ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅដល់​សា​ធា​រណ​រដ្ឋ​ម៉ា​ល់​ឌី​វហើយ នា​ថ្ងៃទី​ ១៥ ខែមករា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ​៣ ​ថ្ងៃ​នៅ​ប្រទេស​នេះ ដែល​គ្រោង​នឹង​បញ្ចប់​នា​ថ្ងៃទី​ ១៧ ខែមករា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង ២​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា​ធ្វើដំណើរ​ទៅដល់​សា​ធា​រណ​រដ្ឋ​ម៉ា​ល់​ឌី​វ ប្រកបដោយ​សុវត្ថិភាព​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​»​។​

​ប្រភព​ដដែល​បន្តថា​៖ «​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ត្រូវបាន​ទទួល​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​»​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វនា​ពេលនេះ​នឹង​ផ្ដល់​កាលានុវត្តភាព សម្រាប់​ភាគី​ទាំង​ ២ ធ្វើការ​ពិនិត្យមើល​ឡើងវិញ​នូវ​ដែន​វិសាលភាព​ទាំង​មូលនៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី រួមទាំង​ការស្វែងរក​អភិក្រម​ថ្មីៗ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម កា​រវិ​និយោគ ការតភ្ជាប់​សុខាភិបាល វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​​ប្រទេស និង​ប្រជាជន​ទាំង ​២​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង នា​ព្រឹក​ថ្ងៃទី​ ​១៥ ខែមករា ក្នុង​ដំណើរ​អម​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​ថា នេះ​គឺជា​ទស្សនកិច្ច​លើក​ទី​១ បន្ទាប់ពី​កម្ពុជា និង​ម៉ា​ល់​ឌី​វ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា មិន​ថា តែ​ប្រទេស​តូច​ឬ​ធំ​នោះទេ តែ​កម្ពុជា​ចង់​បង្កើត​មិត្ត ដោយ​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​អ្នកណា​ឡើយ​។

​លោក​បាន​ថ្លែងថា​៖ «​យើង​ត្រូវ​ការកសាង​ទំនុកចិត្ត​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​។​ដូច្នេះ​ទំនាក់ទំនង និង​ការប្រឹងប្រែង​របស់​សម្តេច​នៅពេលនេះ ពិតជា​នាំមក​នូវ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ទាំងនេះ​ថែមទៀត រួមទាំង​វិស័យ​ទេសចរណ៍ វិស័យ​សុខាភិបាល ផងដែរ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​កាលពី​ថ្ងៃទី​ ១៣ ខែមករា​ថា គណៈប្រតិភូ​ដែល​អមដំណើរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋា​ភិ​បាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា លោក ហ៊ុន សែន នឹងមាន​ជំនួប​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ លោក អ៊ី​ប្រា​ហ៊ីម ម៉ូ​ហា​មេ​ដ សូលី ដែល​ក្នុង​ឱ​កាស​នោះ ទិដ្ឋភាព​នានា​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​តំបន់ និង​អន្តរជាតិ នឹងត្រូវ​លើកយក​មក​ពិភាក្សា​។ បន្ទាប់ពី​ជំនួប​ថ្នាក់ដឹកនាំ​ទាំង​ ២ នឹង​ធ្វើជា​អធិប​តី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯក​សារ​មួយចំនួន​ស្ដីពី​កិច្ច​សហ​​ប្រតិបត្តិការ​ទ្វេភាគី​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គ្រោង​មាន​ជំនួប​ដាច់ដោយឡែក​ពីគ្នា ជា​មួយ​អនុ​ប្រធានាធិបតី ប្រធាន​សភា ប្រធាន​តុលាការ​កំពូល និង​រដ្ឋមន្ត្រីការបរទេស​នៃ​សា​ធារ​ណ​រដ្ឋ​ម៉ា​ល់​ឌី​វ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែមករា​ថា ដំណើរ​ទស្សនកិច្ច​នេះ ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ល្អប្រសើរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​ការទូត​របស់​កម្ពុជា ដោយ​លោក​មើលឃើញថា កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុង​គោលនយោបាយ​ការ​​បរទេស​ចម្រុះ​ពណ៌ និង​សមា​​ហ​រណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​សម្រាប់​កម្ពុជា​។​

​លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​នេះ បង្ហាញ​ពី​គោលនយោបាយ​ការបរទេស​ដ៏​ឆ្លាត​វៃ​ក្នុងការ​បង្កើត​មិត្ត​ខាង​ក្រៅ ខណៈពេលដែល​កម្ពុជា​ធ្វើការ​កែទម្រង់​នៅក្នុង​ប្រទេស​។ ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជួយ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២៕

វីដេអូ៖