កំពតៈ អង្គការ​ជីវិត​ធម្មជាតិ ​(Nature Life Cambodia Organization) ​បាន​ឱ្យ​ដឹងថា ​ក្រោយពី​បញ្ចប់​ការច្រូត​កាត់​ស្រូវ​មិត្ត​ក្រៀល​ ឆ្នាំ ២០២២​ មាន​កសិករ​ចំនួន​ ៤៩​ គ្រួសារ​ បានលក់​ស្រូវ​របស់​គាត់​ប្រមាណ​ជា​ ៧៥ តោន ​រីឯ​ ៥១​គ្រួសារ​ទៀត ​បានសម្រេច​ទុក​ស្រូវ​ដែល​ផលិត​បាន​ទាំង​អស់​សម្រាប់​បរិភោគ។

កាល​ពី​ថ្ងៃទី ​២២ ​ខែមករា ​ឆ្នាំ​ ២០២៣ ​អង្គការ​ជីវិត​ធម្មជាតិ​បាន​លើកឡើង​ថា ​ស្រូវ​មិត្ដ​ក្រៀល ​គឺជា​គម្រោង​ដែល​ផ្តួច​ផ្តើម​ឡើង​ក្នុង​គោលបំណង​ផ្តល់​អាហារ​មាន​សុវត្ថិភាព​ដល់​សត្វក្រៀល ​និង​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន។ ​

អង្គការ​នេះ​បញ្ជាក់ថា​៖«កាលពី​ខែធ្នូក​ន្លងមក​នេះ ​ក្រុមការងារ​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កសិករ​សហ​គមន៍​ស្រូវ​មិត្ត​ក្រៀល​ចំនួន​១០០គ្រួសារ ​ដែល​មាន​ដីស្រែ​នៅ​ជុំវិញ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​ ក្នុង​ឃុំបឹង​សាលា​ខាងត្បូង ​និង​ឃុំ​ព្រែកក្រឹស ​នៃ​ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត»។

ទីតាំង​ដី​សើម​ នា​តំបន់​ការពារ​ទេសភាព​នេះ ​គឺជា​ទីតាំង​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការរស់នៅ​របស់​សត្វក្រៀល​នារដូវ​មិនបន្ត​ពូជ​ចាប់ពី​ខែធ្នូ​ ដល់​ខែឧសភា។ ស្រូវ​ដែលបន្សល់​ក្នុង​ស្រែ​របស់​ប្រជាកសិករ​ គឺជា​ចំណី​របស់​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ។ នេះ​បើ​តាម​ការលើក​ឡើង​បន្ថែម​ពី ​អង្គការ​ជីវិត​ធម្មជាតិ។​

ប្រភព​ដដែល​បញ្ជាក់​ទៀតថា ​កសិករ​ដែល​ចូលរួម​ជាមួយ​គំនិត​ផ្តួចផ្តើម​នេះ ​ត្រូវបាន​ផ្តល់​ពូជ ​និង​ជី​សរីរាង្គ​ ដោយ​មិន​គិតថ្លៃ ​និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ចំនួន​១២ ​ក្នុងនោះ​មាន​ដូចជា​ដាំដុះ​ពូជ​ស្រូវប្រចាំ​តំបន់​ដែលមាន​ឈ្មោះ​ថា​សម្បក​កាទឹម ​និង​ពង​លលក​ដែល​ក្រៀល​ចូលចិត្ដ​ស៊ី ​និង​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល ​និង​ជីគីមី​ យ៉ាង​តិច​៣០% ​ដើម្បី​ចូលរួម​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ជីវចម្រុះ​ ជាពិសេស​សត្វ​ក្រៀល។

អង្គការ​ជីវិត​ធម្មជាតិ ​បញ្ជាក់ថា​៖«កសិករ ​ដែល​បានគោរព​តាម​លក្ខខណ្ឌ​ទាំងនេះ ​អង្គការ​ជីវិត​ធម្មជាតិ ​នឹង​ទទួល​ទិញ​ស្រូវ​ក្នុង​តម្លៃ​៥%​ខ្ពស់​ជាង​ទីផ្សារ។ ក្រោយពី​បញ្ចប់​ការច្រូត​កាត់​ឆ្នាំ២០២២​នេះ​ មាន​កសិករ​ចំនួន​៤៩គ្រួសារ​បានលក់​ស្រូវ​របស់​គាត់​ប្រមាណ​ជា​៧៥តោន។ ដោយ​ឡែក​៥១គ្រួសារ​ទៀត​ បានសម្រេច​ទុក​ស្រូវ​ដែល​ផលិត​បាន​ទាំង​អស់​សម្រាប់​បរិភោគ»។

បន្ថែម​ពី​នេះ​ទៀត ​កសិករ​ដែល​បន្សល់​ស្រូវ​ក្នុង​ស្រែ​ចំនួន​៥% ​សម្រាប់​ជាចំណី​បន្ថែម​ដល់​សត្វក្រៀល ​គម្រោង​ផ្ដល់​សំណង​ជូន​ជាថវិកា​ផង​ដែរ។ ​អង្គការ​ជីវិត​ធម្មជាតិ​បាន​បន្ថែមថា ​អង្ករ​មិត្តក្រៀល ​គឺជា​កសិផល​ដែល​គិតគូរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​ផ្តល់​ចំណី​បន្ថែម​ដល់​សត្វក្រៀល ​និង​ជាអង្ករ​ដែល​ផ្តល់​សុវត្ថិភាព​សម្រាប់​មនុស្ស។

សូម​រំឭក​ដែរថា ​ក្រសួង​បរិស្ថាន ​បាន​សហការ​ជាមួយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ​និង​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ ​ដោយ​មាន​ការគាំទ្រ​ពី​អង្គការ​ IUCN-Netherland ​បានផ្តួច​ផ្តើម​ធ្វើ​ស្រូវ​មិត្ត​ក្រៀល ​ក្នុង​គោល​បំណង​ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ​និង​ការអភិរក្ស​សត្វក្រៀល​នៅ​កម្ពុជា។

សត្វ​ក្រៀល​ដែលជា​ប្រភេទ​សត្វ​ស្លាប​មួយ​មាន​វត្តមាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ត្រូវបាន​ចាត់​ជា​ប្រភេទ​សត្វស្លាប​ងាយ​រងគ្រោះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​( IUCN Red List)។

ទាក់ទង​នឹង​ស្រូវ​មិត្តក្រៀល ​លោក​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ធ្លាប់​បាន​ឱ្យដឹងថា ​ប្រភេទ​ស្រូវ ​ដែល​ដាំ​គឺជា​ប្រភេទ​ពូជ​ស្រូវ​ប្រចំា​តំបន់ ​និង​ជាពូជ​ស្រូវ​ដែល​សត្វក្រៀល​ចូលចិត្ត​ស៊ី ​ហើយ​ការធ្វើ​ស្រូវ​មិត្តក្រៀល​នេះ​ គឺ​គោរព​លក្ខខណ្ឌ​មិន​បរបាញ់ ​មិន​ដាក់​អន្ទាក់ ​ឬ​ប្រើ​ថ្នាំ​ពុល​ដើម្បី​ចាប់​សត្វ​ស្លាប ​មិន​ពង្រីក​ដី​ដំណាំ​របស់​ខ្លួន​លើ​តំបន់​អភិរក្ស​ និង​ជាស្រូវ​សរីរាង្គ ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ​និង​ជីគី​មី​ឡើយ។

​​

លោក​ថា​៖«ការការពារ​ និង​អភិរក្ស​សត្វក្រៀល​ទទួលបាន​ជោគជ័យ ​លុះត្រាតែ​មាន​ការគិតគូរ​ពី​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ​និង​មាន​ការចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់»៕