​សៀមរាបៈ ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​បាន​ដើរ​​តួនាទី​១​​ ផ្នែក​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​កសាង​កម្ពុជា​សម្រាប់​អនាគត​ថ្មី និង​សេចក្តីសង្ឃឹម​ថ្មី​សម្រាប់​វិស័យ​មីន ដែល​រាជ​​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលដៅ​កម្ពុជា​អស់​មីន​ត្រឹម​ឆ្នាំ​ ២០២៥​។​

​កម្ពុជា​ក៏បាន​បង្កើត​នូវ​ប្រវត្តិ​សាស្ត្រ​យ៉ាងច្រើន​ក្នុង​ការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា និង​ឈានទៅ​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ​។​

​នេះ​ជាការ​ថ្លែង​ឡើង​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុ​ប្រធាន​ទី​១ អាជ្ញាធរ​មីន នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​ ១៦ មករា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹក​នាំ​គម្រោង​បោសសម្អាត​មីន​របស់​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការ​អភិ​វឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ (SDC Project Steering Committee Meeting)​។

​កិច្ចប្រជុំ​នេះ រៀបចំឡើង​ដោយ​អង្គការ HALO Trust ប្រចាំ​កម្ពុជា នៅ​ទីស្នាក់ការ​ខេត្ត​សៀមរាប ដោយមាន​ការចូល​​រួម​ពី​មន្ត្រី​ស្ថានទូត​សំខាន់ៗ មួយចំនួន​ផងដែរ​។​

​លោក​លី ធុជ បាន​ថ្លែងថា​៖ «​នា​កិច្ចប្រជុំ​នោះ​ខ្ញុំ​បាន​លើក​ឡើង​ជម្រាប​ប្រាប់​ដៃគូ​អភិវឌ្ឍន៍​អំពី​ផែនការ​បោសសម្អាត​មីន​របស់​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការងារ​បោសសម្អាត​មីន​ដែល​នៅសល់​ចំនួន​ ៦៤៨ ​គីឡូម៉ែត្រ​ការ៉េ និង​ប្រកាស​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ហើយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន​ដែលជា​សេនាធិការ​បានដាក់​ចេញ​នូវ​ផែនការ​បោស​​សម្អាត​មីន​យ៉ាងច្បាស់​លាស់ ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​បោស​សម្អាត​មីន​ជាតិ​​អន្តរជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​»​។​

​បើតាម លោក លី ធុជ នៅ​ចុងឆ្នាំ ២០២៣ តំបន់​ដែល​មិនទាន់​បោសសម្អាត​មីន ចំនួន ២៣៧​ គីឡូម៉ែត្រ​ការ៉េ​នឹងត្រូវ​សម្អាត​ដែល​តាម​ការប៉ាន់ស្មាន​ថា ប្រតិបត្តិការ​នេះ​ត្រូវការ​ថវិកា​រហូតដល់​ ៧០ ​លាន​ដុល្លារ​។

​លោក​បាន​បញ្ជាក់ថា​៖ «​វា​ច្បាស់​ណាស់​ថា ឆ្នាំ ​២០២២ គឺជា​ឆ្នាំ​ដ៏​ធំ​មួយ​។​សកម្មភាព​មីន​មនុស្សធម៌​រយៈពេល​ ៣០ ឆ្នាំ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ និង​ទទួលបាន​សមិទ្ធផល​គួរឱ្យភ្ញាក់ផ្អើល​ដែល​កើតចេញពី​ការច្នៃប្រឌិត ការប្តេជ្ញាចិត្ត និង​ការអនុវត្ត​មេរៀន​ដែល​បាន​រៀន​»​។​

​លោក លី ធុជ បាន​បន្ថែមទៀតថា ក្រុមការងារ​នឹង​បន្ត​រៀន និង​អនុវត្ត វា​មិន​ត្រឹមតែ​ការអនុវត្ត​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អនុវត្ត​ឆ្លងកាត់​ព្រំដែន និង​ប្រទេស ឆ្លង​មហាសមុទ្រ​ផងដែរ​ដោយ​កម្ពុជា​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​។​

​សូម​រំឭក​ដែរ​ថា រយៈពេល​ ៣០​ ឆ្នាំ​សហគមន៍​អន្តរជាតិ​បានធ្វើការ​រួមគ្នា​ជាមួយនឹង​ប្រទេស​​កម្ពុជា ដោយបាន​បោសសម្អាត​ដី​ដែលមាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​ប្រមាណ ២ ៥៥៤ ​គីឡូម៉ែត្រ​ការ៉េ ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ខែធ្នូ ឆ្នាំ​ ២០២២​។ រីឯ​ដី​ដែល​រំដោះ​បាន​ទាំងនោះ​ត្រូវបាន​ប្រគល់ជូន​សហគម​ន៍​វិញ​ដើម្បី​ប្រើប្រាស់​ក្នុង​គោលដៅ​ផ្សេងៗ​ដូចជា កសិកម្ម ការតាំង​លំនៅ​ថ្មី ផ្លូវ​​ថ្នល់ សាលារៀន និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ផ្សេងៗ​ទៀត​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​បោសសម្អាត​មីន​របស់​ទី​ភ្នា​ក់​ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ​ក៏មាន​ការចូលរួម​ពី​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​, លោក Dominic Williams ឯកអគ្គ​រដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​,​លោក Markus Buerli​នាយក​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍន៍​និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​,​លោកស្រី ប៊ុត រតនា តំណាង HD R& D និង​លោក Miles Hawthorn នាយក​អង្គ​ការ HALO Trust ប្រចាំ​កម្ពុជា​ផងដែរ​៕