កំពង់ស្ពឺៈ ​រដ្ឋបាល​ស្រុក​បសេដ្ឋ បាន​សម្រេច​ផ្អាក​ជាបន្ទាន់​នូវ​សកម្មភាព​ធ្វើការ​ទិញ​លក់ដី​ដោយ​ខុស​ច្បាប់ និង​សកម្មភាព​បើក​ទឹក​បង្គោក​​អាង​ទំនប់​​តានួន និង​អាង​ទំនប់​តា​ដែង ក្នុង​ឃុំ​ពោធិ៍​ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ បន្ទាប់ពីត្រូវ​បានព្រមានដោយអង្គភាពប្រឆាំងអំពើពុករលួយ (អបព) ។

លោក សៅ រិទ្ធ​ អភិបាលរង​ និងជាអ្នកនាំពាក្យរដ្ឋបាលស្រុកបសេដ្ឋ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករាថា បន្ទាប់ពីទទួលបាន​លិខិតពី អបព កាលពី​រសៀលថ្ងៃទី ១៦ ខែមករា រដ្ឋបាលស្រុកបានធ្វើការកោះ​ប្រជុំនៅព្រឹកថ្ងៃទី ១៧ ខែមករា ដើម្បីចេញ​លិខិតផ្លូវការសម្រេចផ្អាកសកម្មភាពទាំង២ករណី​តាមអ្វីដែល អបព បានស្នើសុំ។

លោកបន្តថា ក្នុងនោះរដ្ឋបាលស្រុកបានជូនលិខិតទៅ លោកស្រី វន់ ឈើវិនគី អានសាយណាវ ឱ្យបញ្ឈប់ជាបន្ទាន់ការប្រមូល​ទិញ​ដីដោយ​ខុស​ច្បាប់ ដោយមានលោក ស៊ិន សារុន នាយករដ្ឋបាល​ស្រុក ជាអ្នករៀបចំយកដីរបស់រដ្ឋ​ក្រោមការគ្រប់គ្រងរបស់​មន្ទីរ​បរិស្ថាន​ខេត្ត​លក់​ឱ្យឈ្មួញ។ លិខិត១ទៀត​របស់​រដ្ឋបាលស្រុកបានជូនដំណឹង​ទៅលោក លោក ស៊ិន សារុន ឱ្យបញ្ឈប់ជាបន្ទាន់ នូវការ​បើក​បង្គោក​ទឹកក្នុងអាងទំនប់ទឹកទាំង២នោះ។

អ្នកនាំពាក្យរដ្ឋបាលស្រុកបសេដ្ឋបានឱ្យដឹងថា ថ្នាក់ដឹកនាំស្រុកមិនបានដឹងថា មានករណីលួចចូលទិញដីដោយខុសច្បាប់​នេះមាន​ចំនួនប៉ុន្មានហិកតានោះទេ ប៉ុន្តែបើតាមមើលដីនៅក្នុងអាងទឹកមានប្រហែល ១៦០ ហិកតា ក្នុងនោះមានគេបោះ​ពង្គោលពង្រីក​យកដីពិតប្រាកដមែន។

លោកថ្លែងថា៖«អាងហ្នឹងយើងមើលទៅឃើញមានករណីបោះបង្គោលពង្រីកដើម្បីយកដីរដ្ឋលក់ យើងមើលទៅឃើញមានមែន ហើយបោះបង្គោលហ្នឹង យើងក៏មិនមែនឱ្យដក​ទើបតែថ្ងៃហ្នឹងទេ យើងបានឱ្យដកចេញមួយសារួច​មក​ហើយប៉ុន្តែនៅតែមាន​ទៀត ហើយរឿង ថា គេឃុបឃិតយ៉ាងណានោះ គណៈអភិបាលស្រុកអត់បានដឹងទេ»។

លោក សៅ រិទ្ធ​ ប្រាប់ថា អាងទឹកទាំង២នោះ ទី១ គឺអាងទំនប់តានួន មានទីតាំងនៅភូមិតានួន ឃុំពោធិ៍ម្រាល និងអាងទី២ គឺអាងទំនប់តាដែង ស្ថិតក្នុងភូមិតាដែង ឃុំពោធិ៍ម្រាល នៃស្រុកបសេដ្ឋ។ អាងទាំងនេះ ប្រជាជនបានអាស្រ័យផល​ប្រើប្រាស់​សម្រាប់នេសាទត្រី ដកព្រលឹត យកទឹកធ្វើស្រែប្រាំង និងយកទឹកប្រើប្រាស់ផ្សេងៗ។

លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អបព កំពុង​ធ្វើការស្រាវ​ជ្រាវ​​ពាក់ព័ន្ធករណី​នៃការលក់ដូរដី ដែលអាចជាដីសាធារណៈរបស់រដ្ឋ ហេតុនេះដើម្បីកុំឱ្យប៉ះពាល់ដល់ការងាររបស់អង្គភាព ទើបអង្គភាព ធ្វើការជូនដំណឹងទៅគណៈអភិបាលស្រុកបសេដ្ឋ ក៏ដូចជានាយករដ្ឋបាលស្រុក ឱ្យបញ្ឈប់សកម្មភាពនោះ។

លោកថ្លែងថា៖«យើងមិនទាន់សរុបពីការងារហ្នឹងទាំងអស់ទេ ឥឡូវនេះវានៅក្នុងដំណាក់កាលស៊ើបអង្គេត អ៊ីចឹងអត់ឱ្យមានរឿង មក​ប៉ះពាល់ទេ បើគាត់នៅធ្វើរឿងហ្នឹងទៀត វាធ្វើឱ្យការស៊ីបអង្គេតកាន់​តែស្មុកស្មាញជាងហ្នឹង»។ ​

អ្នកនាំពាក្យ អបព បញ្ជាក់ថា ដោយសារ អបព ​កំពុងបន្តការងារស៊ើប​អង្គេត ហេតុនេះមិនទាន់អាចប្រាប់អំពីទំហំដី ទីតាំង រឿងវ៉ាវជុំវិញការលួចលក់ដីរដ្ឋនេះឱ្យច្បាស់លម្អិត​បានទេ។

ភ្នំពេញប៉ុស្តិ៍មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ស៊ិន សារុន នាយករដ្ឋបាលស្រុកបសេដ្ឋបានទេ នៅរសៀលថ្ងៃទី ១៨ ខែ​មករា ដោយសារទូរស័ព្ទចូល​តែ​មិនមានអ្នក​ទទួល​។ ចំណែកលោកស្រី វន់ ឈើវិន គីអានសាយណាវ មិនអាចស្វែងរក​ប្រភព​ទំនាក់​ទំនងបានទេ។ ​

តាមលិខិតរបស់ អបព ជម្រាបជូនអភិបាលស្រុកបសេដ្ឋកាលពីថ្ងៃទី ១៦ មករា បានឱ្យដឹងថា អបព ​បានស្នើសុំផ្អាកសកម្មភាព​អនុញ្ញាតឱ្យលោកស្រី វន់ ឈើវិន គីអានសាយណាវ ក្នុងការប្រមូលទិញដី​ដោយ​ខុសច្បាប់ ​និងសុំឱ្យ លោក ស៊ិន សារុន នាយក​រដ្ឋ​​​បាលស្រុក បញ្ឈប់សកម្មភាពបើកទឹកបង្គោកអាង ដើម្បីធ្វើការវាស់វែងយកដីលក់។ អបព បានព្រមានថា ក្នុងករណី​លោក​អភិបាល​ស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំងនេះ ​អបព នឹងស្នើអាជ្ញាធរ តាមឋានានុក្រមពាក់ព័ន្ធ​ផ្អាកជាបណ្តោះ​អាសន្ន​នូវ​មុខងារបស់​លោកអភិបាលស្រុក៕