អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បាន​និង​កំពុង​ត្រួត​ពិនិត្យ និង​រៀបចំ​ឈ្មោះ​បេក្ខភាព​ម្ចាស់​ជយលាភី​មេដាយ​មាស កីឡាជាតិ​លើក​ទី៣ បញ្ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ កីឡាការិនី ទាំងអស់​ដែល​បាន​ប្រកួត​ដណ្តើម​បានមេដាយមាស។

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ ២០២៣ បាន​រៀបចំ​កិច្ច​ប្រជុំ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ការងារ កីឡាករ កីឡាការិនី ទទួល​បាន​ជយលាភី​មេដាយមាស ពី​ការ​ប្រកួត​កីឡាជាតិ​លើក​ទី​៣ ឆ្នាំ ២០២២ ដែល​ត្រូវ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក យិត ភីរៈ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ នៅ​មជ្ឈមណ្ឌល​កីឡា​ក្នុង​ពហុកីឡដ្ឋានជាតិ​អូឡាំពិក។

លោក យិត ភីរៈ អគ្គលេខាធិការ បាន​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ការ​ផ្តល់​ឯកសារ​របស់​កីឡាករ កីឡាការិនី ពី​ប្រតិភូ​ទទួល​បន្ទុក​តាម​ប្រភេទ​កីឡា​នីមួយៗ បាន​ប្រមាណ​ជា ៩៧ ភាគរយ​ហើយ។ ដោយឡែក ការងារ​ដែល​នៅ​សេសសល់ អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ​បាន​និង​កំពុង​រៀបចំ​បង្ហើយ។

ក្នុងកិច្ច​ប្រជុំ​នោះ លោក សរ សិទ្ធិ បានផ្តល់​អនុសាសន៍​ដល់​ប្រតិភូ ប្រតិភូរង និង​គ្រូបង្វឹក ដែល​ទទួល​បន្ទុក​ការងារ​នេះ ត្រូវ​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ហ្មត់ចត់ ពាក់ព័ន្ធ​នឹង​ឯកសារ​នានា​របស់​អត្តពលិក​របស់​ខ្លួន ពោល​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​លិខិត​ឧទ្ទេស​នាម​ចាត់​បញ្ជូន​ទៅ​ចូលរួម​ការ​ប្រកួត​កន្លងមក និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ ជាពិសេស ត្រូវ​មាន​សុក្រិតភាព។

ជាមួយគ្នានេះ លោក សរ សិទ្ធិ ក៏​បាន​ជំរុញ​ដល់​អគ្គលេខាធិការ​រង ដែល​ទទួល​បន្ទុក​តាម​ប្រភេទ​កីឡា​នីមួយៗ ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ឡើង​វិញ នូវ​រាល់​ឯកសារ​នានា ដែល​ប្រតិភូ​បញ្ជូន​មក​ឱ្យ​បាន​ត្រឹមត្រូវ។

លោកថ្លែងថា រាល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការ​បញ្ចូល​ក្របខ័ណ្ឌ​នគរបាលជាតិ​របស់​កីឡាករ កីឡាការិនី ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡាជាតិ ប្រតិភូ ប្រតិភូរង និង​គ្រូបង្វឹក​ទាំងអស់​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ ដល់​កីឡាករ កីឡាការិនី ទាំងនោះ ចៀសវាង​ការ​ទទួល​ព័ត៌មាន​ណាមួយ​មិន​ច្បាស់លាស់។ ក្នុង​ករណី បើ​មាន​បញ្ហា​ណា​មួយ​កើតឡើង ត្រូវ​ដោះស្រាយ​ឱ្យ​បាន​លឿន​ទាន់​ពេលវេលា កុំ​ឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃមុខ។

លោក សរ សិទ្ធិ មាន​ប្រសាសន៍​ថា៖ «ក្រោម​ការ​ដឹកនាំ និង​ការ​យកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សមិទ្ធផល​ដែល​អគ្គលេខាធិការ​ដ្ឋាន នៃ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ទទួល​បាន​នៅ​ពេល​នេះ គឺ​ជា​មោទនភាព​មួយ​ពុំ​អាច​កាត់ថ្លៃ​បាន​ឡើយ ដែល​មន្ត្រី និង​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង រួមគ្នា​តបស្នង​នូវ​គុណូបការៈ​ដែល​សម្តេច​បាន​ផ្តល់​ជូន​នៅ​ពេល​នេះ»។

លោក​គូស​បញ្ជាក់​ថា រាល់​ជោគជ័យ​ដែល​អគ្គលេខាធិការដ្ឋាន​ទទួល​បាន គឺជា​ចំណែក​នៃ​ជោគជ័យ​របស់​ពួកយើង​ទាំងអស់​គ្នា ពោល​គឺ​ពុំមែន​ជា​ជោគជ័យ​របស់​នរណា​ម្នាក់​ផ្តាច់​មុខ​នោះ​ទេ។

សូម​ជម្រាប​ជូនថា ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ ឆ្នាំ ២០២២ កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ប្រតិភូ ប្រតិភូរង គ្រូបង្វឹក កីឡាករ កីឡាការិនី​សរុប​ចំនួន ៤៦១​នាក់ ឱ្យ​ទៅ​ចូលរួម។ លទ្ធផល​ដែល​ទទួល​បាន គឺ​ក្រសួង​មហាផ្ទៃ ជាប់​ចំណាត់​ថ្នាក់​លេខ ១ ឈរ​លើ​បណ្តាក្រសួង​ស្ថាប័ន និង​រាជធានី ខេត្ត ដែល​បាន​បញ្ជូន​អត្តពលិក​មក​ចូលរួម​ប្រកួត ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ២១១ គ្រឿង ក្នុង​នោះ​មេដាយ​មាស ១០៣ ប្រាក់ ៥៨ និង​សំរឹទ្ធ ៥០​គ្រឿង។ នេះ​បើ​តាម​ប្រភព​ពី អគ្គលេខាធិការ​ដ្ឋាន ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ៕