ភ្នំពេញៈ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល ​បាន​លើកឡើង​ពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ​ដោយ​ខ្លួន​ឯង ​ក្នុង​ករណី​សង្ស័យ​ថា​ ឆ្លង​វីរុស​កូវីដ ​ដែល​ការធ្វើ​តេស្ត​បែបនេះ​ គឺ​ជា​ការជួយ​សង្គ្រោះ​ និង​មាន​ការថែ​ទាំ​ព្យាបាល​ខ្លួនឯង​ឱ្យ​បាន​ទាន់​ពេល​វេលា។

លោកស្រី​ឱ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​និង​ជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​(គ.វ.ក-១៩) ​បាន​លើកឡើង​ កាល​ពី​ថ្ងៃទី​១៨​ ខែមករា​ ថា​ បច្ចុប្បន្ន​ វីរុស​កូវីដ១៩ ​មិនទាន់​ទៅ​ណា​ឆ្ងាយ​​ទេ ​ហើយ​ពពួក​អូមីក្រុង​បំប្លែង​ខ្លួន​ថ្មីៗ ​ក៏​កំពុងតែ​ចរាចរ​នៅលើ​សកលលោក​ និង​នៅ​ក្នុង​តំបន់​ផងដែរ។

លោកស្រី​ថ្លែង​ថា​៖«ដើម្បី​ជួយ​ដល់​ការថែទាំ​សុខភាព​ និង​ព្យាបាល​បានទាន់​ពេលវេលា ​ព្រមទាំ​ងការពារ​ផល​ប៉ះ​ពាល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ១៩ ​ប្រសិនបើ​លោក​អ្នក​មាន​រោគសញ្ញា​សង្ស័យ ​សូម​កុំភ្លេច​ប្រញាប់​ធ្វើតេស្ដ​រហ័ស​ដោយ​ខ្លួនឯង ​ដើម្បី​ពិនិត្យ​រក​វត្តមាន​វីរុស​កូវីដ១៩​ឱ្យបាន​លឿន»។

លោកស្រី​ឱ វណ្ណឌីន ​បន្ថែមថា ​ក្នុង​ករណី ​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ ​ត្រូវ​ដាក់ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ចៀសវាង​ការចម្លង​បន្ត​ទៅ​ក្រុមគ្រួសារ ​ឬ​ទៅ​អ្នក​ដទៃ។ ត្រូវ​ធ្វើការ​ថែទាំ ​និង​ព្យាបាល​ខ្លួន​ឱ្យបាន​ឆាប់​រហ័ស ​ដើម្បី​ចូលរួម​កាត់បន្ថយ​បាន​ជាអតិបរមា ​នូវ​ការចម្លង​បន្ត ​និង​ការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​ភាពធ្ងន់ធ្ងរ ​ព្រម​ទាំង​អាច​សន្សំ​សំចៃ​ថវិកា​ពី​ការចំណាយ​លើ​ការថែទាំ​ព្យាបាល​ជំងឺ​ធ្ងន់​ផង​ដែរ។​

នា​ឱកាស​សែន​ដូនតា ​និង​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ ​ប្រជាពលរដ្ឋ​ទាំងអស់ ​បន្ត​ការប្រុងប្រយ័ត្ន ​និង​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូវីដ១៩ ​ដោយ​អនុវត្ត​ជាចាំបាច់​នូវ​វិធានការ ​៣ការពារ ​និង​៣កុំ ​និង​បន្ត​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដូស​ជំរុញ​ នៅ​ពេលដល់​វេន​ឱ្យបាន​ត្រឹមត្រូវ​តាម​ពេល​វេលា។ នេះ​បើ​តាម​លោកស្រី​ឱ វណ្ណឌីន។

លោកស្រី​បញ្ជាក់ថា​៖«សូម​កុំភ្លេច ​ការធ្វើ​តេស្ត​រហ័ស​ដោយ​ខ្លួនឯង ​គឺ​ជួយ​សង្គ្រោះ​ខ្លួនឯង ​ឱ្យ​មាន​ការថែទាំ ​និង​ព្យាបាល​បាន​ទាន់​ពេលវេលា​ ធ្វើ​តេស្ត​រហ័ស ​និង​ព្យាបាល​រហ័ស ​ជាមធ្យោបាយ​ដ៏ល្អ​ជួយ​អាយុ​ជីវិត​លោក​អ្នក​ពី​សត្រូវ​អត់​ស្រមោល​កូវីដ១៩»។

ទន្ទឹម​នឹងនេះ ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការសាងសង់​មន្ទីរពេទ្យ​ជាតិ​«តេជោ​សន្ដិភាព»​ និង​សំណេះ​សំណាល​ជាមួយ​ក្រុមការងារ​សាងសង់ ​នា​ថ្ងៃទី​១៩ ​មករា​ លោក​នៅ​តែបន្ត​ក្រើន​រំឭក​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការការពារ​ពី​កូវីដ ​ដោយសារ​វា​នៅតែ​មាន ​ប៉ុន្តែ​ដោយសារ​ការគ្រប់គ្រង​បាន​ល្អ​ ទើប​មិនមាន​ការឆ្លង​ច្រើន​ដូច​មុន​ឡើយ។

លោក​ក៏​បានបញ្ជាក់​ដែរ​ថា​៖«[ផលវិបាក]​នាពេល​កន្លងមក ​បាន​ផ្តល់​មេរៀន​ឱ្យយើង​ថា ​យើង​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍​បានទាន់​ពេលវេលា ​ប្រសិនបើ​មាន​ការផ្ទុះ​ឡើង​វិញ ​នូវ​ការឆ្លង​ណាមួយ​កើតឡើង​នោះ។ បញ្ហា​សុខភាព​ប្រជាជន ​គឺ​ជាគោលដៅ​ចម្បង​មួយ ​ក្នុង​ចំណោម​គោលដៅ​អាទិភាព ​ដែល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​សម្រាប់​ការពិនិត្យ ​និង​ព្យាបាល​ប្រជាជន​របស់​យើង»។

សូម​បញ្ជាក់ថា​អគារ​«មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព» ​មាន​ចំនួន​១១អគារ ​ដែល​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន ​ស៊ីជេអុីស៊ី ​CJEC​ .co, Ltd ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បើក​ការដ្ឋាន​សាងសង់ ​កាលពី​ថ្ងៃទី១៤ ​ខែកុម្ភៈ ​ឆ្នាំ២០២២។​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​រួចជា​ស្ថាពរ ​និង​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ​នៅ​ខែមិថុនា​ឆ្នាំ២០២៣ ​ដែល​មកដល់​ពេលនេះ​ សាងសង់​បាន​ប្រមាណ​ជា​៨០ភាគរយ​ហើយ៕