ភ្នំពេញៈ​គ្រឿង​រណ្ដាប់​ចូល​ឆ្នាំ​ចិន​ដែល​រួម​មាន គោមក្រដាសដែ​លមា​ន​អក្ស​ចិន ធូប ក្រដាស​ប្រាក់ ក្រដាស​សែន សន្លឹក​មាស ឡាន ​ផ្ទះ ជា​ដើម ​ត្រូវ​បាន​អាជីវ​ករ​លក់​ព្រោងព្រា​ត​តាម​ដង​ផ្លូវ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃទី​២១មករា ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​។

នៅ​តាម​ផ្ទះ​អ្នក​ដែល​ជាប់​សែ​ស្រឡាយ​ជន​ជាតិ​ចិន​ក៏ដូច​ជា​ជន​ជាតិ​ចិន​ដែល​មក​រស់នៅ​​កម្ពុជា ​បាន​រៀបចំ​សែន​ញាប់​ដៃ​ញាប់​ជើង​ទៅ​តាម​ទម្លាប់​របស់​ត្រកូល​នីមួយៗ​ ប៉ុន្តែ​បើ​មើល​ទៅ​តាម​តូប​លក់​គ្រឿង​រណ្ដាប់​សម្រាប់​សែន​វិញ ហាក់​ស្ងាត់​បន្តិច​ទៅ​វិញ ព្រោះ​ភាគ​ច្រើន​គេ​ទិញ​ទុក​មុន​រួច​ទៅ​ហើយ​។

​អ្នក​ស្រី ស្រី​អូន ជា​អាជី​វករ​១​រូប​ដែល​មាន​លក់​ផ្លែ​ឈើ​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១បាន​ឱ្យដឹង​ថា ផ្លែឈើ​លក់​ដាច់​អស់​ច្រើន​ដោយ​ភ្ញៀវ​បាន​ចូល​មក​សម្រុក​ទិញ​ធ្វើឱ្យ​​អ្នកស្រី​និង​ស្វាមី​លក់​សឹង​តែ​មិនទា​ន់​។

​អ្នក​ស្រី​ថ្លែងថា៖«​ថ្ងៃនេះ​[ថ្ងៃ២១​មករា​]​រាង​ស្ងាត់​បន្តិច​ហើយ​ បើ​ម្សិល​មិញ​វិញ​មនុស្ស​ប្រ​ជ្រៀត​គ្នា​ទិញ​ផ្លែ​ឈើ ទិញ​បន្លែ​ទៅ​ធ្វើ​ម្ហូប​សែន​ច្រើន​គួរ​សម​»​។​

​ប៉ុន្តែ​យ៉ាង​ណា ​អាជី​វករ​រូប​នេះ​បាន​ឱ្យដឹង​ថា​ផ្លែ​ឈើ​ឡើង​ថ្លៃ​បន្តិច​បន្តួច​នា​ប៉ុន្មាន​ថ្ងៃនេះ​ ដោយ​សារតែ​ការ​ផ្គត់​ផ្គង់​មាន​ច្រើន ហើយ​ការ​ដឹក​ជញ្ជូន​ក៏​ច្រើន ​ដូច្នេះ​ក៏ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង​ច្រើន​ដែរ​។​

​អ្នក​ស្រី ​ស្រីអូន​ បាន​បញ្ជាក់​ថា៖«​ក្រូច​សេក​ដែល​គេ​និយម​ទិញ​ទៅ​សែន​នោះ​បាន​ឡើង​ដល់១​គីឡូ១​ម៉ឺន​៥​ពាន់ទាំង​ដែល​រាល់​ដង​យើង​លក់​តែ​១​គីឡូ១​ម៉ឺន​១​ពាន់​...​ភ្ញៀវ​គាត់​សួរ​ដែរ​រឿង​ឡើង​ថ្លៃ​នេះ​តែ​ធ្វើ​ម៉េច​បើ​ទិញ​ពី​គេ​មក​ឡើង​ថ្លៃ​ដែរ​»​។​

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រី​បាន​ឱ្យដឹង​ថា អ្នកស្រីអាច​លក់​បាន​ច្រើន​ជាង​ឆ្នាំ​មុន​បន្តិច​ ប៉ុន្តែ​លក់​បាន​ត្រឹមតែ​រយៈពេល​២-​៣​ថ្ងៃ​មុន​ពេល​ចូល​ឆ្នាំ​ចិន​ប៉ុណ្ណោះ​។សម្រាប់​ថ្ងៃទី​១​នៃ​ពិធីបុ​ណ្យ​ចូល​ឆ្នាំ​ចិន​នេះ​(​ថ្ងៃទី​២១​មករា​) លក់​មិន​សូវ​ជា​បានប៉ុន្មាន​ទេព្រោះ​អ្នក​ជាប់​សែ​ស្រឡា​យ​ចិន​គេ​ជាប់​រវល់​សែន​និង​ជួបជុំ​គ្រួសារ​រៀងៗ​ខ្លួន​ ។​

អាជី​វករ​១ ​រូប​ទៀត​គឺ​អ្នក​ស្រី គីម​ ឡាង ដែល​ជា​អ្នក​លក់​គោម ​ក្រដាស​សែន​ ធូប ​ទៀន ​នោះ​បាន​ឱ្យដឹង​ថា អ្នកស្រីអាច​លក់​ដាច់បាន​គួរ​សម​ដែរ តែ​ក៏​មិន​ច្រើន​លើស​លប់​ជាងរាល់​ឆ្នាំ​ពេក​ដែរ​។​

​អា​ជីវក​រដែល​មាន​តូប​នៅ​ក្បែរ​ផ្សារ​ទួល​សង្កែ​រូបនេះ​បាន​បន្ត​ថា៖ «​ដូច​តែ​រាល់​ឆ្នាំ គោម​ ក្រដាស​សែន ក្រដាស​បិទ​នៅ​មាត់​ទ្វារ​ ជា​គ្រឿង​ដែល​អ្នក​សែន​មិន​អាច​ថា​មិន​ទិញ​បាន​ទេ ​ព្រោះ​តាម​ជំនឿ​គេ​ត្រូ​វតែប្ដូរ​រាល់​ឆ្នាំ​ដើម្បី​ឱ្យ​ហេង ​រកស៊ី​មាន​បាន​ក្នុង​ឆ្នាំ​ថ្មី​...​អ៊ី​ចឹង​ហើយ​ខ្ញុំ​ក៏​មិន​សូវ​ភ័យ​ថា​លក់​មិន​ដាច់ដែរ​»​។​

​អាជី​វករ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​ជា​ទូទៅ​ភ្ញៀវ​ច្រើន​តែ​សម្រុក​ទិញ​នៅ​មុន​ចូល​ឆ្នាំ​ចិន​២-៣​ថ្ងៃ​ទុក​ ហើយ​ជារួម​អ្នក​ស្រី​បាន​សង្កេត​ឃើញ​ថា ​មាន​អ្នក​មក​ទិញ​ច្រើន​គួរ​សម​ បូក​ទាំង​ភ្ញៀវ​ដែល​ជា​ម៉ូយ​ចាស់ ​និង​ភ្ញៀវ​ថ្មីៗ​ ដែល​ខុស​ពី​ឆ្នាំ​មុន ​ព្រោះ​ពេល​នោះ​កម្ពុជា​យើង​ក៏​មិន​ទាន់​ធូរ​ស្រាល​ខ្លាំង​ពី​ជំងឺ​រាត​ត្បាត​កូ​វីដ​នៅ​ឡើយ​។​

​ដោយ​មើល​ឃើញ​ពី​ការ​ធូរ​ស្រាល​បាន​ច្រើន​ពី​ជំងឺ​កូ​វីដ​នា​ឆ្នាំ​នេះ ​អ្នក​ស្រី​បាន​កុម្ម៉ង់​ទិញ​គ្រឿង​រណ្ដាប់ ច្រើន​ជាង​ឆ្នាំ​មុន​ ដោយ​រំពឹង​ថា​​អាច​លក់​បាន​ច្រើនជា​ង​។ជា​លទ្ធ​ផល​គឺអាច​ប្រសើរ​ឡើង​ល្មម​ក្នុង​រូបភាព​មួយ​ដែល​អ្នក​ស្រី​មិន​ខាតដើ​ម​ក្នុង​ការ​ទិញ​ទេ គ្រាន់​តែ​ថា​ចំណេញ​ក៏​មិន​ច្រើន​ពេកដែរ​។​

​មិន​ខុសពី​អ្នកស្រី ស្រីអូន ទេ អ្នកស្រី គីម​ឡាង ក៏​លក់​គ្រឿង​រណ្ដាប់​សែន​នេះ​ថ្លៃ​ជាង​ឆ្នាំមុន​ដែរ ដែល​អ្នកស្រី​បញ្ជាក់ថា ជាការ​ឡើងថ្លៃ​ពី​ប្រភពដើម​តែម្ដង មិនមែន​លោកស្រី​ជា​អ្នក​ឌំឡើងថ្លៃ ព្រោះ​ចង់ចំណេញ​ទេ​។​

​អ្នកស្រីថ្លែងថា៖«​ឆ្នាំនេះ​សឹងតែ​គ្រប់គ្រឿង​រណ្ដាប់​សែនឡើងថ្លៃ​ជាង​ឆ្នាំទៅ តែ​ក៏​មិនជា​ខ្លាំង​ប៉ុន្មាន​ដែរ ត្រឹមតែ​ពី២​ពាន់ ទៅ​១​ម៉ឺន​រៀល​អីហ្នឹង ដោយសារ​កុម្ម៉ង់​មកវា​ឡើងថ្លៃ​ដែរ​»៕​