បន្ទាយមានជ័យ/ព្រៃវែងៈ អាជ្ញាធរ​នៃ​ខេត្តបន្ទាយមានជ័យ ​ខេត្តព្រៃវែង ​របស់​កម្ពុជា ​និង​ខេត្ត​ដុង​ថាប់​ របស់​វៀតណាម ​បាន​ប្តេជ្ញា​ក្នុង​ការបន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិការ​លើ​ច្រើន​វិស័យ ​ពិសេស ​កិច្ចសហការ​លើ​ផ្នែក​ពាណិជ្ជកម្ម ​ការវិនិយោគ ​និង​ធុរកិច្ច ​សាធារណការ ​និង​ដឹកជញ្ជូន ​សំដៅ​បម្រើ​ផលប្រយោជន៍​ភាគី​ទាំង​ ២​។​

ក្នុង​ដំណើរ​ទស្សនកិច្ច ​ទៅកាន់​ខេត្ត​ដុង​ថាប់​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​រយៈពេល​២​ថ្ងៃ ​កាលពី​ថ្ងៃទី​១៨-១៩ ​ខែមករា ​ឆ្នាំ​២០២៣​គណ​:​ប្រតិភូ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ​ដឹកនាំ​ដោយ ​លោក ​អ៊ុំ រាត្រី ​អភិបាលខេត្ត ​និង​គណៈប្រតិភូ​រដ្ឋបាល​ខេត្តព្រៃវែង ​ដឹកនាំ​ដោយ​ លោក ​ជា សុមេធី ​អភិបាលខេត្ត ​បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ លោក​ផាម ធៀវ ងា ​(Pham Thiev Gnia) អនុ​លេខា​បក្ស​កុម្មុយនីស្ត​វៀតណាម​ខេត្ត ​និង​ជា​ប្រធាន​គណ​:​កម្មាធិការ​ប្រជាជន​ខេត្ត​ដុង​ថាប់ ​និង​លោក​គៀវ ឆេឡឹម ​អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដុង​ថាប់​។​

​ជំនួប​នេះ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ ភាតរភាព ​សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការ ​រវាង​ខេត្ត​ទាំង​៣ ​លើ​កិច្ចសហ​ប្រតិបត្តិការ​ជាច្រើន​វិស័យ ​ដូចជា ​ទំនាក់ទំនង​អន្តរជាតិ ​និង​អ្នកជិតខាង​ល្អ ​ការពារជាតិ ​មហាផ្ទៃ ​កសិកម្ម ​ការដាំដុះ ​និង​វារីវប្បកម្ម ​ពាណិជ្ជកម្ម​ ការវិនិយោគ ​និង​ធុរកិច្ច ​សាធារណការ ​និង​ដឹកជញ្ជូន ​ថាមពល ​ឧស្សាហកម្ម ​សិប្បកម្ម ​វិទ្យាសាស្ត្រ ​អប់រំ ​កីឡា ​បណ្តុះបណ្តាល​ធនធានមនុស្ស​ វប្បធម៌ ​និង​សាសនា ​ទេសចរណ៍​ជាដើម​។​

លោក ផាម ធៀ​វ ងា អនុ​លេខា​បក្ស​ខេត្ត​ដុង​ថាប់ បាន​បញ្ជាក់ថា នេះ​ជា​ជំនួប​កិច្ចពិភាក្សា​ដ៏​រីករាយ​នា​ឆ្នាំនេះ ចំ​ពេលដែល​ប្រទេស​ទាំង​២ កំពុង​អបអរសាទរ​ខួប​ទី​៥៥​ឆ្នាំ នៃ​ចំណង​ការទូត និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។ ម្យ៉ាងវិញទៀត ទំហំ​ពាណិជ្ជកម្ម រវាង​ខេត្ត​ដុង​ថាប់ ជាមួយ​ខេត្តព្រៃវែង និង​ខេត្ត​នានា តាមផ្លូវ​ទឹក តាម​ច្រកព្រំដែន​អន្តរជាតិ​យិន​បា​-​បន្ទាយ​ចក្រី និង​ច្រក​តំបន់​ផ្សេងទៀត សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ សរុប​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ១​ឆ្នាំៗ​។​

លោក​បញ្ជាក់ថា​៖«ទំនាក់ទំនង​រវាង​ខេត្ត​ដុង​ថាប់ ​បន្ទាយមានជ័យ ​ពោធិ៍សាត់ ​និង​ព្រៃវែង ​ដែលជា​ខេត្ត​សម្ព័ន្ធមេត្រីភាព ​បានសម្រេច​ដូច​បំណង​នូវ​ផ្លែផ្កា​នៃ​ទំនាក់ទំនង ​កិច្ចសហប្រតិបត្តិការ​លើ​ច្រើន​វិស័យ ​ដូចជា ​ទំនាក់ទំនង​អន្តរជាតិ ​និង​អ្នកជិតខាង​ល្អ​ផដែរ​។ វៀតណាម​ក៏បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​រាប់រយ​នាក់​លើ​ជំនាញ​សុខាភិបាល ​និង​ជំនាញ​នានា ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ជាដើម»។​

លោក​អ៊ុំ រាត្រី ​អភិបាលខេត្ត​បន្ទាយមានជ័យ ​ថ្លែងថា ​បន្ទាប់ពី​អាក់ខាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​អស់​រយៈពេល​២​ឆ្នាំ ​ពេលនេះ​ភាគី​ទាំង​២​អាច​អនុវត្ត​បាន​ឡើងវិញ​ហើយ ​ព្រោះ​ប្រទេស​ទាំង​២ ​បាន​ដោះស្រាយ​វិបត្តិ​សកល ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ​ឈានទៅ​បើក​ប្រទេស​និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច ​សង្គមកិច្ច​។

លោក​បញ្ជាក់ថា​៖«ខេត្ត​ទាំង​៣ ​បាន​រឹតចំណង​មិត្តភាព​បាន​យ៉ាង​ប្រសើរ ​ដូច​ដែល​មាន​ចែង​ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណ:យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​។ ដូចនេះ ​ខាង​កម្ពុជា​ស្នើ​រៀបចំ​[សេចក្តីព្រាង] ​កែសម្រួល​ខ្លឹមសារ​អនុស្សរណ:យោគយល់​គ្នា​នេះ​ ហើយ​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​ កម្មាភិបាល​ភាគី​ទាំង​២​នឹង​រក​ពេលវេលា​សមស្រប ​ដើម្បី​ប្រជុំពិភាក្សា ​និង​ចុះហត្ថលេខា ​ដើម្បី​ខេត្ត​ចំណង​មេត្រីភាព​ទាំងនេះ ​បន្ត​រយ:​ពេល៥​ឆ្នាំ​ទៀត»។

លោក​ជា ​ចាន់ដារ៉ា ​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន ​និង​ខ្សែច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា ​បានឱ្យដឹងថា ​បច្ចុប្បន្ន ​ទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ការសម្រប​សម្រួល ​ពី​សំណាក់​មន្ត្រី​នៅតាម​ច្រកព្រំដែន​កម្ពុជា ​និង​វៀតណាម ​ជាពិសេស​នៅតាម​ច្រក​អន្តរជាតិ ​បាន​បង្កលក្ខណៈ​ងាយស្រួល​ច្រើន​ដល់​ពាណិជ្ជករ​ដឹកជញ្ជូន ​ដោយ​មិន​មាន​ការរាំងស្ទះ​ទេ​។​

​លោក​ថ្លែងថា​៖«បន្ទាប់ពី​រាជរដ្ឋាភិបាល ​បានរៀបចំ​ឱ្យមាន​ច្រក​អន្តរជាតិ​ច្រើន ​បូក​រួមទាំង​ច្រកព្រំដែន​តូចធំ​ផ្សេងៗ​ទៀត ​បាន​ជំរុញ​ឱ្យ​ការដឹកជញ្ជូន​មាន​ការកើន​ឡើងជា​លំដាប់ ​ជាពិសេស​ការដោះដូរ​ទំនិញ​កសិកម្ម ​រវាង​កម្ពុជា ​និង​វៀតណាម​។ កិច្ចសហការ​ល្អ​ រវាង​អាជ្ញាធរ​តាម​ព្រំដែន​ប្រទេស​ នឹង​ជំរុញ​ខ្សែចង្វាក់​ផ្គត់ផ្គង់ ​និង​ការដឹកជញ្ជូន​តាម​ព្រំដែន ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​បន្ថែម ​ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅតាម​ព្រំដែន​កាន់តែ​រីក​ចម្រើន»៕