​ការតប​ស្នង​សង​គុណ​ដល់​ការលះបង់​របស់​បងប្អូន​យើង​ ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​ ​ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ ហើយ​នៅពេល​ដែល​ពួកគាត់​ស្លាប់​នោះ ​គឺ​មិនមាន​ការធ្វើ​បុណ្យ​ឱ្យ​សមស្រប​នោះ​ដែរ»។

នៅ​ពេល​ដែល​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ​មាន​ការរីកចម្រើន​ហើយ ​ទើប​ប្រមុខដឹក​នាំ​នៃ​ប្រទេស​កម្ពុជា ​និង​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ​លោកទៀ ​បាញ់ ​សម្រេច​ឱ្យ​មាន​ការរៀបចំ​ទីលាន​សព​យុទ្ធជន ​និង​ពិធីសាសនា​នេះ​ឡើង។ នេះ​បើ​តាម​លោក​យន្ត មីន។

លោក​យន្ត មីន ​បញ្ជាក់ថា​៖«យើង​ប្រកាស​ពី​ពិធី​ដែល​នឹង​ធ្វើឡើង​ពី​ថ្ងៃទី​១៦ ​និង​ទី១៧ ​ខាងមុខ​នេះ ​គឺ​ចាត់ទុក​ជា​[ការអញ្ជើញ​]ដល់​គ្រួសារ​សព​ ដែល​បាន​ដឹងថា ​មាន​បងប្អូន ​កូនចៅ ​កប់​សព​នៅ​ទីនោះ ​អាច​ចូលរួម​បាន​ ដោយ​យើង​បាន​ធ្វើការ​តបស្នង​ដល់​ពួកគាត់ ​តាម​ទិសស្លោក​ថា ​ផឹក​ទឹក​នឹក​ដល់​ប្រភព ​ជ្រកម្លប់​នឹក​ឃើញ​ដល់​អ្នកដាំ»។

ក្នុង​ចំណោម​សព​ចំនួន​៤៤៧ ​ក្នុង​នោះ​មាន​ពី​១៨រាជធានី-​ខេត្ត ​រួមមាន ​ខេត្តកោះកុង​ចំនួន​២៨២សព ​ខេត្តកែប​២សព ​ខេត្តតាកែវ​១៨សព ​ខេត្តកំពង់​ស្ពឺ​៣៤សព ​ខេត្តសៀមរាប​១សព ​ខេត្តព្រះសីហនុ​៨សព ​ខេត្តកណ្តាល​៣០សព ​ខេត្ត​រតនគិរី​១សព ​រាជធានី​ភ្នំពេញ​៤សព ​ខេត្តពោធិ៍សាត់​២សព ​ខេត្តព្រៃវែង​៣សព ​ខេត្តស្វាយរៀង​ ៨សព ​ខេត្តបាត់ដំបង​១សព ​ខេត្តកំពង់ធំ​១សព ​ខេត្តក្រចេះ​១សព ​ខេត្តកំពត​៤២សព ​ខេត្តកំពង់ចាម​៥សព ​និង​ខេត្តកំពង់ឆ្នាំង​៤សព។

ទីលាន​ផ្នូរ​សព​អតីតយុទ្ធជន​នៅ​ខេត្តកោះកុង​នេះ ​ត្រូវបាន​សាងសង់​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ​សុទ្ធសាធ​ទាំងកូន​កាត់​បែប​បុរាណ ​និង​សម័យ ​ហើយ​ក្រុមការងារ​ជំនាញ​បានកែលម្អ​បន្ថែមទៀត​នូវ​រចនាប័ទ្ម​អង្គរ។ ប្រវត្តិ​ទីតាំង​នេះ​បាន​ដាក់​សាកសព​យុទ្ធពល ​ដែលពលី​ជីវិត​ ដើម្បី​បូរណភាព​ទឹកដី​នេះ ​តាំងពី​ខែកក្កដា ​ឆ្នាំ១៩៧៩​មក​ម្ល៉េះ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​យន្ត មីន៕