ភ្នំពេញៈ​ ប្រធាន​រដ្ឋសភា​លោក ​ហេង សំរិន ​បាន​ផ្តល់​អនុ​សាសន៍​ដល់​ឯក​អគ្គរាជ​ទូត​កម្ពុជា​ចំនួន​ ១០​ រូប ដែល​ទើប​តែង​តាំង​ប្រចាំ​បណ្តា​ប្រទេស​នានា​ត្រូវ​យក​ចិត្តទុក​ដាក់ ​និង​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​ខ្មែរ​ប្រចាំ​ប្រទេស​នោះ​ឱ្យមាន​ប្រសិទ្ធ​ភាព និង​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ទាំង​នោះ​។​

​ការ​ណែនាំ​នេះ​ត្រូវ​បាន​លើក​ឡើង​នា​ឱកាស​លោក ហេង​ សំរិន បាន​អនុញ្ញាត​ឱ្យ​ឯក​អគ្គរាជ​ទូត​វិសាម​ញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ដែល​ទើប​តែងតាំ​ង​ថ្មី​ចំនួន ​១០ ​រូប ប្រ​ចាំ​នៅ​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ចូល​ជួប​នៅ​ថ្ងៃទី​ ២៥ ​ខែមករា ​ឆ្នាំ ២០២៣ ដើម្បី​សម្តែង​ការ​គួរសម​និង​ទទួល​អនុ​សាសន៍នៅ​​មុនពេល​​ចេញ​ទៅ​បំពេញ​បេសកក​ម្ម​ការ​ទូត​នៅ​ក្រៅ​ប្រទេស ​។

​ប្រភពពី​រដ្ឋសភាបា​នឱ្យ​ដឹងថា នាឱកាស​នោះ​លោក ​ហេង សំរិន បាន​គូស​បញ្ជាក់​ថា ​ឯកអគ្គរាជ​ទូត​កម្ពុជា​ដែល​ទើប​តែង​តាំង​នេះ​មាន​ការងារ​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវ​បំពេញ​ លើ​ការងារ​នយោបា​យ​ការ​បរទេស ​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​មាន​ការ​ប្រែ​ប្រួល​ក្នុង​បរិបទ​ថ្មីនៃ​សណ្ដាប់​ធ្នាប់​ពិភព​លោក​។

លោក​បន្ត​ថា​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន ការ​ស្តារ​សេដ្ឋ​កិច្ច​សង្គម​ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់​រហ័សជា​កត្តា​មួយ​ដ៏​សំខាន់​និង​ចាំ​បាច់​ដើម្បី​រួម​ចំណែក​លើកស្ទួ​យ​សេដ្ឋ​កិច្ច​ជាតិ​ ខណៈ​លោក​បាន​ផ្តល់​អនុ​សាសន៍​សំខាន់ៗ​ផង​ដែរ​។

លោក​ថា​៖«ឯក​អគ្គរាជ​ទូត​កម្ពុ​ជា​ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយត្រូ​វ​រក្សា​ ការពារ និង​លើក​តម្លៃ​ជាតិ​ជានិច្ច​ជាដើម​។ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រប​សម្រួលនិ​ង​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​យើង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​និង​ទាន់​ពេល​វេលាតា​មរយៈ​ការបង្កើត​ទំនាក់​ទំនង​ឱ្យបាន​ខ្ជាប់​ខ្ជួន​ជា​មួយ​បង​ប្អូន​ពលរដ្ឋ​ខ្មែរ ជា​ដើម​។​

​លោក​បាន​បន្ថែ​មថា​ ចាប់​ពីពេល​នេះ​តទៅ​ ឯកអគ្គរាជទូត​គឺជា​ឥស្សរ​ជន​ជាន់​ខ្ពស់​ តំណាងឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​នៅ​បរទេស ​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​លើកក​ម្ពស់​ទំ​នាក់​ទំនង ​មិត្តភា​ព និង​កិច្ច​សហប្រ​តិបត្តិការ​​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ទាំង​នោះ ពិសេស​ការ​លើក​តម្កើង​កិត្យា​នុភា​ព​ជាតិ ​ឯករាជ្យ ​និង​ការ​ការពារ​អធិប​តេយ្យ​ជាតិ​របស់​កម្ពុជា​ឱ្យ​ខាង​តែ​បាន​។

លោក​ថ្លែង​ថា​៖«​ចំណុច​១ទៀត​គឺ​ជួយ​ពន្យល់​ដល់​បណ្តា​ស្ថាប័ន​ជាតិ​និង​អន្ត​រជាតិ​នៅ​ទីនោះ​ឱ្យ​យល់​អំពី​ការ​អនុវត្ត​ល​ទ្ធិ​ប្រជាធិប​តេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យបាន​ច្បាស់​លាស់ដើ​ម្បី​ទប់​ទល់​នូវ​ព័ត៌មាន​អគតិ​នានា​ដែល​តែង​តែ​និយាយ​លាប​ពណ៌​ឱ្យឃើញ​កម្ពុជា​ជា​ប្រទេស១​មិន​ល្អ​ ដូច្នេះ​តួនាទី​តំណាង​យើង​ដើម្បី​បង្ហាញ​ឱ្យគេ​ស្គាល់​កម្ពុជា​ឱ្យ​ច្បាស់ ព្រោះ​ធាតុពិត​នៃ​កម្ពុជា​ខុសពី​កម្ពុជា​នៅលើ​បណ្តាញ​សារព័ត៌​មាន​រប​ស់ប​ណ្តា​អគតិ​»​។​

​ជា​មួយ​គ្នានេះ​ដែរ​ លោក ​កុយ គួ​ង ដែល​ទើប​ទទួល​បា​ន​ការតែង​តាំង​ជា​ឯកអគ្គ​រាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​បាន​ថ្លែង​ក្នុង​នាម​រូបលោ​ក​ផ្ទាល់​និង​តំណាង​ឱ្យ​ឯក​អគ្គរាជ​ទូត​ផ្សេង​ទៀត​ដោយ​បញ្ជាក់​ថា​៖«​យើង​ប្តេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា​គឺ​លើកត​ម្កើង​មុខ​មាត់​កម្ពុជា​រក្សា​ឧត្តម​ភាព​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ​និង​ធ្វើយ៉ាង​ណា​ឱ្យ​ការ​ទូត​របស់​យើង​កាន់​តែ​រីក​ចម្រើន​ទៀត ទាំង​វិស័យ​វិនិ​យោគ​ ទេស​ចរណ៍​យើង​ខិតខំ​ផ្សព្វ​ផ្សាយ​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំង​ដើម្បី​ជា​កំណើន​សេដ្ឋ​កិច្ច​មួយ​»។

​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំ​នង​អន្តរជា​តិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​លោក គិ​ន ភា បាន​ថ្លែងថា​ ជា​ការពិត​ តួនាទី​ឯក​អគ្គរា​ជទូត​កម្ពុជា​ប្រចាំ​ក្រៅ​ប្រទេស​គឺមាន​សារៈ​សំខាន់​ណាស់​ជាពិ​សេស​ការងារ​ទំនាក់​ទំនងគឺ​ឯក​អគ្គរាជ​ទូត​ជា​តំណាង​ពេញ​សមត្ថ​ភាព​របស់​កម្ពុជា ​ជា​អ្នក​ការពារ​និង​ស្វែង​រក​នូវ​ផល​ប្រយោជន៍​ទាំង​វិស័យ​នយោបា​យ សេដ្ឋកិច្ច​កិច្ច សង្គម ​ផ្សព្វផ្សា​យ​វប្បធម៌​និង​ទាក់​ទាញ​ការ​វិនិយោគ​។​

​លោក​ថា​៖«​មួយ​ទៀត​នោះ​គឺ​ការងារ​កុងស៊ុល​ដែល​ជួយ​អន្តរា​គមន៍​ការពារ​ប្រជាព​លរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ដែល​កម្ពុជា​ដាក់​ទូត​នៅ​ទីនោះ​ហើយ​កន្លងមក​យើង​ឃើញ​ថា​ ឯក​អគ្គរាជ​ទូត​យើង​ជាច្រើន​បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ តួនាទីនិង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​បានល្អ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រទេស​យើង​»​។

លោក​បន្ថែម​ថា អ្វី​ដែល​ត្រូវ​ចាំ​ឱ្យ​ច្បាស់​នោះគឺ​អ្នក​ការ​ទូត​បច្ចុប្បន្ន​មិនមែ​ន​អ្នកការ​ទូត​ប្រពៃណី​​ដែល​គ្រាន់តែ​ជា​តំណាង​កម្ពុជា​នៅឯ​បរទេស​ទេ​គឺជា​អ្នក​ការ​ទូត​ដែល​ស្វែងរក​នូវ​ផល​ប្រយោជន៍​សម្រាប់​ជាតិ​ ជំរុញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា ផ្សព្វ​ផ្សាយ​សក្តានុ​ពល​នៃ​ការវិនិ​យោគ​និង​ទេស​ចរណ៍​ជា​ដើម​។​

​សូម​ជម្រាប​ថា ​ឯកអគ្គ​រាជ​ទូត​ថ្មី​ទាំង​១០​រូប​ដែល​នឹង​ចេញ​ទៅ​បំពេញ​បេស​កម្ម​នៅក្រៅ​ប្រទេស​រួមមាន​ លោក កុយ គួ​ង ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​ លោក ​ស្មាន ម៉ា​ណាន ​ឯកអគ្គរាជ​ទូត​ប្រចាំ​ប្រទេស​កូវ៉ែត​ លោក ហ៊ុន ​សារឿន ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ប្រទេស​ថៃ​ឡង់​ដ៍ ​លោក ជឺ​ន​បូរាណ​ ច័ន្ទ​បុរី ឯ​កអគ្គរាជ​ទូត​ប្រចាំ​នៅ​ប្រទេស​អូ​ស្ត្រាលី ​លោក ជា ធី​រៈ ឯក​អគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​គុយ​បា លោក ពេជ្រ​ឃុន ប​ញ្ញា ឯក​អគ្គរាជ​ទូត​ប្រចាំ​ប្រទេស​រុស្ស៊ី ​លោក អ៊ិន តារា ឯក​អគ្គរាជ​ទូត​ប្រចាំ​ប្រទេស​ស្វ៊ីស ​លោក ជុំ អង្គ​វិចិត្រ ឯក​អគ្គរាជ​ទូត​ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ​លោក លឹម ហុក​សេង ឯក​អគ្គរាជ​ទូត​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយ​ណេ និង​លោក ​អ៊ុក ចាន់​ដា​រ៉ា ឯក​អគ្គ​រាជ​ទូត ប្រចាំ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​៕