ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ខណៈដែលលោកបានថ្លែងពីការផ្តល់អាទិភាព ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជិត ៧ ពាន់នាក់ នៅព្រឹកថ្ងៃទី ២៣ ខែមករា។ លោកមានប្រសាសន៍ថា មានមតិមួយចំនួនបានលើកឡើងទាំងទទឹងទិសថា សកម្មភាពចុះជួបសំណេះសំណាលរវាងនាយករដ្ឋមន្ត្រី នៅតាមគ្រឹះស្ថានសិក្សាផ្សេងៗ ក៏ដូចជាការជួបជាមួយសិស្សនិទ្ទេស A របស់កម្ពុជាជាដើមថា ជាការដណ្តើមការងារ កាត់មុខរដ្ឋមន្ត្រីក្រសួងស្ថាប័នផ្សេងៗទៅវិញ។ លោកបញ្ជាក់ថា នេះគឺជាទង្វើ ១ ដែលអគុណធម៌ ហើយលោកមិនចង់បញ្ជូនសារអ្វីបន្ថែមទៀតទេ សំខាន់អ្វីដែលត្រូវខិតខំធំបំផុតគឺការរក្សាសន្តិភាពឱ្យគង់វង្ស ទើបធ្វើការអភិវឌ្ឍបាន។
លោកថ្លែងថា៖ «មានអ្នកខ្លះថា ឯងទៅសម្ពោធសាលាថា ឯងកាត់មុខក្រសួងអប់រំ ក្នុងពេលដែលសាលានោះ ត្រូវបានរដ្ឋមន្ត្រីអប់រំខ្លួនឯងជាអ្នកអញ្ជើញខ្ញុំទៅសម្ពោធសាលានោះទៅទៀត។ ឯងទៅសម្ពោធមន្ទីរពេទ្យ ថាឯងហ្នឹងគឺកាត់មុខរដ្ឋមន្ត្រីសុខាភិបាល ឯងមកចែកសញ្ញាបត្រថា ឯងកាត់មុខរដ្ឋមន្ត្រីអប់រំ ក្នុងពេលដែលនិស្សិត សាស្ត្រាចារ្យត្រូវការឱ្យមានវត្តមានថ្នាក់ដឹកនាំកំពូលដើម្បីចែកជូន»។
លោក ហ៊ុន សែន បានលើកឡើងទៀតថា ការជួបសំណេះសំណាលជាមួយសិស្សពូកែដើម្បីជាការលើកទឹកចិត្ត នេះជារឿងមួយសំខាន់។ ជាមួយគ្នានេះ ការលើកកម្ពស់ធនធានមនុស្សកាន់តែសំខាន់ថែមទៀត ព្រោះបើគ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបានឡើយ ហេតុនេះត្រូវផ្តល់អាទិភាព ទៅលើការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។
លោកបញ្ជាក់ថា បច្ចុប្បន្នសកលលោកកំពុងវិវឌ្ឍប្រែប្រួលក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ដែលជារបត់ថ្មីនៃសភាពការណ៍ដែលកម្ពុជាត្រូវដើរ ឬនិយាយមួយបែបទៀត គឺជាការចូលដល់ដំណាក់កាលនៃសេដ្ឋកិច្ចឌីជីថលដែលទាមទារនូវការពង្រឹងសមត្ថភាពធនធានមនុស្ស។
លោកបញ្ជាក់ថា៖ «យើងត្រូវឃើញអំពីអតុល្យភាពរវាងសេចក្តីត្រូវការ នៃការអភិវឌ្ឍជាមួយនឹងសមត្ថភាពធនធានមនុស្ស នៅមានកម្រិត។ ចំណុចនេះទាមទារឱ្យយើងរួមគ្នាដោះស្រាយ ដើម្បីពង្រឹងដល់គុណភាព នៃការអប់រំបណ្តុះបណ្តាល សំដៅលើកកម្ពស់ ធនធានមនុស្សរបស់យើង ដើម្បីឆ្លើយតបជាមួយការអភិវឌ្ឍដែលចេះតែកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ»។
ជាមួយការជំរុញក្នុងការលើកកម្ពស់ធនធានមនុស្សនេះដែរ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីមោទនភាពអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវ ១ គឺការផ្តល់ឱ្យវិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ។ កម្ពុជាបានចាប់ផ្តើមផ្តល់ឱកាសឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំតាំងពីឆ្នាំ ១៩៨៩ - ១៩៩០ មកម្ល៉េះ ពោលគឺមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចាប់ផ្តើម។
លោកបន្តថា ការចូលរួមវិនិយោគពីវិស័យឯកជននេះ បានបង្កើតនូវស្ថានភាពដ៏ល្អប្រសើរជាមួយនឹងការអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋយក ១ ផ្នែកដើម្បីបង្រៀនបង់ថ្លៃ និងបានបង្កើតនូវស្ថានភាពងាយស្រួលសម្រាប់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋដែលក្នុងនោះ មានការជួយផ្តល់នូវការបំប៉នលើប្រាក់ឧបត្ថម្ភសម្រាប់សាស្ត្រាចារ្យដែលចូលបង្រៀន និងសម្រាប់ដំណើរការតាមសាលាផង។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «បើសិនជាយើងមិនផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សទេនោះ ហើយបើយើងមិនផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរបស់រដ្ឋ ១ ផ្នែក យកថ្លៃសិក្សាទេនោះ នោះសិស្សដែលចប់បាក់ឌុបជាង ១០ ម៉ឺននាក់ក្នុង ១ ឆ្នាំ នឹងទៅណា? ខណៈដែលរដ្ឋមានសមត្ថភាពទទួលបានត្រឹមជាង១ម៉ឺននាក់ប៉ុណ្ណោះ»។
លោកប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល Westline Education Group និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានឱ្យដឹងថា ការចូលរួមរបស់វិស័យឯកជនបានធ្វើឱ្យមានភាពកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ នេះជារឿងសំខាន់ណាស់ ព្រោះនៅតាមបណ្តាប្រទេសជឿនលឿន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍នានា រដ្ឋ និងឯកជន គឺជាដៃគូដែលមិនអាចខ្វះបាន។ លោកបន្ថែមថា ជាធម្មតានៅក្នុងការអភិវឌ្ឍរបស់ប្រទេសមួយ គេមិនអាចប្រើប្រាស់តែធនធានរបស់រដ្ឋមួយបានឡើយ ជាពិសេសវិស័យអប់រំនេះតែម្តង។
លោកថ្លែងថា៖ «បើសិនជាអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើវិស័យអប់រំនេះ វាពិតជារួមចំណែកបានច្រើនមែនទែន ក្នុងការលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាប្រព័ន្ធអប់រំនៅកម្ពុជា។ កន្លងមកមានសាលាអន្តរជាតិល្អៗ ដែលនាំយកកម្មវិធីសិក្សាបែបអន្តរជាតិមកបូកផ្សំជាមួយនឹងកម្មវិធីសិក្សាចម្រុះរបស់កម្ពុជា ដែលនេះជាការបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់យើង»។
បើតាមក្រសួងអប់រំយុវជន និងកីឡា នៅក្នុងសម័យប្រឡង ៥-៦ ធ្នូ ឆ្នាំ ២០២២ មានសិស្សប្រឡងជាប់បាក់ឌុបសរុបចំនួន ៩០ ៩៥០ នាក់ក្នុងនោះ ជាប់និទ្ទេស A ចំនួនសរុប ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និង និទ្ទេស E ចំនួន ៣២ ៤៥០ នាក់។
ក្រសួងអប់រំ យុវជន និងកីឡាក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជាមានសាលាមត្តេយ្យសិក្សា និងសាលារៀនចំណេះទូទៅ ទាំងសាធារណៈ និងឯកជន ប្រមាណជិត ១៥ ០០០ កន្លែងនៅទូទាំងប្រទេស។ ក្រសួងបានកំពុងបន្តលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដោយមានកិច្ចសហការវិជ្ជមានជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍តាមមូលដ្ឋាន មាតាបិតា សិស្ស-និស្សិត និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តអនុវត្តផែនការសកម្មភាពនៃគោលនយោបាយស្ដីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ ក៏ដូចជាការបន្តអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣៕