ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ថ្លែង​សារ​ទៅកាន់​អ្នក​សារព័ត៌​​មាន​ជិត​​ ៥​​ ពាន់​នាក់​ក្នុងជំនួប​ប្រចាំឆ្នាំ​ ២០២៣ ដោយ​លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​នូវ​ការពិត​ដោយ​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​ដើម្បី​ចូលរួម​​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កំណែទម្រង់​រដ្ឋ​ឱ្យមាន​តម្លាភាព​ដើម្បី​កសាង​សង្គម​កម្ពុជា​ឱ្យមាន​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​សេចក្ដីថ្លៃថ្នូរ​លើ​ឆាក​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​អ្នកសារព័ត៌មាន​ណា​ហ៊ាន​បញ្ចេញ​ការពិត​ដែលមាន​ភ័ស្តុតាង​គ្រប់គ្រាន់ បើសិនជា​មានរឿង​ក្តី​ខ្ញុំ​ទទួលខុសត្រូវ ទៅលើ​បញ្ហា​ការបញ្ជូន​មេធាវី​ការពារ​ក្តី​នៅ​តុលាការ ក៏ប៉ុន្តែ​ខ្ញុំ​នឹងមិន​បញ្ជូន​មេធាវី​ទៅ​ការពារ​ក្តី​ឱ្យ​សារព័ត៌មាន​ដែល​មួលបង្កាច់​គេ​នោះទេ​។ ខ្ញុំ​ទទួលយក​ការការពារ​ក្តី​ក្នុង​អង្គហេតុ និង​អង្គ​ច្បាប់​សមស្រប តែ​ខ្ញុំ​មិន​ទទួល​រឿងក្តី​ណា​ដែល​អ្នកសារព័ត៌មាន​ទៅ​បំផ្លាញ​គេ ហើយ​មក​ស្នើឱ្យ​ខ្ញុំ​បញ្ជូន​ [​មេធាវី​] ទៅ​ចូលរួម​គឺ​អត់​ទេ​»​។​

​លោកថ្លែងថា ស្ថាប័ន​សារព័ត៌មាន​ត្រូវបង្កើត​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ត្រូវបំពេញ​តួនាទី​ជា​ស្ពាន​ចម្លង​ផ្សារ​​ភ្ជាប់​ទំនាក់ទំនង​ពី​ស្ថាប័នរដ្ឋ​ទៅ​ប្រជាជន និង​ពី​ប្រជាជន​ទៅ​ស្ថាន​ប័នរ​ដ្ឋ​វិញ ទាំង​កម្មវិធី​នយោបាយ ទាំង​ការអនុវត្ត​ជាក់​ស្តែង​ដែល​តម្រូវឱ្យ​អ្នកសារព័ត៌មាន​ចូល​រួម​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​។

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា អ្នក​សារព័ត៌មាន​ត្រូវ​បន្ត​ចូលរួម​យុទ្ធនា​ការប្រយុទ្ធ​នឹង​ភាព​អសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និង​ភាព​អ​យុ​ត្តិ​ធម៌​នៅក្នុង​សង្គម​ដើម្បី​កសាង​កម្ពុជា​ជា​សង្គម​មួយ​ដែល​ស្អាតស្អំ និង​មាន​តម្លា​ភាព​។ អ្នកសារព័ត៌មាន​ក៏ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័​ត៌​មាន​ក្លែងក្លាយ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ​ដែល​បច្ចុប្បន្ន​តំណាង​សារព័ត៌​មាន​កម្ពុជា ក៏មាន​នៅក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​ជាតិ​អាស៊ាន​ដែល​តម្រូវឱ្យ​ស្ថាប័ន​ព័ត៌មាន​កម្ពុជា ធ្វើការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​កាន់តែ​សកម្ម​ថែមទៀត​។

​លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ប្រយុទ្ធ ឥឡូវ​ការប្រយុទ្ធ​របស់​យើង​ត្រូវយក​អ្វី យក​ការពិត​មក​បកស្រាយ​ភ្លាម ត្រូវធ្វើ​ឱ្យ​លឿន ធ្វើឱ្យ​រហ័ស និង​ធ្វើឱ្យ​ច្បាស់ មិនអាច​ទុកឱ្យ​ព័ត៌មាន​ក្លែងក្លាយ​វា​ស្ថិតនៅ​យូរ​ទេ ត្រូវ​ចេញ​បក​ស្រាយ​ភ្លាម​។ ទាក់ទង​ផ្នែក​ណា ផ្នែក​ហ្នឹង​ត្រូវ​ចេញមក​បក​ស្រាយ​ភ្លាម​»​។​

​លោក​ថ្លែងថា នៅក្នុង​ជំនួប​អាហារ​សាមគ្គី​រវាង​នាយក​រដ្ឋ​មន្ត្រី និង​អ្នកសារព័ត៌មាន​នៅ​ឆ្នាំនេះ បានធ្វើ​ឡើង​ចំពេល​ខួប​ ៣៨​ ឆ្នាំ ​នៃ​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ផង​ដែរ ហើយ​ក្រៅពី​អ្នកព័ត៌មាន ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អភិ​បាល​រាជធានី​-​ខេត្ត មន្ត្រី​អ្នក​នាំពាក្យ និង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​លើ​វិស័យ​សារព័ត៌មាន​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (CamboJa) ថ្លែង​នៅ​ថ្ងៃទី ១៥ ខែមករា​ថា លោក​សាទរ​ចំពោះ​ការបង្ហាញ​ឆន្ទៈ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ក្នុងការ​បញ្ជូន​មេធាវី​ការពារ​ក្តី​សម្រាប់​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​ផ្សាយ​ព័ត៌មាន​ដែល​បង្ហាញ​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ និង​ចំណុច​អសកម្ម​ក្នុងសង្គម​។ យ៉ាងណា​លោក​បាន​ទទូច​បន្ថែមទៀត សុំឱ្យ​រដ្ឋាភិបាល​ផ្តល់នូវ​ការ​គាំពារ​សុវត្ថិភាព​ឱ្យបាន​ពេញលេញ​សម្រាប់​អ្នកសារព័ត៌មាន កុំ​ទុក​ដល់ពេល​មាន​បញ្ហា​រួចហើយ​ទើប​បញ្ជូន​មេធាវី​ទៅ​ជួយ​។

​លោក​ថ្លែងថា​៖ «​គួរ​ធានាថា​មិនមាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ ត្រូវបាន​រារាំង និង​ទទួល​ការ​​គំរាមកំហែង​។ កន្លងមក​មាន​សមត្ថ​កិច្ច​ខ្លះ​លើក​ព្រនង់​ចង់វាយ​អ្នកសារព័ត៌មាន ដេញ​ប្រផាប់​ចាប់​ប្រ​ភីង យក​កាមេរ៉ា យក​ម៉ាស៊ីន​ថត លុប​រូបភាព​របស់​អ្នកសារព័ត៌មាន​។ ខ្ញុំ​គិតថា​ចំណុច​ហ្នឹង​សម្តេច​លោក​គួរ​ធានា​បន្ថែមទៀត​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង ដោយបាន​ណែនាំ​ក្រសួង​ព័ត៌មាន​ជំរុញឱ្យមាន​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​បានចេញ​នៅ​អាណត្តិ​ទី​៧ នៅក្រោយ​ការ​​បោះឆ្នោតជាតិ ឬ​អាច​ប្រាកដ​នៅ​ចន្លោះ​ឆ្នាំ​ ២០២៤ ឬ ២០២៥ ខាងមុខ​។​

​លោកថ្លែងថា​៖ «​ការយឺតយ៉ាវ​នេះ វា​មិនមែន​តែ​រឿង​ដាច់​ដោយ​​ឡែក បើ​យើង​គ្រាន់តែ​ប្រាប់​សិទ្ធិ​របស់​រដ្ឋ សម្រាប់​ការសម្រេច វា​ជា​ការងាយ​ទេ​។ វា​អត់​មានអី​លំបាក​ទេ រដ្ឋមន្ត្រី​ធ្វើ​រួចហើយ បញ្ជូនមក គណៈរដ្ឋមន្ត្រី​អនុម័ត​បញ្ជូនទៅ​សភា​អនុម័ត ក៏ប៉ុន្តែ​យើង​ចង់​ប្រមូលផ្តុំ​នូវ​មតិ​យោ​ប​ល់​ទាំងឡាយ ដើម្បីឱ្យ​ច្បាប់​ ១ ​នេះ​ចេញទៅ​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​»​។​

​លោក ​ហ៊ុន សែន ថ្លែង​ដោយ កត់សម្គាល់​ឃើញថា អង្គការ​​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បានធ្វើការ​ទាមទារ​ជ្រុល​ហួសហេតុ​ពេក ដែល​ការទាមទារ​ហួសហេតុ​នោះ​ហើយ ដែល​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ធ្វើការ​សម្របសម្រួល​។ បច្ចុប្បន្ន​ច្បាប់​នេះ​ក៏​កំពុងតែ​ដំណើរការ នៅក្នុង​ការពិភាក្សា​ទាក់ទង​នឹង​បទល្មើស ដែល​ត្រូវ​គាំទ្រ​ដោយ​ក្រសួងយុត្តិធម៌​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​នៅក្នុង​ជំនួប​នេះ​ផងដែរ​ថា ចំពោះ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ក្រសួង​ព័​ត៌​មានបាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ឆ្លង​សេចក្តីព្រាងច្បាប់​នេះ​បាន​ចប់​ជា​ស្ថាពរ និង​បាន​ដាក់ជូន​ក្រសួងយុត្តិធម៌​ពិនិត្យ​ផ្តល់យោបល់ និង​កែសម្រួល​ជំពូក​ដែល​ពាក់ព័ន្ធ​បទល្មើស​និង​ទោស​ប្បញ្ញត្តិ​នៅ​ដាច់​ឆ្នាំ​ ២០២០​។ នៅ​ចុងឆ្នាំ ​២០២១ ក្រុមការងារ​បច្ចេកទេស​ក្រសួង​​ព័ត៌មាន និង​ក្រសួងយុត្តិធម៌ បានបញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ពាក់​ព័ន្ធ​បទល្មើស និង​ទោស​ប្បញ្ញត្តិ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន បានជា​ស្ថាពរ ហើយ​បាន​ដាក់ជូន​លោក កើត​រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ និង​សម្រេច​។

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន សេចក្តីព្រាងច្បាប់​នេះ​កំពុងស្ថិត​នៅក្នុង​ដៃ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ និង​កែសម្រួល​។ ទន្ទឹមនេះ​ក្រសួង​ព័ត៌មាន កំពុង​សិក្សា​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដើម្បី​បន្ស៊ី​ច្បាប់​នេះ មាន​សង្គតិភាព​ទៅនឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​នានា ដែលមាន​ជា​ធរមាន និង​បទ​ប្បញ្ញត្តិ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​កំពុង​រៀបចំ​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​ក៏បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្លិប​អ្នកកាសែត​​កម្ពុជា សមាគម​អ្នក​សារព័ត៌​មាន​នានា និង​ដៃគូ​ពាក់ព័ន្ធ រៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​បណ្តុះបណ្តាល​ក្រមសីលធម៌​-​វិជ្ជាជីវៈ បច្ចេកទេស​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ឆ្នាំ​ ២០២១ ចំនួន​៩​លើក និង​ក្នុង​ឆ្នាំ ២០២២ បាន​ចំនួន ​១០ ​លើក ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​។

​លោក​ថ្លែងថា​៖ «​ក្រសួង​ព័​ត៌​មានបាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ប្រយុទ្ធប្រឆាំង លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​ឱកាសនិយម​ក្នុង​គោលបំណង​បង្កចលាចល​នៅក្នុង​សង្គម​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​ន​យោ​បាយ​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​ឯកជន​»​។​

​លោក​ថ្លែងថា នៅ​ឆ្នាំ​ ២០២២ មាន​សារព័ត៌មាន​បោះពុម្ពផ្សាយ​តាមបែប​ប្រពៃណី រួម​មានកា​សែត ព្រឹត្តិបត្រ ទស្សនាវដ្ដី ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​សរុប​មាន​ចំនួន ៦៦០ អង្គភាព​។ គេហទំព័រ និង​ទូរ​ទស្សន៍​អន​ឡាញ ចំនួន ៨៧៨ អង្គភាព វិទ្យុ FM ដែល​កំពុងដំណើរការ​ផ្សាយ​មាន​ចំនួន ២២០ ​ស្ថានីយ វិទ្យុជាតិ AM ចំនួន​ ១​ស្ថានីយ ទូរទស្សន៍ ផ្សាយ​ផ្ទាល់ ២០​ ស្ថានីយ និង​ផ្សាយ​បន្ត​មាន​ចំនួន ១៦៥ ស្ថានីយ ទូរទស្សន៍​ផ្កាយរណប​មាន​ចំនួន ២​ ស្ថានីយ ទូរទស្សន៍​ឌីជីថល​ ១០​ ស្ថានីយ​កំពុង​ធ្វើ​អា​​ជីវ​កម្ម​។ ចំណែក​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​វិទ្យុ ទូរទស្សន៍​បរទេស​ប្រចាំការ​អចិ​ន្រៃ្ត​យ៍​នៅ​កម្ពុជា មាន​ចំនួន ២៦ ​អង្គភាព និង​សមាគម​អ្នក​​សារព័ត៌មាន មាន ៥១ ​អង្គភាព​៕