ភ្នំពេញៈ សិក្ខាកាមកម្ពុជាចំនួន ២៥ រូប បានទទួលវគ្គបណ្តុះបណ្តាលដំបូងគេបង្អស់ ស្តីពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលរៀបចំដោយអង្គការ WWF កម្ពុជា ខណៈដែលមន្ត្រីបរិស្ថានមើលឃើញថា វគ្គនេះគឺជំរុញឱ្យកម្ពុជាប្រើប្រាស់នូវប្រព័ន្ធថាមពលដែលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
បើតាមអង្គការ WWF កម្ពុជា ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំដោយ អង្គការ WWF កម្ពុជា ក្នុងភាពជាដៃគូជាមួយ Solar Energy International (SEI) ដល់សិក្ខាកាមកម្ពុជាចំនួន ២៥រូប។
វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងដើម្បីផ្តល់ចំណេះដឹងបច្ចេកទេសសំខាន់ថ្មីៗ អំពីប្រព័ន្ធថាមពលព្រះអាទិត្យ ទៅដល់វិស្វករថាមពលពន្លឺព្រះអាទិត្យ បុគ្គលិកបច្ចេកទេសនៃក្រសួងពាក់ព័ន្ធ និងនិស្សិតផ្នែកអគ្គិសនី និងវិស្វកម្ម ស្របពេលដែលទីផ្សារថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា កំពុងមានតម្រូវការច្រើននាពេលបច្ចុប្បន្ន។
អង្គការ WWF កម្ពុជា បានបញ្ជាក់ថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាលទាំងនោះ សិក្ខាកាមបានទទួលនូវចំណេះដឹងបច្ចេកទេសជាច្រើនទាក់ទងទៅនឹងគ្រឿងបង្គុំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធថាមពលសូឡា) ការតភ្ជាប់ប្រព័ន្ធថាមពលសូឡា ការវិភាគទីតាំង បច្ចេកទេសភ្ជាប់ខ្សែដី ការគណនាទំហំប្រព័ន្ធថាមពលសូឡា វិធានសុវត្ថិភាព និងការបើកដំណើរការប្រព័ន្ធជាដើម»។
ប្រភពដដែលបានបន្តថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះរួចមក សិក្ខាកាមទាំងនោះ អាចពង្រឹងសមត្ថភាពបច្ចេកទេសតាមស្តង់ដា និងអនុវត្តជំនាញទាំងនោះបាននៅក្នុងគម្រោង ឬកន្លែងធ្វើការជាក់ស្តែងរបស់ពួកគេផងដែរ។
លោក នេត ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ថា ការរៀបចំវគ្គបណ្ដុះ បណ្ដាលរបស់អង្គការ WWF ស្ដីពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដល់សិក្ខាកាមកម្ពុជា គឺជាការផ្ដល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតទៅដល់ប្រជាពលរដ្ឋខ្មែរ ឱ្យបានយល់ដឹងអំពីការប្រើប្រាស់នូវប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលអាចកកើតឡើងវិញ។
លោក នេត ភក្ត្រា បានថ្លែងថា៖ «វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាផ្នែកមួយដែលក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល កំពុងតែជំរុញ ឱ្យមានការប្រើប្រាស់នូវប្រព័ន្ធថាមពលដែលកកើតឡើងវិញ ដើម្បីចូលរួមក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិស្ថាន»។
លោកបានបន្ថែមថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ថាមពលស្អាត ឬក៏ហៅថា ថាមពលដែលកកើតឡើងវិញ ដែលបានប្រើប្រាស់មានប្រមាណជាង៦០% ។
លោកបានបញ្ជាក់ថា ៖ «ទាំងនេះ គឺជាដំណើរដែលកម្ពុជាឆ្ពោះទៅរកការអនុវត្តផែនការអភិវឌ្ឍរយៈពេលវែង ដើម្បីអព្យាក្រឹតភាពកាបូន ដែលនៅក្នុងនោះ គឺមានវិស័យចំនួន៧ ដែលជាវិស័យអាទិភាពក្នុងការធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការបំភាយនូវឧស្ម័នផ្ទះកញ្ចក់»។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនេះ គឺជាវគ្គបណ្តុះបណ្តាលដំបូងគេបង្អស់ ស្តីអំពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់អង្គការ WWF កម្ពុជា និងកម្មវិធី Cool and Solar សកល។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធី Cool and Solar Cambodia ដែលផ្ដល់មូលនិធិដោយអង្គការ WWF ស្វ៊ីស តាមរយៈភាពជាដៃគូជាមួយទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ (SDC)៕