ភ្នំពេញ: ក្រសួងព័ត៌មាន នឹងធ្វើការកោះហៅ អ្នកសារព័ត៌មានទូរទស្សន៍អនឡាញឈ្មោះ សុវណ្ណ រិទ្ធី ដែលបានប្រើតួនាទីលើសពីដែនកំណត់វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទៅសាកសួរ ក្នុងករណីឈ្លោះប្រកែករហូតដល់តឹងសរសៃក ជាមួយបុរសម្នាក់ ដែលបានជួយយកអាសាជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍។
ការកោះហៅសាកសួរនេះ គឺបន្ទាប់ពីលោក សុវណ្ណ រិទ្ធី បានប្រកែកតតាំង និងចោទប្រកាន់អ្នកដំណើរម្នាក់ ដែលជួយយកអាសាប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូកង់ ៣ កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅគល់ស្ពានជ្រោយចង្វារ។
នៅក្នុងវីដេអូបង្ហោះលើហ្វេសប៊ុក ដែលក្រោយមកត្រូវបានលុបចោលនៅពេលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហាញថា លោក សុវណ្ណ រិទ្ធី បានស្រែកតឹងសរសៃកទៅលើបុរសម្នាក់ ដែលបានសុខចិត្តទទួលស្គាល់ថា ខ្លួនមានកំហុស ដែលលើកម៉ូតូ ជាវត្ថុតាង និងបានសំពះសុំទោសអ្នកសារព័ត៌មានខាងលើនេះជាច្រើនដង ដោយសុំឱ្យបញ្ចប់រឿងត្រឹមការសុំទោសនេះ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទាក់ទងនឹងករណីនេះ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នឹងអញ្ជើញម្ចាស់គេហទំព័រនេះមកសាកសួរចំពោះករណី [កំពុងតែផ្ទុះខ្លាំងនេះ] ផងដែរ»។
លោកបន្ដថា៖ «កន្លងមកបងប្អូនអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់ បានចូលរួមចំណែកបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានដល់សាធារណជន។ ប៉ុន្ដែនៅក្នុងនោះយើងក៏បានឃើញថា បងប្អូនអ្នកសារព័ត៌មានមួយចំនួនតូច នៅតែមិនទាន់អនុវត្ដតួនាទី និងភារកិច្ចបានត្រឹមត្រូវ ហើយការប្រកាន់យកនូវក្រមសីលធម៌វិជ្ជាជីវៈក៏មិនទាន់ពេញលេញផងដែរ»។
លោកនិយាយថា ការអនុវត្ដ និងបំពេញភារកិច្ច ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈនៅចន្លោះប្រហោងនេះ បានជះឥទ្ធិពលដល់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ទោះយ៉ាងណាលោក មាស សុភ័ណ្ឌ មិនទាន់ បានបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការកោះហៅលោក សុវណ្ណ រិទ្ធី ទៅសាកសួរនៅឡើយ។
នៅពេល ភ្នំពេញ ប៉ុស្តិ៍ បានទាក់ទងសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះ លោក សុវណ្ណ រិទ្ធី បាននិយាយយ៉ាងខ្លីថា៖ «ខ្ញុំសូមមិននិយាយអ្វីទាំងអស់។ ទុកពេលឱ្យខ្ញុំនៅម្នាក់ឯងសិន»។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយវីដេអូឃ្លីបខ្លី នៃឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ ក្នុងនាមជាពលរដ្ឋម្នាក់។ ដោយមើលឃើញពីមតិយោបល់ប្រឆាំងច្រើនជាងការគាំទ្រ លោកសុខា បានផ្ដោតលើកត្ដា ៤ ចំណុច ដែលក្ដោបរួមចង់បង្ហាញអត្ថន័យនៃការចេះជួយយកអាសាគ្នា រវាងប្រជាជនខ្មែរ ដោយការជួយសង្គ្រោះជនរងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ជាអាទិភាព ដែលមិនបានគិតអំពីផ្លូវច្បាប់ក្នុងការទុកឱ្យប៉ូលិសចរាចរណ៍វាស់វែងសិន។
លោកសរសេរថា៖ «ខ្ញុំថា បើយើងបន្ទោស ឬដាក់កំហុសលើគាត់ [បុរសជួយយកអាសា] ហាក់ដូចជា យើងនាំគ្នាបំផុស ឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួមក្នុងស្ថានភាពនោះ បើសិនជាយើងវិញ យើងក្ដី មហាជនក្ដីគិត ឬមើលឃើញថា ជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម»។
លោកបានបន្ដថា ទោះវត្ថុតាងត្រូវបានយកចេញពីកន្លែងកើតហេតុយ៉ាងណាក៏ដោយ ក៏ប៉ូលិសចរាចរណ៍នៅមានវិធីសាស្ដ្រច្រើនទៀត ក្នុងការប្រមូលភ័ស្ដុតាងស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះពិតប្រាកដដែរ។
លោកបានលើកឡើងថា៖ «ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានមធ្យោបាយច្រើនទៀត ដែលអាចប្រមូល និងបង្ហាញភ័ស្ដុតាងបានដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន ស្លាកស្នាមនៅកន្លែងកើតហេតុ ចម្លើយរបស់ភាគី អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ ដែលសុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន»។
លោក សុខា ក៏បានបញ្ចេញមតិខ្លះៗជុំវិញការផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានថា អ្នកសារព័ត៌មានគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់ ពោលគឺ ផ្ដល់ព័ត៌មានពិត ទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកជាមួយនរណាម្នាក់នោះឡើយ។
ដោយបានអានសំណេរបញ្ចេញមតិចំពោះឧប្បត្ដិហេតុរវាងអ្នកសារព័ត៌មានអនឡាញ និងបុរសជួយលើកអ្នករងរបួស និងម៉ូតូចេញពីផ្លូវ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានសរសេរគាំទ្រដល់លោក ស សុខា ដោយលោកបានផ្ដោតសំខាន់លើការជួយមនុស្សជាមុនទៅតាមទម្លាប់ប្រពៃណីខ្មែរ ដែលតែងតែជួយយកអាសាគ្នា។
លោកនាយករដ្ឋមន្ដ្រី បានសរសេរដោយប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «គាំទ្រការបកស្រាយ និងពន្យល់របស់ក្មួយ ស សុខា។ ត្រូវជួយគ្នាជាមុន ទើបបញ្ចៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកបានជួយ ដែលនេះជាវប្បធម៌ដ៏ល្អនៃជាតិសាសន៍យើង»។
លោក មាស សុភ័ណ្ឌ បន្ដថា ការអនុវត្ដសកម្មភាពមួយចំនួន ដែលប៉ះពាល់ ឬប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឱ្យមានប្រតិកម្មផ្សេងៗពីសាធារណជនឬក៏ប្រជាពលរដ្ឋ ចំពោះអ្នកព័ត៌មាននេះ។ នេះជាកត្ដាមួយដែលអ្នកសារព័ត៌មានទាំងអស់ត្រូវចៀសវាង ហើយត្រូវរំឭកដល់ខ្លួនឯងឱ្យជាប់ជាប្រចាំថា ការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួនត្រូវគោរពទៅតាមបទដ្ឋានគតិយុត្ត ព្រមទាំងប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនកុំបំពេញតួនាទីលើសពីអ្វីដែលជាសិទ្ធិ និងការទទួលខុសត្រូវទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន។
លោកបន្ថែមថា៖ «យើងត្រូវការប្រមូលព័ត៌មានឱ្យបានច្រើនហើយនៅក្នុងសប្ដាហ៍នេះយើងនឹងអញ្ជើញម្ចាស់គេហទំព័រនេះ ហើយយើងនឹងសម្រេចថា តើនឹងត្រូវអនុវត្ដវិធានការបែបណាទៀត ក្រោយការហៅសួរនាំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានខៀវ កាញារីទ្ធ ធ្លាប់បានដកអាជ្ញាប័ណ្ណគេហទំព័រចំនួន ៣ របស់លោកសុវណ្ណ រិទ្ធីម្ដងរួចមកហើយដោយសារតែម្ចាស់ស្ថាប័នសារព័ត៌មានរូបនេះរងនូវបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយបង្ហោះសាររបស់លោកនាយករដ្ឋមន្ដ្រីថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
ករណីនេះ លោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ១៨ ខែ តែតម្រូវឱ្យអនុវត្តទោសក្នុងពន្ធនាគារ ៥ ខែ និង ២៨ ថ្ងៃ ចំណែកទោសនៅសល់ត្រូវបានព្យួរ៕