ភ្នំពេញ​/​ព្រះសីហនុៈ រយៈ​​ពេល​ ​២២ ​ថ្ងៃ ក្នុង​ខែមករា ឆ្នាំនេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ មាន​យានយន្ត​ចន្លោះ ពី ​២៦-២៧ ​ម៉ឺន​គ្រឿង​បាន​បើក​​ឆ្លងកាត់ ដែល​ក្រោយពី​រយៈ​​ពេល​ ២ ខែ នៃ​ការបើក​ឱ្យប្រើ​ប្រាស់ ដោយ​គិតថ្លៃ​លើផ្លូវ​នេះ​កាលពី​ឆ្នាំមុន​នោះ ក្រុមហ៊ុន​រកចំណូលបាន​ប្រមាណ​ ៥ លាន​ដុល្លារ​អាមេរិក​។​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​​ព្រះសីហនុ បាន​បើក​ដំណើរការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ពីថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដោយ​ការ​បញ្ចុះតម្លៃ​ ២០ ​ភាគរយ រយៈពេល​ ១​ ឆ្នាំ បន្ទាប់ពី​ផ្លូវ​នេះ ត្រូវបាន​ក្រសួង​សាធារណការ បើក ឱ្យ​សាកល្បង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១​ ខែ​កាលពី​ខែតុលា​។​

​លោក​ ហ៊ាង សុទ្ធា​យុ​ត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ មករា​ថា បន្ទាប់ពី​បើក​ដំណើរការ​ដោយ​គិតថ្លៃ​កាល​ពី​ខែវិច្ឆិកា​មក រយៈពេល​ ២​ ខែ ក្នុង​ឆ្នាំ​ ២០២២ ក្រុមហ៊ុន​រក​ចំ​ណូ​ល​បាន​ប្រមាណ​ជាង​ ៥​ លាន​ដុល្លារ ​(​បូក​បញ្ចូល​ទាំង​លុយ​​កាត់​ពន្ធ​)​។ ចំពោះ​ចំណូល​ក្នុង​ខែមករា​នេះ គឺ​នៅ​មិនទាន់​បូក​​សរុប​នៅឡើយ​ទេ ខណៈ​រយៈ​​ពេល​ ២២ ​ថ្ងៃ ក្នុង​ខែមករា នេះ មាន​យានយន្ត​ប្រមាណ​ជិត​ ៣០ ​ម៉ឺន​គ្រឿង បាន​ប្រើប្រាស់​ផ្លូវ​នេះ ដោយ​ក្នុង​ ១​ ថ្ងៃៗ នៃ​ថ្ងៃ​ធម្មតា មាន​យានយន្ត​ប្រមាណ​ ១ ម៉ឺន​គ្រឿង​។​

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​រយៈពេល ​២២ ​ថ្ងៃ​ គឺមាន​យាន​យន្ត​ចរាចរ​ក្នុង​ចន្លោះ ​២៦ ទៅ ​២៧ ​ម៉ឺន​គ្រឿង ហើយ​ចំនួន​គ្រោះ​​ថ្នាក់​ចរាចរណ៍​មាន​ប្រមាណជិត​ ២០ ​ករណី​ទេ​។ បើ​យើង​ប្រៀប​ធៀប​ជាមួយ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ផ្សេងៗ ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​ ៤ គឺមាន​ភាព​ខុសគ្នា​ឆ្ងាយ​ណាស់ ហើយក៏​មិន​មាន​គ្រោះថ្នាក់​ណា​ដែល​ធ្ងន់ធ្ងរ រហូត​ទៅដល់​បាត់បង់​ជីវិត​ដែរ ព្រោះ​ការធ្វើ​ចរាចរណ៍ គឺ​ក្នុងទិសដៅ​ស្រប ដោយមាន​របាំង​​ខណ្ឌ​ចែក​ទ្រូងផ្លូវ និង​របាំង​ការពារ​សុវត្ថិភាព​ត្រឹមត្រូវ »​។​

​ចំពោះ​រយៈពេល​នៃ​ការប្រើ​ប្រាស់​ផ្លូវ​នេះ​ក្នុងឱកាស​បុណ្យ​​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​អះអាងថា មាន​កំណើន​កើនឡើង​ដល់​ទៅជិត​ ៣ ​ដង​នៃ​ថ្ងៃ​ធម្មតា ដោយ​​ក្នុង ​១ ​ថ្ងៃ មាន​យានយន្ត​ប្រមាណ​ជាង ​២​ ម៉ឺន​គ្រឿង ដែល​តាម​​ការសន្និដ្ឋាន គឺ​ចំនួន​នេះ​អាច​នឹងមាន​ការកើនឡើង​រហូតដល់​ ៣ ​ម៉ឺន​គ្រឿងក្នុង​ ១ ​ថ្ងៃ​។

​លោក​ហ៊ាង សុទ្ធា​យុ​ត្តិ បាន​​បញ្ជាក់ថា​៖ «​ជារួម​ចរាចរណ៍​មានការ​កើនឡើង ក្នុង​រយៈ​​ពេល​ ២ ​ថ្ងៃនេះ ​[​ថ្ងៃទី​ ២១ និង​ថ្ងៃទី​ ២២] ទិសដៅ​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ នៅមាន​សភាព​ច្រើន​នៅឡើយ​។ យើង​ឃើញថា តួលេខ​កាលពី​ថ្ងៃទី​ ២២ មាន​ប្រមាណ​ជា​ ២៤ ០០០ ​គ្រឿង ខណៈ​ចរាចរណ៍​ថ្ងៃ​ធ្វើការ​ធម្មតា​មាន​ប្រមាណ ១ ​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​»​។

​លោក​បន្តថា​៖ «​កំណើន​នេះ គឺមាន​រហូតដល់​ទៅ ​២,៥ ​ដង​។ ជាការ​រំពឹង​នៅពេល​ចរាចរណ៍​ត្រឡប់​ចូលមក​រាជធានី​ភ្នំពេញ​វិញ គឺអាច​នឹងមាន​អត្រា​ចន្លោះ​ពី ​២​ ម៉ឺន ​៥ ​ពាន់​ទៅ​ ៣​ ម៉ឺន​គ្រឿង សម្រាប់​ថ្ងៃទី​ ២៣ និង​ថ្ងៃទី​២៤ ព្រោះតែ​អត្រា​នៃ​ការបញ្ជូន​ប្រាក់​មុន​ក្នុង​ប្រព័ន្ធ​គឺមាន​អត្រា​ខ្ពស់​»​។​

​កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បានប្រកាស​បដិសេធ និង​ព្រមាន​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការកកស្ទះ ដែល​ក្រុមហ៊ុន​បាន​អះអាងថា បើ​ទោះ​ជាមាន​កំណើន​យានយន្ត​មាន​ចំនួន​ច្រើនជាង​ទ្វេដង ប៉ុន្តែ​ការកកស្ទះ មិនមែនជា​បញ្ហា​រំខាន​ដល់​ការធ្វើដំណើរ​នៅលើ​ដងផ្លូវ​នេះ​ទេ​។​

​ក្រុមហ៊ុន​បានបញ្ជាក់​ថា​៖ «​ដោយសារ​ជា​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​នេះ ឆ្លង​ផុតពី​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពីថ្ងៃ​បុណ្យ​សមុទ្រ ក្រុមហ៊ុន​យើងខ្ញុំ​នៅតែ​ប្រទះឃើញ​មាន​ជនខិលខូច មួយចំនួន​បាន​យក​វីដេអូ​កកស្ទះ​ចរាចរណ៍ ដែល​បាន​កើតឡើង​កាលពី​អតីត​មក​ផ្សព្វផ្សាយ បណ្តាលឱ្យ​សាធារណជន​មានការ​យល់ច្រឡំ​ពី​ទិដ្ឋភាព​ច​រា​​ចរណ៍​ជាក់ស្តែង​នៅលើ​ផ្លូវ​ល្បឿន​លឿន ដែលជា​ហេតុ​បង្ក​ជា​ផលប៉ះពាល់​យ៉ាង​ធំ​ដល់​ក្រុមហ៊ុន​យើងខ្ញុំ​»​។​

​ជាងនេះទៀត ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ ក៏បាន​អះអាង​ដែរ​ថា ក្រុមហ៊ុន​បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​បណ្តោះអាសន្ន​នៅពេល​ចរាចរណ៍​មមាញឹក ដោយ​បន្ថែម​ភ្លើង LED ទៅលើ​គន្លង​ ANPR​ បន្ថែម ដើម្បីឱ្យ​ងាយ​មើល​រឹតតែ​ច្បាស់ និង​បន្ថែម​គំនូស​សញ្ញា​បន្ថែម​មុន​ទៅដល់​ផ្លូវ​គន្លង ETC និង​គន្លង ANPR ដើម្បី​ងាយស្រួល​ដល់​អ្នកដំណើរ​ដែល​បម្រុង​នឹង​ប្រើ​​ប្រាស់​គន្លង​ទាំង​ ២​។ ក្រុមហ៊ុន ក៏​នឹង​បំពាក់​ស្លាក​សញ្ញា​បែង​​ចែកផ្លូវ​សម្រាប់​គន្លង​ទាំង​ ៣ គឺ​គន្លង ETC គន្លង ANPR និង​គន្លង MTC​។​

​ចំពោះ​បញ្ហា​នេះ លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​អះអាងថា កត្តា​ដែល​បណ្តាលឱ្យមាន​ការកកស្ទះ ក៏​ព្រោះតែ​អ្នកបើកបរ មួយចំនួន​តូច ដែល​មិន​គោរព​ស្លាក​ចរាចរណ៍ បាន​បង្ក​ជាការ​រំខាន និង​កកស្ទះ បើទោះជា​មាន​អ្នកបើក​បរភាគ​ច្រើន​មានការ​យល់ដឹង​ច្រើន​ពី​ការប្រើប្រាស់​គន្លង និង​ចូលរួម​គោរព​ការប្រើប្រាស់​គន្លង ETC ANPR និង MTC​។​

​ទោះយ៉ាងណា​លោក​អំពាវ​​នាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន គួរស្វែងយល់ និង​គោរព​ការប្រើប្រាស់​គន្លង​អាទិភាព​ច្រកចេញចូល​ផ្លូវ​ល្បឿន​លឿន និង​លើកទឹកចិត្ត​ដល់​អ្នកបើកបរ​ឱ្យប្រើ​ប្រាស់​គន្លង ETC និង ANPR ដែល​តម្រូវ​បញ្ចូល​សមតុល្យ​ទឹកប្រាក់​ជាមុន តាម​​ស្លាក​លេខ តាម​កម្មវិធី Mobile Banking របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធនាគារ​។​

​បើតាម​របាយការណ៍រ​បស់​ក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន គិត​ចាប់ពី​ថ្ងៃទី​ ១ តុលា ២០២២ ដល់​ថ្ងៃទី​២២ មករា ២០២៣ យានយន្ត​ចរាចរ​សរុប​មាន​ ១ ៣៧៨ ០៥៨​ គ្រឿង ដោយ​ក្នុងនោះ​ខែ​ទី ​១ ខែតុលា ២០២២ នៃ​ដំណើរការ​សាក​ល្បង ដោយ​មិន​គិតថ្លៃ មាន​ចំនួន​ ៤៣៧ ៣៨១ ​គ្រឿង ហើយ​រយៈពេល​គិតថ្លៃ​សេវា​ពីថ្ងៃ​ទី​ ១ ខែវិច្ឆិកា ២០២២ ដល់​ថ្ងៃទី​ ២២ មករា ឆ្នាំ​ ២០២៣ មាន​ចំនួន ​៩៤០ ៦៧៧ ​គ្រឿង​៕

វីដេអូ៖