​ក្រសួងទេសចរណ៍ បាន​ជូនដំណឹង​ថា មាន​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ចំនួន ០៥ ក្រុមហ៊ុន បានស្នើ​សុំ​បិទ​អាជីវកម្ម​ទេសចរណ៍​រួមមាន ទីភ្នាក់ងារ​ទេសចរណ៍ អេ​ស៊ា ខន​នើ​រ ត្រា​វែ​ល (ASIA CORNER TRAVEL, LTD.), ការី​ទេសចរណ៍ ប៊ី​យ៉​ន ប​ឌើ​រ ត្រា​វែ​ល អេ​ន ធួរ ឯ​.​ក (BEYOUND BORDERS TRAVEL AND TOURS CO., LTD),​ការី​ទេសចរណ៍ ហ្គូ​ដ ធួរ & អ៊ែរ ឯ​.​ក (GOOD TOURS & AIR CO., LTD.),​ការី​ទេសចរណ៍ ខូ​រៀ អេ​ស៊ា ត្រា​វែ​ល (KOREA ASIA TRAVEL) និង ការី​ទេសចរណ៍ មេរុ ធួរ (MERU TOUR) ។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ ចុះ​ថ្ងៃទី​២០ ខែមករា បាន​បញ្ជាក់ថា ក្រសួង​នឹង​ដំណើរការ​តាម​នីតិវិធី​ក្នុងការ​អនុញ្ញាតឱ្យ​បិទ​អាជីវកម្ម​ការី​ទេសចរណ៍ និង​ភ្នាក់ងារទេសចរណ៍ ក្នុង​រយៈពេល​១​ខែ​ទៀត ដោយ​ទុក​លទ្ធភាព​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សាធារណជន​ទាំងអស់​ធ្វើការ​តវ៉ា ករណី​មានការ​ពាក់ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រតិបត្តិការ​អាជីវក​ម្មទេស​ចរណ៍​កន្លងមក​ដែល​មិនទាន់​ដោះស្រាយ​រួចរាល់​ជាមួយ​អាជីវកម្ម​ខាងលើ​។

​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន​ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កាលពីពេល​ថ្មីៗ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា មកទល់ពេលនេះ អាជីវកម្ម​ទេសចរណ៍​ប្រមាណ​៨៥​ភាគរយ បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ តែ​មិនទាន់បាន​ពេញលេញ​នៅឡើយ​ទេ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​រដ្ឋ​និង​ឯកជន បានសម្រេច​ឯកភាព​លើ​ផែនការ​សកម្មភាព​សំខាន់​៥​ចំណុច ដើម្បី​បន្ត​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា​២០២៣ - Visit Cambodia Year 2023» ក្រោម​ទិស​ស្លោក «​រាល់ថ្ងៃ គឺជា​អច្ឆរិយ​: Every day is a Wonder»​ផងដែរ​។​

​លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានឱ្យដឹងថា ជាការ​កត់សម្គាល់​រប​ស់លោក​ឃើញថា​មាន​ក្រុមហ៊ុន​ជាច្រើន ដែល​មិនទាន់បាន​បើក​ដំណើរការ​ឡើងវិញ​ចាប់តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​មក និង​ខ្លះ​បើក​ដំណើរការ​ដែរ តែ​មិនទាន់បាន​ពេញលេញ​នៅឡើយ​។​

​ទោះជា​បែបនេះ​ក្តី លោក​បាន​បញ្ជាក់ថា​៖« យើង​ឃើញ​មាន​ក្រុមហ៊ុន​ចាស់ៗ​ជាច្រើន​មិន​ដំណើរ ប៉ុន្តែ​ក៏​ឃើញ​មាន​ក្រុមហ៊ុន​ថ្មីៗ​ខ្លះ​លេចមុខ​ឡើង​ដែរ ដោយ​មួយរយៈ​នេះ បើ​មើល​ទៅតាម​បណ្តាញ​សង្គម​មាន​ឃើញ​ក្រុមហ៊ុន​ថ្មីៗ​ច្រើន ដែល​ចាប់ផ្តើម​បើក​ដំណើរការឡើង​។ យ៉ាងណាក៏ដោយ ខ្ញុំ​មិនមាន​តួលេខ​ជាក់លាក់​នៃ​ការបិទ ឬ​បើក​អាជីវកម្ម​ទេសចរណ៍​ទាំង​នោះទេ ដោយសារតែ​យើង​ត្រូវការ​ពេលវេលា​សិក្សា​ស្រាវជ្រាវ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែរ​»​។​

​លោក​បាន​ប្រាប់​បន្ថែមថា ការស្នើសុំ​បិទ​អាជីវកម្ម​ទេសចរណ៍ មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​ស្នើសុំ​បើក​អាជីវកម្ម​ទេសចរណ៍ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​ពន្ធដារ ដោយ​កន្លងទៅ​ធ្លាប់មាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខ្លះ​បាន​ស្នើសុំ​ការជួយ​ពី​សមាគម ព្រោះតែ​ត្រូវ​បង់ពន្ធ​ច្រើនពេក​នៅពេល​គាត់​ស្នើសុំ​បិទ​អាជីវកម្ម​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​ក្រសួង​ការងារ បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៨៨ ជូន​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ៩០០ នាក់ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសារ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។ ការផ្តល់ជូន​សាច់ប្រាក់​ឧបត្ថម្ភ​លើក​ទី​៨៨ នេះ គឺ​ត្រូវ​ផ្តល់ជូន​កម្មករនិយោជិត នៃ​សហគ្រាស​ចំនួន​១២ នៃ​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​៕​