ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ចាត់ទុក​ «​មន្ទីរ​​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» ​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​ដែល​កំពុងដំណើរការ​សាងសង់ ​គឺជា​មន្ទីរពេទ្យ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ​ដែលមាន​សមត្ថភាព​ផ្ទុក​គ្រែ​បាន​ចំនួន​ជិត ​១ ​ម៉ឺន​គ្រែ​។​

​ជាមួយគ្នានេះ លោក​ក៏បាន​សម្រេច​ឱ្យ​ជ្រើសរើស​គ្រូពេទ្យ​ ២០០ ​នាក់ ​និង​បុគ្គលិក​ជាប់កិច្ចសន្យា ​៣០០ ​នាក់​បន្ថែមទៀត​ ​សម្រាប់​បម្រើការ​ងារ​នៅ​មន្ទីរ​ពេទ្យ​នេះ​។​

​លោក​លើកឡើងថា ដោយ​​សារ​បញ្ហា​សុខភាព​ប្រជាជន​ គឺ​​ជា​គោលដៅ​ចម្បង​មួយ​ក្នុងចំណោម​គោលដៅ​អាទិភាព ដែល​រាជរដ្ឋាភិបាល​ត្រូវ​ដោះ​​ស្រាយ​សម្រាប់​ការពិនិត្យ និង​ព្យាបាល​ប្រជាជន ​ទើប ​«​យើង​សម្រេច​កសាង​មន្ទីរពេទ្យ​នៅ​ទី​នេះ ​ដែល​សមត្ថភាព​ទទួល​រហូត​ទៅដល់​ជិត​ ១​ ម៉ឺន​គ្រែ ដែល​អាច​ចាត់ទុកថា​ជា​មន្ទីរពេទ្យ បើ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​មន្ទីរ​​ពេទ្យ​នេះ​ គឺ​ធំជាងគេ​ទាំងអស់​»​។​

​ក្នុង​ឱកាសលោក​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​មន្ទីរ​ពេទ្យ​នេះ ​ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ​នា​ថ្ងៃទី ​១៩ ខែមករា លោក ហ៊ុន សែន លើកឡើងថា មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​ហៅថា ពេទ្យរុស្ស៊ី​ គឺ​ស្មើនឹង ​១០ ​ដង នៃ​ចំនួន​គ្រែ​របស់​ «​មន្ទីរពេទ្យជាតិ​តេ​ជោ​សន្ដិភាព​» នេះ​។​

លោក​បាន​ដកស្រង់​ការបញ្ជាក់​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល​ថា មន្ទីរពេទ្យ​នៅ​ភ្នំពេញ​ដែលមាន​សមត្ថភាព​ទទួល​អ្នកជំងឺ​ខ្ពស់បំផុត​ គឺ​ត្រឹមតែ​ ៥ ០០០ ​នាក់ តែប៉ុណ្ណោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​​ឡើង​ពី​គោលដៅ​ដើម​នៃ​ការ​កសាង​មន្ទីរពេទ្យ​នេះ​ថា ​គឺ​សម្រាប់​​គ្រប់គ្រង​នៃ​ការផ្ទុះ​នៃ​ជំងឺឆ្លង ប៉ុន្តែ​ឥឡូវនេះ​ទោះបី​មិនមាន​ជំងឺឆ្លង​ក៏ដោយ​ក៏​មន្ទីរពេទ្យ​មានការ​បំពាក់​គ្រែ​ចំនួន​ប្រមាណ​ជាង ២ ០០០​ គ្រែ​ នៅក្នុង​អគារ ​១ ​សម្រាប់​ជំងឺឆ្លង​ ដើម្បី​បម្រុង​ទុក ព្រោះ​អ្នកមាន​ជំងឺ​កូ​វីដ ​១៩ មិនអាច​យកទៅ​ព្យាបាល​តាម​មន្ទីរពេទ្យ​នានា​នោះ​ដូច​កាល​​ពីមុន​នោះទេ​។

​លោក​ថ្លែងថា​៖ «​ឥឡូវនេះ​ គឺ​យើង​អាច​ផ្ទេរ​អ្នកជំងឺ​នោះមក​កាន់​ទីនេះ​វិញ ដែលមាន​តម្រូវការសម្រាប់​ការព្យាបាល​កូ​វីដ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បញ្ហា​អ្នក​ជំងឺ​នេះ​មន្ទីរពេទ្យ​ទាំងនោះ ឱ្យ​ទៅ​ព្យាបាល​ជំងឺ​ធម្មតា​»​។​

​ទីតាំង​មន្ទីរពេទ្យ​ដែល​ធំជាងគេ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ១៩ មករា​។ រូបថត SPM

​ជាមួយគ្នានេះ​លោក ហ៊ុន សែន បាន​លើកឡើងថា ចាប់ពី​ឆ្នាំនេះ​​ទៅ វិស័យ​អប់រំ និង​សុខាភិបាល គឺជា​វិស័យ​ដែល​ទទួលបាន​អាទិភាព​ខ្ពស់​ជាងគេ​ ដើម្បី​អភិ​​វ​ឌ្ឍ​ធនធានមនុស្ស និង​សុខ​​ភាព​សាធារណៈ ស្រប​ពេលដែល​​សង្គម​កម្ពុជា​មានការ​ជឿនលឿន​ដែលមាន​តម្រូវការ​ផ្នែក​ទាំងនេះ​។

លោក​ថា ជាទូទៅ​សង្គម​មួយ​ដែលមាន​ការ​ជឿន​លឿន​ គឺ​តម្រូវ​ការ​ផ្នែក​វិស័យ​អប់រំ សង្គមកិច្ច ​និង​ផ្នែក​សុខាភិបាល សម្រាប់​ប្រទេសមួយ​។

​លោក​បាន​ថ្លែងថា​៖ «​ថវិកា​​ឆ្នាំ​ ២០២៣ ​នេះ គឺ​ថវិកា​បម្រើឱ្យ​មនុស្ស​តែម្តង ហើយ​ចាប់​​ពី​ពេលនេះ​តទៅ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល គឺជា​វិស័យ​ដែល​ទទួលបាន​អាទិភាព​​ខ្ពស់​ជាងគេ​។ ក្រសួង​នានា​ គឺ​កាត់បន្ថយ​នៃ​ការជ្រើសរើស​បុគ្គលិក ជួនកាល​ចូលនិវត្តន៍ ៥ ​នាក់ ជ្រើសរើស​មកវិញ​តែ ២ ​ឬ ​៣ ​នាក់​ទេ ប៉ុន្តែ​សម្រាប់​គ្រូ​​ពេទ្យ​ឆ្នាំ​កន្លង​ទៅឱ្យ​ជ្រើសរើស ៣​ ពាន់​នាក់​» ។​

​លោក​បញ្ជាក់​បន្ថែមថា ការ​វិនិយោគ​លើ​វិស័យ​ទាំងនេះ គឺ​ជា​រឿង​ល្អ​សម្រាប់​សង្គម​កម្ពុជា ព្រោះ​វា​ទាក់ទង​នឹង​ការវិនិយោគ​ធនធានមនុស្ស និង​ការពារ​ជីវិត​មនុស្ស​។​ ​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ជាតិ «​តេ​ជោ​សន្ដិភាព​» វិញ លោក ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​មាន​អនុប្រធាន​ចំនួន ​៥ ​រូប និង​សម្រេច​ឱ្យ​ជ្រើសរើស​ពេទ្យ​ចំនួន​ ២០០ ​នាក់​បន្ថែមទៀត សម្រាប់​បម្រើការ​ងារ​នៅ​មន្ទីរពេទ្យ «​តេ​ជោ​សន្តិភាព​»​។ ជាមួយគ្នា​នោះ​លោក​ក៏បាន​អនុញ្ញាត​ផ្តល់​បុគ្គលិក​ជាប់កិច្ចសន្យា​ចំនួន​ ៣០០ ​នាក់ សម្រាប់​មន្ទីរ​​ពេទ្យ​ជាតិ​នេះ ខណៈ​មន្ទីរពេទ្យ​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​​ជំងឺ​បាន​រហូត​ទៅដល់​ជិត ​១ ​ម៉ឺន​នាក់​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព លោក យង់ គិ​ម​អេង បាន​ថ្លែងថា វិស័យ​ទាំង​ ២​ នេះ​ ពិតជា​ដើរតួនាទី​សំខាន់ ដែលជា​វិស័យ​ស្នូល​នៅក្នុង​ប្រទេស​​កម្ពុជា ពីព្រោះ​ការអភិវឌ្ឍ​ប្រ​​ទេស​ឱ្យបាន​ជឿនលឿន​វា​ពឹង​​ផ្អែកទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលមាន​គុណ​​ភាព​ខ្ពស់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រ​សិន​បើ​យើង​ធ្វើឱ្យ​វិស័យ​អប់រំ​ល្អប្រសើរ ក៏​យើង​អាច​កាត់​​បន្ថយ​អ្នកមាន​លុយកាក់​ច្រើន​ទៅ​សិក្សា​នៅ​សាលា​ឯកជន​ ឬ​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​ប្រ​​ទេស​ជិតខាង​ដែល​ចំណាយលុយ​ច្រើន​។ ដូច្នេះ​បើ​វិស័យ​អប់រំ​យើង​ល្អ គឺ​លុយ​នេះ​នឹង​នៅក្នុង​ស្រុក ហើយ​រឿង​សុខា​​ភិ​បាល​ក៏​ដូចគ្នា​ដែរ យើង​ឃើញ​ថា លុយ​ចេញទៅ​ប្រទេស​ជិត​​ខាង​ច្រើនណាស់ ហើយ​ប្រសិន​​បើ​យើង​អាច​រៀបចំ​បាន ស្តារ​វិស័យ​សុខាភិបាល​បាន គឺ​លុយ​នេះ​នឹង​ចូល​រដ្ឋ​ច្រើន​។ យើង​ដឹង​ហើយ​ថា អ្នកមាន​លុយ​​កាក់​សឹងតែ​មិនសូវ​ចូល​ពេទ្យ​នៅ​ស្រុក​ខ្មែរ​ទេ គឺ​នាំគ្នា​សម្រុក​ទៅ​ពេទ្យ​ក្រៅប្រទេស​»​។​

​លោក​បន្ថែមថា រឿង​សំខាន់បំផុត​នៅពេល​យើង​ចង់​ពង្រឹង​វិស័យ​អប់រំ គឺ​ត្រូវ​បំបាត់​ឱ្យបាន​នូវ​ការរៀន​គួរ ដោយ​លោក​ចាត់ទុកថា វា​ជា​បញ្ហា​ធំ​សម្រាប់​សិស្ស ដែល​ពេលនោះ​គ្រូៗ​នឹង​ប្រើ​ម៉ោង​បង្រៀន​ក្នុង​សាលា​កាន់តែ​មាន​ភាព​ហ្មត់ចត់​។ ចំពោះ​វិស័យ​សុខាភិបាល​វិញ លោក​ថា ជាដំបូង​ត្រូវ​កែប្រែ​ក្រមសីលធម៌​គ្រូពេទ្យ​ដែល​តែងតែ​ប្រើ​ពាក្យសម្ដី​មិន​សម​រម្យ ចំពោះ​អ្នកជំងឺ ដែល​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​សង្គម រួម​នឹង​ការបំពាក់​ឧបករណ៍​ទំនើបៗ និង​តម្លៃ​សមរម្យ ទើប​ពលរដ្ឋ​ងាក​មករក​សេវា​សុខាភិបាល​ក្នុងស្រុក​វិញ​។​

​យោង​សេចក្តីព្រាងច្បាប់​ស្តី​​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​គម្រោង​ចំណាយ​ថវិកា​ចំនួន​ ៣៩ ២០៦ ២០៥​ លាន​រៀល (​ប្រហែល​ ៩,៦ ​ពាន់​លាន​ដុល្លារ​) ​ស្មើនឹង​ ២៩,៨៧% នៃ​ផលិត​​ផល​ក្នុងស្រុក​សរុប (​ផសស​) ​មាន​កំណើន​១៣% ធៀប​នឹង​ច្បាប់​ឆ្នាំ ​២០២២​។ ក្នុងនោះ ​វិស័យ​ចំនួន ​៣ ដែល​ទទួល​​បាន​ថវិកា​ច្រើនជាងគេ រួមមាន ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល និង​ក្រ​​សួង​ការពារជាតិ​៕