ភ្នំពេញៈ មន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបពិភាក្សាគ្នា ក្នុងកម្រិតថ្នាក់ដឹកនាំ ដើម្បីរៀបចំប្រកាសអន្តរក្រសួង លើការគ្រប់គ្រងផលិតផលហាឡាល ដែលមានទិសដៅក្នុងការផ្តល់សេវាសាធារណៈ និងបែងចែកចំណូលក្នុងផ្តល់សេវាដល់អាជីវកម្មនេះ។
ប្រកាសអន្តរក្រសួងនេះ គឺមានចំនួន២ រួមមាន១ ការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មលើការគ្រប់គ្រងផលិតផលហាឡាល និង២ ការបែងចែកចំណូលពីសេវាសាធារណៈ លើការគ្រប់គ្រងផលិតផលហាឡាល ដែលត្រូវបានលើកយកមកពិភាក្សាគ្នាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន កបប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ មករាថា កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងលើការរៀបចំប្រកាសអន្តរក្រសួងចំនួន២នេះ គឺដឹកនាំដោយលោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងរូបលោកផ្ទាល់តំណាងក្រសួងពាណិជ្ជកម្ម។
ការរៀបចំប្រកាសអន្តរក្រសួងនេះ គឺធ្វើឡើងដោយយោងតាមការណែនាំពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ដែលមានលោក ប៉ាន សូរស័ក្តិ ជាប្រធាន ដើម្បីដាក់ចេញនូវយន្តការក្នុងការផ្តល់ជូនសេវាសាធារណៈដែលមានកម្រៃក្នុងការផ្តល់ជូនសេវាសាធារណៈនេះជូនដល់ធុរជន។
លោក ផាន អូន បញ្ជាក់ថា៖«ការយកកម្រៃពីអ្នកដែលមានបំណងចង់ស្នើសុំការត្រួតពិនិត្យ ឬការចេញវិញ្ញាបនបត្រផលិតផលហាឡាល ឬផលិតផលនាំចូលដែលតម្រូវឱ្យមានការដាក់ស្លាកសញ្ញាហាឡាល ដោយសុំឡូហ្គោហាឡាល។ ទាំងនេះ គឺយើងត្រូវមានយន្តការមួយដែលត្រូវបង្កើតឱ្យបានច្បាស់លាស់ ឱ្យមានការឯកភាពគ្នារវាងតំណាងក្រសួង»។
កាលពីឆ្នាំ២០១៦ រដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ក្នុងគោលបំណង ដើម្បីលើកកម្ពស់ផលិតផលហាឡាល ដែលមានអគ្គនាយកដ្ឋាន កបប និងមានក្រុមឯកទេសផលិតផលហាឡាល ជាជំនួយផ្នែកបច្ចេកទេស និងសាសនាឥស្លាមលើកិច្ចការហាឡាល ដើម្បីពិនិត្យបច្ចេកទេសស្តង់ដា និងតាមដានការផ្តល់សេវាកម្ម ការផលិត ឬការវេចខ្ចប់ផលិតផលហាឡាលកម្ពុជា។
តាមអនុក្រឹត្យ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា មានតួនាទី និងភារកិច្ចក្នុងការសិក្សាស្រាវជ្រាវ រៀបចំ និងចងក្រងឯកសារទាំងទ្បាយឱ្យទៅជាផ្លូវច្បាប់ ស្តីពីការងារហាទ្បាលកម្ពុជា និងតាមដានការវិវឌ្ឍការងារហាទ្បាលកម្ពុជា ខណៈគណៈកម្មាធិការនេះ មានសមត្ថកិច្ចលើការងារត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ព្រមទាំងការពារស្លាកសញ្ញាហាទ្បាលកម្ពុជាផងដែរ។
ក្រៅពីកិច្ចការងារនេះ កាលពីថ្ងៃទី២៤ មករា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គជកប) បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យឡើងវិញលើសេចក្តីសម្រេចរបស់ខ្លួនតាមបណ្តឹងតវ៉ារបស់ក្រុមហ៊ុនចំនួន២។
ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋាន កបប បានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីស្តាប់ការបំភ្លឺ និងផ្តល់សក្ខីកម្ម របស់ក្រុមហ៊ុនចំនួន២ ដែលបានស្នើសុំឱ្យ គជកប ពិនិត្យឡើងវិញ និងដកសេចក្តីសម្រេច ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ គជកប វិញ។
ទំព័រហ្វេសប៊ុកដដែល បានឱ្យដឹងបន្តថា ក្នុងរយៈពេលកន្លងមក មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន កបប ដែលជាសេនាធិការ និងជាលេខាធិការដ្ឋានរបស់ គជកប បានបើកការស៊ើបអង្កេត និងបានរកឃើញក្រុមហ៊ុនចំនួន១៩ បានផ្សាយពាណិជ្ជកម្មលក់ផលិតផល ទំនិញ ឬសេវារបស់ខ្លួន មិនមានភាពអនុលោមទៅនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
បន្ទាប់ពីបានទទួលរបាយការណ៍ពីមន្ត្រី អគ្គនាយកដ្ឋាន កបប និងបន្ទាប់ពីបានកោះអញ្ជើញក្រុមហ៊ុនទាំង១៩ ឱ្យមកបំភ្លឺនិងផ្តល់អំណះអំណាងចំពោះអត្ថបទនិងរូបភាពផ្សាយពាណិជ្ជកម្មរបស់ខ្លួន គជកប បានចេញសេចក្តីសម្រេចបង្គាប់ឱ្យក្រុមហ៊ុនទាំង១៩ បង់ប្រាក់ពិន័យអន្តរការណ៍ដែលកំណត់ដោយច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងកែតម្រូវអត្ថបទឬរូបភាពផ្សាយពាណិជ្ជកម្មឱ្យស្របតាម ខ្លឹមសារនៃច្បាប់។
បើតាមលោក ផាន អូន បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់ គជគប ក្រុមហ៊ុនចំនួន១៧ បានយល់ព្រមសហការអនុវត្តតាមស្មារតីនៃសេចក្តីសម្រេច និងមានក្រុមហ៊ុនចំនួន២ បានដាក់បណ្តឹងតវ៉ាមក គជកប ឱ្យពិនិត្យនិងដកសេចក្តីសម្រេចនេះវិញ។
លោក បានបញ្ជាក់ថា៖«ក្រោយចប់កិច្ចប្រជុំនេះ គជកប បានទុកពេល១សប្តាហ៍ទៀត ឱ្យក្រុមហ៊ុនទាំង២នេះ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលើកទី១ មុននឹងចេញសេចក្តីសម្រេចជាថ្មីទៀត ដោយស្របតាមច្បាប់ជាធរមាន»៕