ភ្នំពេញៈ​ មន្ទីរពេទ្យ​ព្រះអង្គដួង​បានធ្វើ​ការវះកាត់ ព្យាបាល​ជំងឺ​គ​ថ្លង់​ពី​កំណើត​ឱ្យ​ស្តាប់ឮ និង​ចេះ​និយាយបាន​ដោយ​ជោគជ័យ​ ១០០% បាន​ចំនួន ៤៩ ត្រចៀក ស្មើនឹង​មនុស្ស ​៣៦ ​នាក់​គិត​ចាប់​​ពី​ឆ្នាំ ​២០១៨ រហូតមកដល់​ដើមឆ្នាំ​ ២០២៣​នេះ​។ នេះ​បើតាម​លោកស្រី​វេជ្ជបណ្ឌិត យស សុ​ភ័​ណ្ឌ អនុប្រធាន​ទី​១ ​ផ្នែក​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​

​លោកស្រីបានឱ្យដឹង​នៅ​ថ្ងៃទី ១៧ ខែមករា​ថា ការវះកាត់​ទទួលបាន​ជោគជ័យ​ក្នុងពេល​កន្លងទៅ​ចំនួន ៤៩ ត្រចៀក​នេះ មាន​ក្មេង​អាយុ​ទាប​បំផុត​ត្រឹម​ ៣​ ឆ្នាំ ហើយ​ក្នុងនោះ​ក៏មាន​មនុស្ស​ចាស់​មួយ​​ចំនួន​ផងដែរ​។ ភាពជោគជ័យ​មាន​ភាគរយ​ខ្ពស់​ទៅតាម​ក្មេង ក្នុងនោះ​មាន​ក្មេង​ខ្លះ​ដែល​ធ្លាប់​ស្តាប់ឮ​ខ្លះ​ពី​កំណើត នៅពេលដែល​ដាក់បញ្ចូល​ម៉ាស៊ីន​ភ្ញោ​ច​សំឡេង​ គឺអាច​ឆាប់​និយាយបាន​ច្រើនជាង​ក្មេង​ដែល​មិន​ធ្លាប់បាន​ស្តាប់ឮ​សោះ​។

​លោកស្រី​ថ្លែងថា​៖ «​ក្មេង​ភាគ​ច្រើន ​គឺ​ក្រោយពេល​វះកាត់​ហើយ​គាត់​មក​រៀន​និយាយ​នៅ​ពេទ្យ​យើង​ទៀត​។ អ៊ីចឹង​គាត់​អាច​ប្រា​​ស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ​គាត់​បាន ទោះបីជា​កាត់​មិនចេះ​ពាក្យ​បាន​ច្រើន ប៉ុន្តែ​ពាក្យ​សាមញ្ញ​ក្នុងផ្ទះ គឺ​គាត់​ចេះ គាត់​ស្គាល់ឈ្មោះ​អ្នកផ្ទះ ចេះ​ហៅ​ឈ្មោះ​អ្នកផ្ទះ អ្វីដែល​សាមញ្ញ​ក្នុង​ជីវ​​ភាព​រស់នៅ​ប្រចាំថ្ងៃ​ គឺ​គាត់​អាច​ប្រើ​បាន​»​។

លោកស្រី​វេជ្ជបណ្ឌិត​បន្តថា ជាទូទៅ​មុន​ការវះកាត់​គ្រូពេទ្យ​តែងតែ​ពន្យល់​អាណា​​ព្យាបាល​ក្មេងៗ អំពី​ស្ថានភាព​ជំងឺ​កូនៗ ឬ​សាច់ញាតិ​របស់​ពួក​គាត់ ហើយ​នៅក្រោយ​ការវះកាត់​ត្រូវការ​ប្រើ​ម៉ាស៊ីន​ភ្ញោ​ច​ឱ្យឮ​សំឡេង និង​ជួយ​ថែរក្សា​ម៉ាស៊ីន​ដែល​នៅក្នុង​ក្បាល​អ្នកជំងឺ និង​យក​អ្នកជំងឺ​មក​បង្រៀន​និយាយ​នៅ​មន្ទីរពេទ្យ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ពួក​ខ្ញុំ​មានការ​សហការ​ជាមួយ​កូរ៉េ យើង​បង្កើតជា​មជ្ឈមណ្ឌល​ ១ ដើម្បី​ជួយ​បង្រៀន​ក្មេង​ដែល​វះកាត់​ហើយ​ឱ្យ​គាត់​ចេះ​និយាយ ព្រោះ​ម៉ាស៊ីន​ជា​ផ្នែក ​១ ​នៃ​វិទ្យាសាស្ត្រ​ដែល​យើង​ដាក់​ទៅក្នុង​ត្រចៀក​ដើម្បី​ភ្ញោ​ច​សំឡេង​ពី​ក្រៅ​ឱ្យ​គាត់​ឮ អ៊ីចឹង​នៅពេល​គាត់​ឮ​សំឡេង​ហើយ​យើង​ត្រូវការ​ ១ ​តង់​ទៀត ​គឺ​បង្រៀន​គាត់​ឱ្យ​ចេះ​និយាយ​»​។

​លោកស្រី យស សុ​ភ័​ណ្ឌ ប្រាប់ថា នៅ​មន្ទីរពេទ្យ​ព្រះអង្គដួង​មាន​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់ ដែល​អាចធ្វើ​តេស្ត​ក្មេង​តាំងពី​ទើប​កើត​ង៉ា​ឱ្យដឹងថា គ​ថ្លង់​ឬ​អត់ ហើយ​ឧបករណ៍​ទំនើប​សម្រាប់​ធ្វើតេស្ត​ក្មេង​តូចៗ​ដែល​ប្រទេស​រីកចម្រើន​គេ​មាន​ក៏​កម្ពុ​ជាមាន​ផងដែរ​។ ហេតុនេះ​មន្ទីរពេទ្យ​អាច​ឆាប់​ធ្វើការ​វិនិច្ឆ័យ​បាន ហើយ​ក្មេងៗ ក៏​ឆាប់​បានទទួល​ការ​វះ​កាត់​ព្យាបាល​ផងដែរ​។ បច្ចុប្បន្ន មាន​ក្មេងៗ​ខ្លះ​ឪពុកម្តាយ​នាំយកមក​ពិនិត្យ​ធ្វើការ​ព្យាបាល​តាំងពីក្មេងៗ​នៅ​បី​នឹង​ដៃ​ក៏មាន​។

​លោក​ លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ឱ្យដឹង​នៅ​ថ្ងៃទី ​១៧ ខែមករា​ថា ការវះកាត់​កា​រគ​ថ្លង់​ពី​កំណើត​ជា​រឿង​សំខាន់ណាស់ ហើយ​នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​ធ្វើការ​វះកាត់​បាន​ដោយ​ជោគជ័យ ចំពោះ​កា​រគ​ថ្លង់​ឱ្យ​ស្តាប់ឮ និង​និយាយបាន​វិញ​។

ក្រោយពី​បាន​វះកាត់​ចំណុច​ល្អ ​គឺអាច​ស្តាប់​បាន ដោយ​ដាក់​ម៉ាស៊ីន​ផ្សំ​ចូលទៅក្នុង​ត្រចៀក ហើយ​នៅពេល​អាច​ស្តាប់​បាន​គេ​ត្រូវ​ចំណាយពេល​រៀន​និយាយ​តាម​ពេលវេលា​ជាក់ស្តែង និង​ទៅតាម​ស្ថានភាព​នៃ​អ្នក​ដែល​បាន​វះកាត់ យ៉ាងណា ការវះកាត់​បាន​ជោគ​ជ័យ​ភាគច្រើន​បាន​ចំពោះ​ក្មេងៗ អាយុ​ ២​ ឬ​ ៣​ ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ក្មេងៗ​ជោគជ័យ​លឿន​នៅក្នុង​ការរៀន​និយាយ បើ​មនុស្ស​ចាស់​និយាយ​ទៅ​បែរជា​ដំឡាន់ៗ​អត់​ច្បាស់ គាត់​ស្តាប់​បាន ​ប៉ុន្តែ​គាត់​និយាយ​ដំឡាន់ៗ​នៅពេល​គាត់​ធំ​ហើយ ប្រហែល​ពិបាក​ក្នុងការ​ពត់​អណ្តាត​»​។ បើតាម​លោក​ លូ លី​ឃាង ចំនួន ៤៩ ត្រចៀក​ដែល​បាន​វះកាត់​ទទួលបាន​ជោគជ័យ​នេះ គិត​ចំនួន​មនុស្ស​មាន​ចំនួន ៣៦ ​នាក់ ​មានន័យថា មាន​អ្នក​​ខ្លះ​បាន​វះកាត់​ដាក់​ម៉ាស៊ីន​ភ្ញោ​ច​សំឡេង​ទាំងសងខាង និង​ខ្លះ​ដាក់​តែ​ត្រចៀក​ម្ខាង​ប៉ុណ្ណោះ​៕​