កែបៈ ​វិទ្យា​ល័យ​ ប៊ុន រ៉ានី ​ហ៊ុន ​សែន ចរិយា​វង្ស ដែល​ជា​វិទ្យា​ល័យ​ ១ ក្នុង​ចំណោម​វិទ្យា​ល័យ​ទាំង​២​របស់​ខេត្ត​កែប​ កា​ល​ពី​ថ្មីៗ​នេះ​បាន​បន្ថែម​ការ​បង្រៀន​ជំនាញ​ថ្មីៗ​ដល់​សិស្ស​ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើ​បំ​ណិ​ន​ទាំង​នោះ ​សម្រាប់​រក​ចំណូល​ផ្ទាល់​ខ្លួន​ក្នុង​ការ​បន្ត​ការ​សិក្សា បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​។​

​បំ​ណិ​ន​ទាំង​នោះ​គឺ​ស្ថិត​ក្រោម​គម្រោង STEM Local របស់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​(​សាលា​តិច​ណូ​) ដែល​ការ​ដាក់​អនុវត្ត​គម្រោង​នេះ ​ជា​ការ​បណ្ដុះ​បំ​ណិ​ន​ដល់​សិស្ស​នៅ​ក្រៅ​ម៉ោង​សិក្សា​បន្ថែម ​ដើម្បីឱ្យ​សិស្ស​អាច​មាន​ជម្រើស​ការងារ​កាន់​តែ​ច្រើន​។​

​បើតាម​គ្រូ​បង្គោល ​១ ​រូប ​គម្រោង STEM Local ជា​គម្រោង​ផ្ដល់ឱ្យ​លោក​គ្រូ អ្នកគ្រូ​ដែល​បាន​ទទួល​បំ​ណិ​ន​នៅក្នុង​គម្រោង​មួយ​នេះ​ យក​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​នៅ​សា​លា និង​ដឹកនាំ​សិស្ស​ក្នុង​ការ​អនុវត្ត​បំ​ណិ​ន​ពី​វិធី​ស​ម្ងួ​ត​ផ្លែឈើ ​ដើម្បី​រកប្រាក់​ចំណូល​សម្រាប់​សិស្ស បន្ទាប់​ពី​ការ​សិក្សា​។​

​ក្រៅពី​ការផ្ដល់​បំ​ណិ​ន​នេះ​ដល់​សិស្ស​ហើយ វិទ្យា​ល័យ ​ប៊ុន រ៉ានី ហ៊ុន​ សែន ចរិយា​វង្ស គឺ​បាន​បង្កើត​កម្មវិធី​នាំ​សិស្ស​ឱ្យ​សន្សំ​ប្រាក់​សម្រាប់​បម្រុង​ទុក​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បន្ត​ការ​សិក្សា​ថ្នាក់​សាកល​វិទ្យា​ល័យ​ទៀត​ផង​។

​លោក រិ​ន ប៊ុន​រដ្ឋ ដែល​ជា​គ្រូ​បង្រៀន​១​រូប​នៅ​វិទ្យា​ល័យ​នេះ​បាន​ឱ្យដឹង​ថា លោក​មាន​ភារកិច្ច​ជា​គ្រូ​បង្គោល​ក្នុងការ​ដឹក​នាំ​សិស្ស​ស​ម្ងួ​ត​ផ្លែឈើ​ រួមជា​មួយ​នឹង​គ្រូ​បង្គោល​ចំនួន​៣​រូប​ផ្សេង​ទៀត ហើយ​ក្រៅពី​បំ​ណិ​នស​ម្ងួ​ត​ផ្លែឈើ​នេះ​ សាលា​មាន​បំ​ណិ​ន​ផ្សេ​ងទៀត​ដូច​ជា ការផលិត​ទឹក​សណ្ដែក នំ​ឃុ​ក​ឃី និង​ការ​ចិញ្ចឹម​មាន់​ដែល​ជា​គម្រោង​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​

​លោក រិ​ន ប៊ុន​រដ្ឋ បាន​បញ្ជាក់ថា​​៖ «​មុននឹង​ក្លាយជា​គ្រូដឹក​នាំ ខ្ញុំ​បានទ​ទួល​ការ​បណ្ដុះប​ណ្ដាល​ទាក់​ទង​នឹង​បំ​ណិ​នស​ម្ងួ​ត​ផ្លែឈើ​ដូចជា ​ស្វាយ ​និង​ប៉េង​ប៉ោះ​ជាដើម​។ សម្រាប់​បំ​ណិ​ន​នេះ ខ្ញុំ​យល់​ថា​ល្អ​ដល់​សិស្ស ​ពីព្រោះ ក្រៅពី​ម៉ោង​សិក្សា​រដ្ឋ សិស្ស​អាច​ឆ្លៀត​ពេល​រក​ប្រាក់​ចំណូល​ប​ន្ថែ​ម​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពី​គ្រួ​សារ​បាន​»​។​

​ដោយឡែ​ក ចំពោះ​បំ​ណិ​ន​នេះ សា​លា​មាន​បង្រៀន​ត្រឹមតែ ​២ ទៅ ​៤ ​ម៉ោង​ប៉ុណ្ណោះ ហើយ​អនុវត្ត​ជាក់​ស្ដែង​យកតែ​ម្ដង​។ រីឯ​សិស្ស​ដែល​ចូលរៀន​ហើយ​យក​ទៅអ​នុវត្ត​នោះ​គឺ​ធ្វើ​ទៅតាម​គោល​ការណ៍​ស្ម័គ្រចិត្ត​ដោយ​គ្រូ​បង្គោល​រូបនេះ​អះអាង​ថា កន្លង​មក​មាន​សិស្ស​ចាប់​អារម្មណ៍​ច្រើន​។​

​យ៉ាង​ណាមិ​ញ ផលិត​ផល​ដែល​សិស្ស​ធ្វើ​ដំបូង​នឹងត្រូវ​លក់​ឱ្យ​សិស្ស​និង​លោកគ្រូ​-​អ្នកគ្រូ​នៅ​ក្នុង​សាលា ​មុននឹង​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ ​ប៉ុន្តែ​យ៉ាង​ណា លោ​ក រិ​ន ប៊ុន​រដ្ឋ ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ការ​កែច្នៃ​ផ្លែឈើ​កំពុង​ស្ថិត​ក្នុងការ​ផលិត​ដែល​មាន​ទំហំ​តិច​តួច​នៅ​ឡើយ មិ​នទាន់​មាន​ទីផ្សារ​នាំ​ចេញ​លក់​ក្រៅ​សាលា​នៅ​ឡើយ​ទេ​។

សកម្មភាពសិស្សនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ខេត្តកែប ថ្មីៗនេះ ។ រូបថត សហការី

​ម្យ៉ាង​ទៀត ​ដោយ​សារតែ​បញ្ហា​ទីតាំង​ផលិត​ និង​ការ​រក្សាទុក​ផលិត​ផល​មិន​ទាន់​មាន​ស្ដង់ដា ​ខណៈ​បច្ចុប្បន្ន​ភាគី​ពាក់​ព័ន្ធ​កំពុង​ខិត​ខំ​ពង្រឹង​គុណ​ភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​គ្រូ​បង្គោល រិ​ន ប៊ុន​រដ្ឋ ។​

​កញ្ញា ​ហ៊ លីកា សិស្ស​វិទ្យា​ល័យ ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស និង​ជា​អ្នក​ដែល​បាន​ចូលរៀន​បំ​ណិ​ន​នេះ ​បាន​ឱ្យដឹង​ថា កញ្ញា​បាន​រៀន​ផ្នែក​ស​ម្ងួ​ត​ស្វាយ​ និង​ប៉េង​ប៉ោះ ដែ​ល​មក​ទល់ពេលនេះ​ កញ្ញា​បាន​ចូលរួម​អនុវត្ត​អស់​រយៈពេល​៥​ខែ​ហើយ​។​

​យុវ​សិស្ស​រូបនេះ​ប្រាប់​ថា​៖ «​ផលិត​ផល​របស់​ពួក​ខ្ញុំ​លក់​ចេញ​បាន​ខ្លះៗ​ហើយ ដោយ​ក្រុម​របស់​ពួក​ខ្ញុំ​ជា​អ្នក​លក់​ផ្ទាល់​តែម្ដង​។ សម្រាប់​ការ​សន្សំ​ប្រាក់ ​គឺ​ខាង​សាលា​របស់​ខ្ញុំ​នឹង​មាន​វិធាន​ការ​សន្សំ​សម្រាប់​សិស្ស​ក្នុង​ការបន្ត​ការ​សិក្សា ដែល​ពេលនេះ​កំពុង​តែ​ពិភាក្សា​គ្នា​រវាង​សិស្ស និង​លោក​គ្រូ​នាយក​»​។​

​កញ្ញា ​ហ៊ លីកា បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កម្មវិធី​បណ្ដុះ​បំ​ណិ​ន​នេះ ​គឺជា​រឿង​ដែល​ល្អ ដោយ​សារតែ​វា​អាច​ជួយ​ផ្តល់​បទ​ពិសោធ​ន៍​ថ្មីៗ​ដល់​សិស្ស​ ជួយ​ឱ្យ​សិស្ស​រកប្រាក់​ចំណូល​បាន​បន្ថែម​ទៀត ​ជួយ​ឱ្យ​សិស្ស​ចេះ​ធ្វើ​ទីផ្សារ​ដោយ​ខ្លួន​ឯង ឱ្យ​សិស្ស​មាន​ជំនាញ​ផ្ទាល់​ខ្លួន ​និង​ជា​ពិសេស​ជួយ​ឱ្យ​សិស្ស​ចេះ​សន្សំ​ប្រាក់​ទុក​បន្ត​ការ​សិស្ស​នៅ​ពេល​ខាង​មុខ​ទៀត​។​

​ជា​មួយ​គ្នានេះ​ លោក ឡឹ​ក ហាប់ នាយក​វិទ្យា​ល័យ ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ​បាន​ឱ្យដឹង​ថា សកម្ម​ភាព​បង្រៀន​បំ​ណិ​ន​ដល់​សិស្ស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ចុង​ឆ្នាំ​២០២២ ដោយ​សារ​មើល​ឃើញ​ថា សិស្ស​នឹង​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​ពី​ការ​សិក្សា​បាន​។​

​ជា​មួយ​គ្នា​នេះ ​លោក ឡឹ​ក ហាប់ ក៏បាន​អំពាវ​នាវ​ឱ្យមាន​កា​រចូល​រួម​គាំទ្រ​ផលិត​ផល​របស់​សា​លា ​ដែល​ស្មើនឹង​ការ​ជួយ​គាំទ្រ​ដល់​សិស្ស​ក្នុងការ​រកប្រាក់​ចំណូល​សម្រាប់​រៀន​បន្ត​។ សម្រាប់​ សហ​គមន៍ លោក​ក៏​សុំឱ្យ​មានការ​ចូលរួម​ជា​ទុន​ឬ​ជា​វិភាគ​ទាន​ដើម្បី​ទ្រទ្រង់​សកម្ម​ភាព​មួយ​នេះ​ឱ្យ​រលូន​និង​ជួយ​ផ្សព្វ​ផ្សាយ​ពី​ការធ្វើ​នំ ធ្វើ​ទឹក​សណ្ដែក ​ចិញ្ចឹម​មាន់ ​ក៏ដូចជា​​ជួយ​រក​ទីផ្សារ​ក្នុង​សហ​គមន៍​ឱ្យជួយ​ទិញ​ផលិត​ផល​ពី​សិស្សានុ​សិស្ស​ដែល​ផលិត​បាន​ផង​ដែរ​៕