ភ្នំពេញៈ រាជរដ្ឋាភិបាល​តាម​​រយៈ​ក្រសួង​ការងារ បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៨៨ ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​ ៩០០ ​នាក់ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសារ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​​ជីវៈ​ចុះ​ថ្ងៃទី ​១៨ មករា​ បានឱ្យដឹងថា ការផ្តល់ជូន​សាច់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៨៨ ​នេះ មានកម្ម​ករ​និ​យោ​​ជិត​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៨៦៦​ នាក់ នៃ​សហគ្រាស​ទាំង ១២ នៃ​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ជុំ​ទី៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​សេចក្តីជូនដំណឹង​បន្តថា ធនា​​គារ​ឯកទេស​វី​ង នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​ប​ស់រាជ​​រដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​កម្មករ​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហ​​គ្រាស​នាពេល​កន្លងមក​។​

​ប្រាក់ឧបត្ថម្ភ​នេះ​ នឹងត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​ក្នុងនោះ​កម្មករនិយោជិត​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់​ចំនួន ១២១ ៥០០ រៀល​ (៣០ ដុល្លារ​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ពី ១១ ថ្ងៃ ដល់ ២០ ថ្ងៃ និង​ទទួលបាន ១៦២ ០០០ រៀល (៤០ ដុល្លារ​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ ថ្ងៃ​ ដល់​ ១​ ខែ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ទេស​ចរណ៍​កម្ពុជា​លោក ហូ វណ្ឌី មានប្រសាសន៍ថា ការបន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍​នាពេលនេះ គឺជា​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​ជួយ​សម្រួល​ដល់​ការបើក​ដំណើរការ​ឡើងវិញ​។  

​លោក​បន្តថា ទោះបី​វិស័យនេះ​ហាក់​បាន​ងើប​ឡើងវិញ​បន្តិច​មែន ប៉ុន្តែ​នៅតែ​ជួប​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ដដែល​។ លោក​ថា​៖ «​នេះ​ជាការ​លើកទឹកចិត្ត​ទៅដល់​ពួកគាត់​ពីព្រោះ ការបើក​ដំណើរការ​ឡើងវិញ​មិនទាន់មាន​ផលចំណេញ​នៅឡើយ​ទេ​ក្នុង​វិស័យនេះ​។ យើង​ឃើញ​ហើយ​វិស័យនេះ បាន​លិចលង់​ជាង​ ២ ​ឆ្នាំ ដូច្នេះ​ការ​ស្រោចស្រង់​នៅក្នុង​វិស័យនេះ​ឡើងវិញ ត្រូវ​ប្រើ​ពេលវេលា​បន្តទៀត​»​។ លោកបន្តទៀត​ថា ប្រសិនបើ​ករណី​កូ​វីដ ​១៩ មិន​បន្ត​ឆ្លង​រាល​​ដាល​នៅលើ​ពិភពលោក មិនមាន​ដាក់​រនាំង​ការឆ្លង​ដែន មិន​បង្អាក់​នូវ​សេវាកម្ម​ផ្សេង ឬ​មិនមាន​គ្រោះធម្មជាតិ​ទេនោះ វិស័យ​ទេសចរណ៍ នឹង​វិលត្រឡប់​មករក ភាពប្រក្រតី​ឡើងវិញ​នៅ​ឆ្នាំ ២០២៤ ឬ​ ២០២៥ ខាងមុខ​។​

​ក្រសួង​ការងារ បាន​រំឭកថា ធនាគារ​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​កម្មករ ខកខានមិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល​ ១០ ​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​វី​ង​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ កម្មករ​ត្រូវយក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរស័ព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​ហើយ​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។​

​ក្នុងករណី​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​សហគ្រាស​ទាំង ១២ នេះ មិនបាន​ទទួល​សារ​តាម​ទូរស័ព្ទ​ពី​ធនាគារ​វី​ង សូម​ទំនាក់​​ទំនង​សួរ​ព័ត៌មាន​បន្ថែម​ ឬ​ធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​លេខ​ទូរស័ព្ទ ទៅ​រដ្ឋបាល​សហគ្រាសរ​បស់​ខ្លួន​៕