សៀមរាបៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា បានប្រកាស​ពី​គម្រោង​បោសសម្អាត​មីន​លើ​ផ្ទៃដី​ប្រមាណ​ ៤១១​ គីឡូម៉ែត្រ​ក្រឡា​ក្នុង​ឆ្នាំ​ ២០២៣ តាម​ថវិកា​ទទួលបាន​ពី​គម្រោង សម្ដេច​តេ​ជោ​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ និង​ដៃគូ​អភិវឌ្ឍន៍​។​

​លោក​លី ធុជ ក្នុង​ពិធី​អបអរសាទរ​ការប្រកាស​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ ជា​ក្រុង​-​ស្រុក អស់​មីន កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ លោក​លី ធុជ ថ្លែងថា កងកម្លាំង​បោសសម្អាត​មីន​របស់​អង្គការ HALO Trust​បានបញ្ចប់​ការងារ​បោសសម្អាត​មីន​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ ដោយ​ជោគជ័យ ក្នុង​ទំហំ​ផ្ទៃដី​សរុប ៩៤៦ ៥១២​ម៉ែត្រក្រឡា​។ គម្រោង​បោសសម្អាត​មីន​នេះដែរ ក៏​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ស្រុក​ចំនួន​២​បន្ថែមទៀត​ក្នុង​ខេត្តសៀមរាប​នេះ គឺ​ស្រុក​ពួក និង​ស្រុក​ស្រីស្នំ​។

​លោក លី ធុជ ថ្លែងថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​គ្រោង​នឹង​ប្រកាស​ខេត្ត​ចំនួន​១២​ទៀត ជា​ខេត្ត​អស់​មីន​ក្នុងនោះ​មាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរជន​នានា​។​

​ឆ្នាំ​២០២២ យោងតាម​ការប៉ាន់ប្រមាណ​របស់​មន្ត្រី​ជំនាញ​ខាង​មីន បានឱ្យដឹងថា សកម្មភាព​បោសសម្អាត​មីន​រហូតមកដល់​ឆ្នាំ​២០២២ ផ្ទៃដី​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មាន​ទំហំ​ប្រមាណ ២ ៥៥៤​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​រួច ហើយ​បាន​រកឃើញ និង​កម្ទេចចោល​នូវ មីន​ប្រឆាំង​មនុស្ស​ចំនួន​១ ១៥៣ ២១៧​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦ ១៣៥​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣ ០៣៤ ៧២៧​គ្រាប់ ព្រមទាំង​បានផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុ​ជាជាង​៩​លាន​នាក់​ទៀតផង​។

​បើតាម​អាជ្ញាធរ​មីន មាន​រាជធានី​-​ខេត្ត​ចំនួន​៦ បានប្រកាស​អស់​មីន​រួចហើយ ដូចជា​ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក លី ធុជ ថ្លែង​ទៀតថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់លោក​នាយករដ្ឋមន្ត្រី កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥ គឺ​នៅសល់​រយៈពេល​តែ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​បញ្ចប់​ការងារ បោសសម្អាត​មីន​ឱ្យអស់ ដែល​ក្នុងនោះ​ទំហំ​ផ្ទៃដី​មាន​មីន​នៅសល់​មាន​ទំហំ​ប្រមាណ ៦៤៨​គីឡូម៉ែត្រ​ក្រឡា​។​

​លោក​បាន​ថ្លែងថា​៖ «​អាជ្ញាធរ​មីន សហការ​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បានរៀបចំ​ឱ្យមាន​ផែនការ​ច្បាស់លាស់​ផងដែរ ដោយ​ចាប់ផ្ដើម​ការ​បោសសម្អាត​មីន​ដែល​យើង​បានដឹង​ឱ្យអស់​ពី​ភូមិ​១​ទៅ ភូមិ​១ ពី​ឃុំ​១​ទៅ​ឃុំ​១ ពី​ស្រុក​១​ទៅ​ស្រុក​១ និង​ពី​ខេត្ត​១​ទៅ​ខេត្ត​១ ហើយ​សម្រាប់​ឆ្នាំ​២០២៣​នេះ ផ្ទៃដី​មាន​មីន​ប្រមាណ​ជា ៤១១​គីឡូម៉ែត្រ​ក្រឡា ក៏​គ្រោង​នឹង​ធ្វើការ​បោសសម្អាត​ផងដែរ​»​។​

​លោក​ថ្លែងថា ទោះបី​បញ្ហា​មីន​ត្រូវបាន​ដោះស្រាយ​ចប់​ត្រឹម​ឆ្នាំ​២០២៥ ប៉ុន្តែ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដូចជា​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ក៏មាន​ទំហំធំធេង​ណាស់ដែរ ដែល​អាជ្ញាធរ​មីន​មិនអាច​ដោះស្រាយបាន​អស់​ត្រឹម​ឆ្នាំ​២០២៥​ឡើយ​។

​ នា​ពិធី​នោះដែរ លោក​លី ធុជ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់​នៅតាម​តំបន់​នៅមាន​ហានិភ័យ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវ​ចូលរួម​អនុវត្ត​ការការពារ​ខ្លួន កុំ​ឱ្យមាន​គ្រោះថ្នាក់​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​នានា​។​

លោក លី ធុជ ថ្លែងថា បើ​ឃើញ​គ្រាប់មីន ឬ​វត្ថុ​អ្វីដែល​សង្ស័យថា ជា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មិនត្រូវ​ប៉ះពាល់ ឬ​ដំ ឬ​ដុត ឬ​កាយ និង​គប់​លេង​នោះទេ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត​។ កុំ​ប្រើប្រាស់​ដី និង​កុំ​ចូលក្នុង​តំបន់​ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់ ឬ​សង្ស័យថា​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រោះ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ ធ្លាក់ខ្លួន​ពិការ ឬ​បាត់​បង់ជីវិត​។

​លោក​ថ្លែងថា​៖ «​ការទិញ លក់ រក្សាទុក ឬ​កែច្នៃ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​អំពើ​ល្មើសច្បាប់​»​។​

​ អង្គការ HALO Trust មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩១ ដោយបាន​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងទៀត​ពី​សង្គ្រាម​អស់​រយៈពេល ៣០​ឆ្នាំ​មកហើយ​។

​លោក Miles Hawthorn នាយក​អង្គការ HALO Trust ប្រចាំ​កម្ពុជា បានឱ្យដឹងថា ទីស្នាក់ការ​កណ្តាល​រប​ស់ អង្គការ HALO គឺ​នៅ​ខេត្តសៀមរាប ដែលមាន​បុគ្គលិក​ខ្មែរ​ចំនួន ១ ២០០​នាក់ ធ្វើការ​ងារ​លើ​ការសង្គ្រោះ​ជីវិត នៅ​ទូទាំងប្រទេស​។​

​ លោក​ថា​៖ «​វា​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​១​ក្នុងការ​ធ្វើឱ្យ​ដី​មាន​សុវត្ថិភាព​នៅក្នុង​ខេត្ត​កំណើត​របស់​យើង ដែលមាន​បុគ្គលិក​ក្នុងស្រុក​ជាច្រើន​នាក់ និង​គ្រួសារ​របស់​ពួកគេ​រស់នៅ និង​ធ្វើការ​»​។​

​នៅ​ឆ្នាំ​២០២៣ អង្គការ HALO នឹង​បញ្ចប់​ស្រុក​ដែល​គ្មាន​មីន​ចំនួន​២ បន្ថែមទៀត គឺ​ស្រុក​ស្រីស្នំ​ដែលមាន​នៅសល់​ផ្ទៃដី​ដែលមាន​មីន​ទំហំ​១៥៥​ហិកតា និង​ស្រុក​ពួក ចំនួន​២៧៤​ហិកតា​។​

​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​ផងដែរ​ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ជា​មិត្ត​នានា និង​អង្គការ​ដៃគូ​ជាច្រើន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បោសសម្អាត​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងៗ​។​

​ លោក​បាន​ថ្លែងថា នៅ​ខេត្តសៀមរាប ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ចាប់ពី​ឆ្នាំ​១៩៩២​រហូតដល់​ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​បោសសម្អាត​ចម្កា​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​លើ​ផ្ទៃដី​សរុប​ជាង​៨៨​លាន​ម៉ែត្រក្រឡា ស្មើនឹង​ជាង​៨ ០០០​ហិកតា នៅក្នុង​ខេត្តសៀមរាប​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។​

​លោក ទៀ សីហា ថ្លែងថា ផែនការ​ក្នុង​ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ​ដោះមីន​ត្រូវការ​បោសសម្អាត​មីន ចំនួន ១២២​ទីតាំង លើ​ផ្ទៃដី​ទំហំ​ជាង​៩​លាន​ម៉ែត្រក្រឡា​៕