The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កាកបាទក្រហមកម្ពុជា​ នឹងមិន​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហមនៅឆ្នាំនេះទេ​

កាកបាទក្រហមកម្ពុជា​ នឹងមិន​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហមនៅឆ្នាំនេះទេ​

Content image - Phnom Penh Post
សកម្មភាពចែកអំណោយរបស់មន្ដ្រីកាកបាទនៅខេត្តស្វាយរៀងកាលពីថ្ងៃ២៤ មករា​ ។ រូបថត កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា​ នឹងមិន​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហមនៅឆ្នាំនេះទេ​

ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​នៃ​កាក​បាទ​ក្រហម​កម្ពុជា​បាន​ឱ្យដឹង​ថា សម្រាប់​ឆ្នាំ​ ២០២៣ ​នេះ កាក​បាទ​ក្រហម​កម្ពុជា​នឹង​មិន​មាន​ការ​​រៀបចំ​មីទ្ទីង​ថ្នាក់​ជាតិដើម្បី​ប្រារព្ធ​ខួប​ទី​១៦០​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហ​ម ៨​ ឧសភា ឆ្នាំ ​២០២៣ ​​ឡើយ ​ប៉ុន្តែ​នៅ​រក្សា​ការ​អំពាវ​នាវ​កៀរគរ​រក​មូល​និធិ​ដូច​ធ្លាប់​បាន​ធ្វើនៅក្នុង​ឆ្នាំមុនៗ​ដដែល​។​

​លោក​ស្រី ម៉ែន នារី​សោ​ភ័គ អគ្គ​លេខាធិ​ការ​រង​ទី​១ កាក​បាទ​ក្រហម​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៤ ខែមករា ថា សម្រាប់​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ ​គឺ​អ្វីដែល​កាក​បាទ​ក្រហម​កម្ពុជា​គិត​ជា​អាទិភាព​នោះ​គឺ​ការ​ប្រារព្ធ​ទិវា​ពិភព​លោ​កកាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ៨​ឧសភា នេះ​តែម្តង​។​

​លោក​ស្រី​បាន​បញ្ជាក់​ថា៖ «​សម្រាប់​ឆ្នាំ​នេះ ​ក៏ដូច​ជា​ឆ្នាំ​២០២១ និង​២០២២​កន្លង​មក​ យើង​មិន​មាន​ការ​ប្រារព្ធ​មីទ្ទីង​នោះ​ទេ ដោយ​យើង​គ្រាន់​តែ​មាន​ការ​អំពាវ​នាវ​រក​មូល​និធិ​ប៉ុណ្ណោះ ​ដោយ​សារ​យើង​យល់​ថា​ឆ្នាំនេះ​ប្រទេស​យើង​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ការ​ប្រកួត​ស៊ី​ហ្គេម​ផង ហើយ​មួយ​វិញ​ទៀត ការ​ចំណាយ​ក៏​អស់​ច្រើន​។អ៊ីចឹ​ង​!យើង​គ្រាន់​តែ​ធ្វើការ​អំពា​វនាវ​បន្ត​រក​មូល​និធិ​ផងដែរ​តែ​យើង​ក៏​ត្រូវតែ​បង្ហាញ​ពី​សមិទ្ធ​ផល និង​លទ្ធ​ផល​ការ​ងារ​របស់​យើង​ផង​ដែរ​»​។​

​លោក​ស្រី ម៉ែន នារី​សោ​ភ័គ បាន​បន្ថែម​ថា កាក​បាទ​ក្រហម​កម្ពុជា​នឹង​បន្ត​អនុវត្ត​​ការ​ងារនិង​គម្រោង​មួយ​ចំនួន​បន្ត​ទៀត​សម្រាប់​ឆ្នាំ​២០២៣​នេះ​ ហើយ​សម្រាប់​ឆ្នាំ​នេះ​ដែរ កាក​បាទ​ក្រហម​កម្ពុជា​គឺជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​លើក​ទី​២០និង​វេទិកា​យុវជន​លើក​ទី​២នៃ​សមា​គម​ជាតិ​កាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ ភូមិភាគ​អាស៊ី​​អា​គ្ន​យ៍​ដែល​អាច​នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា ឬ​ដើមខែ​តុលា ​ខាង​មុខ​។​

​ទាក់​ទង​នឹង​ការមិន​ប្រារព្ធ​ទិវា​ពិភព​លោក​ កាកបា​ទក្រហម​ និង​អឌ្ឍ​ចន្ទ​ក្រហម​៨ ​ឧសភា ឆ្នាំ​២០២៣ លោក​ស្រី ឃួន សុ​ដា​រី អនុប្រធានទី២នៃរដ្ឋសភាបាន​លើក​ឡើង​​ថា ទោះជា​យ៉ាង​ណា កាក​បាទ​ក្រហម​កម្ពុជា​ចាំបាច់​ត្រូវមាន​ប្រធាន​បទ​សម្រាប់​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​បំផុស​ការចូល​រួម​គាំទ្រ​ដល់ ​សកម្ម​ភាព​មនុស្ស​ធម៌ និ​ង​ការ​រក​មូល​និធិ​របស់​កាក​បាទ​ក្រហម​កម្ពុជា​។

​លោក​ស្រី​ លើក​ឡើង​ដូច​នេះ​ក្នុង​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​លើក​ទី​១ ស្ដីពី​ខ្លឹមសារខួប​លើក​ទី​១៦០ ទិវា​ពិភព​លោកកាក​បាទ​ក្រហមនិង​អឌ្ឍ​ចន្ទ​ក្រហម​៨ ឧសភា ឆ្នាំ​២០២៣ និង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២នៃ​សមាគ​មជាតិ​កាក​បាទ​ក្រហមនិង​អឌ្ឍ​ចន្ទ​ក្រហម​ភូមិ​ភាគ​អាស៊ី​​អា​គ្ន​យ៍ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ​ខែមករា ឆ្នាំ​២០២៣​។​

​នា​កិច្ច​ប្រជុំ​នេះដែរ ​លោកស្រី​បាន​ដាក់​ជូន​អង្គ​ប្រជុំ​ពិភាក្សា​សេចក្តី​ព្រាង​ប្រធាន​បទ​សម្រាប់​ទិវា ៨​ឧសភា ឆ្នាំ​២០២៣ គឺ«​រួមគ្នា ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​បរិ​យាប័ន្ន​សង្គម​»​។​

​លោក​ស្រី ឃួន សុ​ដា​រី មាន​ប្រសាស​ន៍ថា ៖ «​ប្រធាន​បទ​នេះមាន​គោល​បំណង​បង្ហាញ​ពី​ការយក​ចិត្ត​ទុក​ដាក់​រប​ស់​កាក​បាទ​ក្រហម​កម្ពុជា​ក្នុងការ​បំផុស​កម្លាំង​មហា​ជន​ចូលរួម​លុប​បំបាត់​វិសម​ភាព​នៅក្នុង​សង្គម​ដែល​បង្ក​ដោយ​ជំងឺ​កូ​វីដ​១៩​ហើយ​នៅ​ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​បាន​បើក​ឡើង​វិញ​លើគ្រប់​វិស័យ​ កាក​បាទក្រ​ហមក​ម្ពុជា​ត្រូវ​ចូល​រួមចំណែ​ក​ក្នុង​ការ​ជួយ​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែល​មាន ជីវភាព​លំបាក​ដោយ​សារ​ការ​បាត់​បង់​ការ​ងារ បាត់​បង់​ចំណូល និង​បញ្ហា​សេដ្ឋ​កិច្ច​ដែល​បង្កដោ​យ​សង្គ្រាម ​ដោយ​មិន​ទុក​នរណាម្នា​ក់​ចោល​»​។​

​យោងតា​ម​របាយ​ការណ៍​របស់​កាក​បាទ​ក្រហម​កម្ពុជាបាន​ឱ្យដឹង​ថា ក្នុង​ឆ្នាំ២០២២ ​កន្លង​ទៅ កាក​បាទ​ក្រហម​កម្ពុជាបាន​ជួយ​សម្រាល​ជីវ​ភាព​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​ចំនួន​ ៧៣ ១៣៤គ្រួសារ កសាងផ្ទះ​ចំនួន១០៤​ខ្នងនិង​បណ្តុះ​បណ្តាល​ជំនាញនិង​អប់រំ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់ដឹ​ង​ផ្សេងៗ​បាន​រាប់​សែន​គ្រួសារ​ផ្សេង​ទៀត​។

​កាកបា​ទក្រ​ហម​កម្ពុជាបាន​ជួយ​​ដល់​ប្រជា​ពលរ​ដ្ឋដែល​រងគ្រោះ​និង​ផ្ដល់​ស្បៀង​សម្រាល​ជីវភាព​របស់​គ្រួសារ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​បំផុត​ ចំនួន​១៨ ៥៣៩​គ្រួសារ​ សង់​ផ្ទះ១២ខ្ន​ង និង​ផ្តល់​ស័ង្កសី​ជួស​ជុលផ្ទះ​​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ​១ ២២៥​គ្រួសារ​។​

​របាយ​ការណ៍​ដដែល​បាន​បន្ត​ថា កាក​បាទក្រហម​កម្ពុជាបាន​ផ្តោត​លើ​វិស័យ​សំខាន់​អាទិ​ភាព​ចំនួន៤ សម្រាប់​យុទ្ធសា​ស្ត្រ​ឆ្នាំ២០២១-២០៣០ ក្នុងនោះ​​មាន វិស័យ​អាទិ​ភាព​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ និង​ការ​ប្រែប្រួ​ល​អាកាសធា​តុ​,វិស័យ​អាទិភា​ព សុខ​ភាព និង​ការថែ​ទាំ សុខ​ភាព​ក្នុង​សហ​គមន៍​,វិស័យ​អាទិ​ភាព លើក​កម្ពស់​គោល​ការណ៍​គ្រឹះនិង​តម្លៃ​មនុស្សធ​ម៌​របស់​ចលនានិង​វិស័យ​អាទិភា​ព កា​រអភិវឌ្ឍ​ស្ថាប័ន​៕

អត្ថបទគួរចាប់អារម្មណ៍