មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​កន្លែង​បន្លំ (​កក​ប​) ប្រចាំរាជធានី​ភ្នំពេញ បាន​រកឃើញ បង្គា​ប្រមាណ ២០០ ​គីឡូក្រាម ចាក់​បញ្ចូល​សារធាតុ​ចាហួយ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព ខណៈ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ​ស្រប​ពេលដែល​វិស័យ​ម្ហូបអាហារ​កើនឡើង​។

​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ដែល​នឹង​ចូលមក​ដល់ មន្ត្រី​សាខា កប​ប ប្រចាំរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​ត្រួតពិនិត្យ​ស្តង់​លក់​ផលិតផល​សមុទ្រ​ស្រស់ នៅ​ម្តុំ​ត្រឡោកបែក រាជធានី​ភ្នំពេញ ដើម្បី​យក​គំរូ​មក​វិភាគ​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​។

​ប្រភព កប​ប បានឱ្យដឹងថា យោង​លទ្ធផល​វិភាគ​បឋម​ដោយ​ឧបករណ៍​ដែល​បំពាក់​លើ​រថយន្ត​ពិសោធន៍​ចល័ត ចំពោះ​គំរូ​ផលិតផល​ចំនួន ៤០ បានបង្ហាញ​ឱ្យឃើញថា ពុំមាន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ទេ​។ ទោះ​យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​បាន​យក​គំរូ​ផលិតផល​ទាំង​នោះមក​វិភាគ​នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​បន្ថែមទៀត ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​។​

​ជាមួយគ្នានេះដែរ មន្ត្រី​សាខា​ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ត្រួតពិនិត្យ​ផលិតផល​បង្គា​ស្រស់ ដែល​កំពុង​ដាក់លក់​តាម​បណ្តា​ស្តង់ និង​បាន​រកឃើញ​បង្គា​ចំនួន ១៨០ គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ CMC (​ចាហួយ​)​។

​កក​ប បញ្ជាក់ថា ក្រោយ​រកឃើញ​បែបនេះ មន្ត្រី​ជំនាញ បាន​អនុវត្ត​នីតិវិធី​ពិន័យ​អន្តរការណ៍ រឹបអូស​ទំនិញ​ទាំង​នោះមក​កម្ទេចចោល​ផងដែរ​។​

​សូមបញ្ជាក់ថា សារធាតុ CMC (​ចាហួយ​) ជា​សារធាតុ​ដែល​ឈ្មួញ ខិលខូច​មួយចំនួន តែង​យកមកប្រើ​ប្រាស់​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ផលិតផល​បង្គា​ស្រស់ ដើម្បី​បង្កើន​ទម្ងន់ ក្នុង​គោលបំណង​កឹ​ប​កេង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​។

​ស្រប​ពេលដែល​វិស័យ​ម្ហូបអាហារ​ត្រូវបាន​កើនឡើង​ទៅតាម​កំណើន​ប្រជាពលរដ្ឋ កក​ប អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​នូវ​ម្ហូបអាហារ​ដែល​មិនមាន​អនុលោមភាព​សម្រាប់​សុខភាព​ផងដែរ​។

​តួយ៉ាង កាលពី​ថ្ងៃទី​១៦ និង​១៧ ខែមករា ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ​ផ្នែក​ម្ហូបអាហារ​របស់​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ដែលមាន​នៅតាម​បណ្ដា​សាខា​រាជធានី​-​ខេត្ត បាន​បន្ត​ការត្រួតពិនិត្យ​យ៉ាងសកម្ម​ក្នុង​ទីផ្សារ ជាពិសេស​ទំនិញ​មាន​ហានិភ័យ​ដែល​ចូល​តាម​ច្រកព្រំដែន​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ការពារ និង​ទប់ស្កាត់​រាល់​ទំនិញ​មិនមាន​អនុលោមភាព​សម្រាប់​អ្នកប្រើប្រាស់​។

​ការត្រួតពិនិត្យ​នេះ​គឺធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្តសៀមរាប ។

​កប​ប បញ្ជាក់ថា តាម​លទ្ធផល​នៃ​ត្រួតពិនិត្យ​គឺ​បាន​រកឃើញ​ទំនិញ​មិនមាន​អនុលោមភាព​ចំនួន ៤៦៨,៤៥​គីឡូក្រាម ដោយ​មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​មក​រក្សាទុក​ដើម្បី​កម្ទេចចោល និង​ពិន័យ​អន្តរការណ៍​ស្រប​នឹង​ច្បាប់​ដែល​មានចែង​ផងដែរ​៕