បាត់​ដំបងៈ អភិ​បាល​ខេត្ត​បាត់​ដំបង​លោក សុខ លូ បាន​ថ្លែង​ថា ​រដ្ឋបាល​ខេត្ត​មិន​បាន​អនុវត្ត​ការ​ផាក​ពិន័យ​ទៅដល់​អ្នក​ចោល​សំរាម​នៅតាម​ទីសា​ធារណៈ​នាពេល​កន្លង​មក​ ដោយ​សារ​ខេត្ត​ចង់​យក​មធ្យោ​បាយ​អប់រំ​ជា​គោល​ជា​ជាង​ការផា​កពិន័យ​ ប៉ុន្តែ​នៅតែ​មាន​ពលរដ្ឋ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​។​

​ការ​លើក​ឡើង​ដូច​នេះបន្ទាប់​ពី​មានការរិះគន់​ទៅលើ​រដ្ឋបាល​ក្រុង​បាត់​ដំបងដែល​បានផាក​ពិន័យ​ទៅ​លើ​អ្នក​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​។​

​លោក ​សុខ លូ បាន​ថ្លែងដូច​នេះ ​នៅក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ស្តីពី «​ភាព​ជោគ​ជ័យ​៥​ឆ្នាំ រ​បស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង​»ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមករា​ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភា​ព​អ្នកនាំពា​ក្យ​រាជរដ្ឋាភិ​បាល​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា៖«​រដ្ឋបា​លខេត្ត​មាន​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការផាកពិ​ន័យ​ទៅដល់​អ្នក​ចោល​សំរាម​នៅ​តាម​ទីសា​ធារណៈ​នេះ​យូរ​ហើយ ​ប៉ុន្តែ​រដ្ឋ​បាល​ខេត្ត​មិនបា​ន​អនុវត្ត​ការ​ផាកពិ​ន័យ​ទេ ដោយ​យើង​យក​មធ្យោ​បាយ​អប់រំ​ប្រជា​ពលរដ្ឋ​ជា​គោល​ជាជាង​ការ​ផាកពិ​ន័យ​ជា​បន្តប​ន្ទាប់ ​ប៉ុន្តែ​នៅតែមា​ន​ប្រជា​ពលរដ្ឋ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​»​។​

​អភិបាល​ខេត្ត​រូបនេះបាន​បន្ថែម​ថា ​បញ្ហា​ទាក់​ទង​នឹង​រឿង​សំរាម​នេះ​គឺជា​រឿង​ធំមិនមែ​នជា​រឿង​តូចតា​ច​នោះទេ ដោយ​គ្រាន់​តែ​ក្រុង​បាត់​ដំបង​១​ថ្ងៃ​មាន​សំរាម​ប្រហែល​ជា​​៣០០តោន​ហើយ​មាន​ក្រុម​ហ៊ុន​ចំនួន​២ ដែល​ជា​អ្នក​យក​សំរាម​ពី​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ទៅ​ទីលាន​ចាក់​សំរាម​។​

​លោក​បន្ត​ថា ដើម្បី​អនុវត្ត​នូវ​ការ​យក​សំរាម​ឱ្យអស់​បាន​គឺ​វា​ត្រូវការ​ការចូល​រួម​ពី​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដោយ​ការបង់​លុយ​ថ្លៃ​ដឹក​សំរាម​ទៅ​តាម​តម្លៃ​ខុសៗ​នៃ​ផ្ទះ​តាម​ប្រភេទ​អាជីវ​កម្ម​គឺមាន​ពី​១​ម៉ឺន​ឬ​១​ម៉ឺន​៥​ពាន់​រៀល​។​

​លោក ​សុខ លូ បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​គិត​ថា ​តម្លៃ​នេះ​មិន​ជា​ច្រើន​នោះ​ទេ ប៉ុន្តែ​ចង់​សួរថា​តើ​មាន​បង​ប្អូន​ប៉ុន្មាន​ភាគ​រយ​ក្នុង​ក្រុង​បាត់​ដំបង​ដែល​បាន​បង់​លុយ​ថ្លៃ​ដឹក​និង​ប្រមូល​សំរាម​នេះ​?ខ្ញុំ​សុំ​ជម្រាប​ថា​ អ្នក​បង់ថ្លៃ​ប្រមូល​សំរាម​នេះ​គឺ​មិន​ដល់​៥០ភាគរយនោះ​ទេ ដែល​បង់​លុយ​ថ្លៃ​សំរាម​ ដែល​នេះ​ហើយ​គឺជា​បញ្ហា​ចំណោទ​សម្រាប់​យើង​»​។​

​ថ្នាក់​ដឹកនាំ​ខេត្ត​បាត់​ដំបង​រូបនេះ​បាន​ឱ្យដឹង​ដែរ​ថា បើ​លោក​មិន​គិត​គូរ​ឬមិន​ជំរុញ​នោះ​ទេ​បញ្ហា​ទាំង​នេះ​នឹង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​។

​លោក​ថា៖«​យើង​បាន​គិតគូរ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​រឿង​អ្វី​ក៏ដោយ​យើង​មិន​អាច​ធ្វើបាន​១​ឬ​២​ថ្ងៃ​អស់​នោះ​ទេ ហើយ​រឿង​សំរាម​នេះគឺជា​រឿង​ស្មុគស្មា​ញ ដែ​ល​វា​ត្រូវការ​នូវ​ការ​ភ្ញាក់​រឭក​ពី​បងប្អូន​ទាំង​អស់​គ្នា ដោយ​ទី​១ ត្រូវ​បង់​លុយ

ទី​២ ​ត្រូវ​ចោល​សំរាម​តាម​កន្លែង​ដែល​បាន​កំណត់​តាម​កាល​វិភាគ​ដែល​បាន​ជូនដំ​ណឹង​»​។​

​ក្រសួង​បរិស្ថាន​តែងតែ​ខិតខំ​ជួយ​ដល់​ខេត្តបា​ត់ដំបង​​នេះ​ផងដែ​រ ដោយបា​ន​ផ្តល់​ជា​រថយន្ត​ដឹក​សំរាម​ដើម្បី​ធ្វើយ៉ាង​ណា​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​លទ្ធ​ភាព​ប្រមូល​សំរាម​និង​ដឹក​សំរាម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ហើយ​រដ្ឋបា​ល​ខេត្ត​បាត់​ដំបង​ក៏​កំពុង​សិក្សា​ផងដែរ ទៅលើ​ការបង្កើត​App​សម្រាប់​ប្រជា​ពលរដ្ឋ​ដឹង​ពី​ការប្រ​មូល​សំរាម​នេះ​។​

​លោក សុខ លូ បាន​បញ្ជាក់​ថា៖«​យើង​នឹងមាន​Appដែល​បង​ប្អូន​យើង​អាច​ដឹង​ពី​ម៉ោង​ពេលវេលា​របស់​ឡាន​សំរាម ​យើង​អាច​ដឹង​ពី​តំបន់​ដែល​បងប្អូន​យើង​អត់​បាន​បង់​ថ្លៃ​ប្រមូល​សំរាម ​ហើយ​យើង​នឹង​ជំរុញ​ឱ្យ​បង​ប្អូន​បង់ថ្លៃ​សំរាម ​ដែល​នេះ​ជា​កាតព្វ​កិច្ច​ទាំង​អស់​គ្នា​»​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ខេត្ត​បាត់​ដំបង​ មាន​ទីលាន​ចាក់សំ​រាម​ដែល​ទើប​កសាង​រួចលើ​ទំហំ​ដីជាង​២០​ហិក​តា ដែល​ទីតាំង​នេះ​ជាទី​លាន​ចាក់​សំរាម​ស្តង់​ដា ហើយ​រដ្ឋ​បាល​ខេត្ត​នឹងធ្វើ​ការញែក​សំរាម​នៅ​ទីលាន​ចាស់ដឹក​ទៅ​ទីលាន​ថ្មី​ជា​បន្ត​បន្ទាប់​ផង​ដែរ​។

​បើតាម​លោក សុខ លូ រដ្ឋបាល​ខេត្ត​នឹង​សិក្សា​រួមគ្នា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​មកពី​កូរ៉េ​ដោយ​ចង់​សិក្សា​ទីលាន​ចាក់​សំរាម​ឱ្យ​ចេញ​ជា​ហ្គាស​បង្កើត​ជា​ភ្លើង​អគ្គិ​សនី ​ហើយ​នឹង​អាច​ធ្វើ​ជា​កំ​ប៉ុសសម្រាប់​ប្រើ​ប្រាស់​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក ​សុខ លូ ក៏បាន​សំណូ​មពរ​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​យ៉ាង​ណា​ត្រូវតែ​ម្ចាស់​ការ​ទទួល​ខុស​ត្រូវ ​ហើយ​ត្រូវ​ចាត់​ទុក​ថា រឿង​នេះ​ជា​បញ្ហា​ទាំង​អស់​គ្នា គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ឱ្យ​អស់​សំរាម​នោះ​ទេ បើ​គ្មាន​ការចូ​លរួម​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ម្នាក់ៗ​។​

​ទាក់​ទង​នឹង​សំរាម​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​រក្សា​អនា​ម័យ​បរិស្ថានដើម្បី​ទីក្រុង​ស្អាត ដោយ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អនា​ម័យ​ចេះ​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​មិនត្រូវ​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាលនិ​ង​ត្រូវ​ខិតខំ​ទាំង​អស់​គ្នាដើម្បី​កាត់​បន្ថយ​សំរាម​ហូរ​តាម​ទឹក​ចូល​ទន្លេ បឹង ប្រឡាយ ​និង​លូ​ជា​ដើម​។​

​លោក​មាន​ប្រសាសន៍​ថា​៖«​ឥឡូវនេះ​មិន​ដូច​ពេល​មុន​ទេសំ​រាម​ក្នុង១ថ្ងៃ​មាន​ប្រមាណ​ជា៣ពា​ន់​តោន​ដូចនេះ​​អ្វី​ដែលជា​បញ្ហា​កង្វល់​របស់​យើង​គឺ​បញ្ហា​ប្រជា​ពលរដ្ឋ​យើង​មិន​ព្រម​រៀបចំ​សម្អាត​អនា​ម័យ​តាមរយៈ​ការប្រមូល​សំរាម​»​។​

​យោង​តាម​របា​យ​ការណ៍​របស់​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា នៅ​ឆ្នាំ​២០២២ ​សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង​៤​លាន​តោន​នៅ​ក្នុង​១ឆ្នាំៗ​ហើយ​ក្នុង១​ថ្ងៃសំ​រាម​មាន​ជាង​១ម៉ឺន​តោន​ហើយ​កម្រិត​នៃ​ការកើន​ឡើង​សំណល់​រឹង​សំរាម​នៅ​​កម្ពុជា​គឺ​មាន​ចន្លោះ​ពី១០ ​ទៅ១៥ភា​គរយ​នៅក្នុ​ង១ឆ្នាំ​។​

​ក្រសួង​​បាន​បន្ត​ថា ​ក្នុង​ចំណោម​សំរាម​១០០ភា​គរ​យមានតែ​សំរាម​៦៤ភាគរយ​ប៉ុណ្ណោះដែល​ត្រូវ​បាន​យកទៅ​ចាក់​នៅលើ​លានក្រៅ​ពីនោះ​សំរា​ម៣៦​ភាគរ​យ​ទៀតគឺ​រាយ​ប៉ាយ​តាម​ទៅ​តាំង​ផ្សេង​ឬ​នៅ​ប្រភពទឹ​កឬ​នៅ​តាម​ទី​

សា​ធារ​ណៈ​​៕

​​