​ព្រះ​វិហារៈ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជាំ​ក្សាន្ត​ទាំងយប់ បន្ទាប់ពី​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន​បណ្តាលឱ្យ​ផ្ទុះ​កាលពី​ល្ងាច​ថ្ងៃទី​​ ២២ ខែមករា ស្ថិត​ក្នុងភូមិ​​សែន​រុងរឿង​ ៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

​លោក សាយ ដេ​ត អធិការ​នគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែមករា​ថា នៅ​ម៉ោង ​១៧ និង​៤៥​ នាទី ថ្ងៃទី ​២២ ខែមករា​នៅ​ចំណុច WA (17886_70731) ក្នុងភូមិ​​សែន​រុងរឿង​ ៥ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ករណី​ត្រាក់ទ័រ​គូ​បូ​តា​ ១ ​គ្រឿង​ភ្ជួរ​ឈូសឆាយដី​បានជា​ន់​ប៉ះ​មីនតោន បណ្តាលឱ្យ​ផ្ទុះ​ខូចខាត​ត្រាក់ទ័រ​ទាំងស្រុង និង​រង​របួស​អ្នកបើកបរ​ម្នាក់ ឈ្មោះ​សៀក គឹមហុង ភេទ​ប្រុស​អាយុ​ ២០ ​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើត​ហេតុ​។ លោក​ប្រាប់ថា អ្នក​រង​​របួស​ត្រូវបាន​ដឹក​មកដល់​មន្ទីរ​ពេទ្យ​បង្អែ​កជាំ​ក្សាន្ត នៅវេលា​ម៉ោង ​២០ ​យប់​។

​លោក​អធិការ​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីនតោន​នេះ ត្រូវរបួស​ធ្ងន់​ចំ​ភ្នែក និង​ផ្ទៃមុខ ប៉ុន្តែ​មិនមាន​ដាច់​ដៃជើង​ទេ​។ មកដល់​ថ្ងៃទី​ ២៣ ​ខែមករា ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ ១៦ ​មករា ខេត្ត​​ព្រះវិហារ​។

​លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​បាន​ទៅ​ភ្ជួរ​ដី​ដាំ​ដំណាំ​ដំឡូង​ដូច​រាល់​ឆ្នាំ ប៉ុន្តែ​លើក​នេះ​ប៉ះចំ​មីនតោន​ផ្ទុះ ប្រហែល​អាច​បណ្តាលមកពី​ការ​ភ្ជួរ​ដី​យូរៗ​ទៅ ដី​ស្តើង​ទៅៗ ហើយ​ត្រាក់ទ័រ​បើក​ជាន់​ពីលើ​គ្រប់​កម្រិត​ទម្ងន់​ក៏​ផ្ទូះ​ទៅ​»​។​

​លោក សាយ ដេ​ត បានឱ្យដឹងថា ជាំ​ក្សាន្ត​ជា​អតីត​តំបន់​សមរភូមិ​ក្តៅ​ដែល​បន្សល់ទុក​គ្រាប់មីន​ច្រើន​។​កន្លងមក​ពលរដ្ឋ​ធ្លាប់​បានឃើញ​គ្រាប់មីន​នៅ​រាយប៉ាយ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ហើយ​អាជ្ញាធរ​បាន​រាយការណ៍​បន្តទៅ​មន្ត្រី​ជំនាញ​ដោះមីន​ដើម្បី​ដោះយក​ទៅ​កម្ទេចចោល​ជា​បន្តបន្ទាប់​។

​លោក​ ហេង រតនា អគ្គ​នា​យក​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ​(CMAC)​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​យប់​ថ្ងៃទី​ ២២ ខែមករា​ថា សង្គ្រាម​បានបញ្ចប់ ប៉ុន្តែ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​បន្ត​គំរាមកំហែង​ធ្វើឱ្យ​ស្លាប់ និង​របួស​ជា​ហូរហែ​។ ជាមួយគ្នានេះ​លោក​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​រស់នៅក្នុង​តំបន់​អតីត​​សមរភូមិ ជាពិសេស​នៅ​ស្រុក​ជាំ​ក្សាន្ត​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​រាយការណ៍​ជាបន្ទាន់​ទៅ​កម្លាំង​សមត្ថកិច្ច កម្លាំង​ស៊ីម៉ាក់ និង​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​បើ​មាន​ព័ត៌មាន​ទាក់ទង​នឹង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​អាចជួយ​អន្តរាគមន៍​បាន​ទាន់ពេល និង​ធានា​សុវត្ថិភាព​ជូន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំ​ពា​វនា​វ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​បើ​មាន​ព័ត៌មាន​មានអី​បន្ថែម សូម​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​ជាពិសេស​កម្លាំង​នគរបាលជាតិ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង CMAC​ នៅ​ទីនោះ​ដើម្បី​យើង​ងាយស្រួល​ឆ្លើយតប​តាម​សំណូមពរ​រុករក​ធានា​សុវត្ថិភាព​»​។

CMAC បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែមករា​ថា វិនាសកម្ម​ដោយសារ​គ្រាប់មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅតែ​គំរាម​​កំហែង​អាយុជីវិត​ពលរដ្ឋ​ស្លូត​​ត្រង់​។​ជាក់ស្តែង​ការផ្ទុះ​មីនតោន​នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នេះ គឺជា​សោកនាដកម្ម​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​គ្រោះថ្នាក់​និង​អសន្តិសុខ​សុវត្ថិភាព​ដល់​ប្រជាកសិករ​និង​រាំង​​ស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

CMAC ​បាន​បញ្ជាក់ថា «​អាជ្ញាធរ​មីន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំង​នោះ ទៅ​កម្ទេចចោល​»​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​ធ្លាប់បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ក្រុង​សៀមរាប​និង​ស្រុក​ក្រឡាញ់​ជា​ក្រុង​ស្រុក​អស់​មីន​កាលពី ថ្ងៃទី​ ១៦ ខែមករា ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២២ ផ្ទៃដី​សង្ស័យ​មាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ២ ៥៥៤ ​គីឡូម៉ែត្រ​ការ៉េ​ត្រូវបាន​បោសសម្អាត​រួច​ដោយ​រកឃើញ និង​កម្ទេចចោល​នូវ​មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ១៥៣ ២១៧​ គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​ ២៦ ១៣៥ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣ ០៣៤ ៧២៧ ​គ្រាប់ ព្រមទាំង​បានផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុ​ជាជាង ៩​ លាន​នាក់​។​

​លោក​បន្តថា ជាមួយគ្នា​នោះ រាជធានី​-​ខេត្ត​ចំនួន ​៦ បានប្រកាស​អស់​មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្ត​កែប ខេត្ត​ព្រៃ​វែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្ត​ត្បូងឃ្មុំ​។ រីឯ​ឆ្នាំ​ ២០២៣ កម្ពុជា​គ្រោង​នឹង​ប្រកាស​ខេត្ត​ចំនួន​ ១២ ​ទៀត ជា​ខេត្ត​អស់​មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំ​ពត ស្វាយរៀង កណ្ដាល ក្រចេះ កំពង់ស្ពឺ កំពង់ធំ ខេត្តសៀមរាប មណ្ឌលគិរី និង​ខេត្តរតនគិរី ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សប្បុរសជន​នានា​ផងដែរ​៕