ភ្នំពេញៈ ប្រជាពលរដ្ឋជិត ៤ ម៉ឺននាក់ បានទទួលផលវិជ្ជមានពីសកម្មភាពដោះមីន និងផ្ទៃដីជាង ២៣ លានម៉ែត្រក្រឡា ត្រូវបានរំដោះចេញពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈ ការចូលរួមពីអង្គការ APOPO ប្រចាំកម្ពុជា។ នេះ បើតាមអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ នាថ្ងៃទី ២៥ មករា។
ក្នុងជំនួបជាមួយលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា និងលោក Charlie Richter នាយកកៀរគរមូលនិធិរបស់អង្គការ APOPO នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី ២៥ ខែមករា លោកទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងថា ការចូលរួមធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាការរួមចំណែកសំខាន់ ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកម្ពុជា។
លោកបន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អង្គការ APOPO ក្នុងការងាររាវរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤ មក។ សកម្មភាពនេះ ពិតជាបានចូលរួមក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីអាចប្រកបការងារដោយសុវត្ថិភាព។
លោកបន្ថែមថា បច្ចុប្បន្ន អង្គការ APOPO មានបុគ្គលិកសរុបចំនួន ៩៥ រូប ដែលបានប្រតិបត្តិការរាវ រកមីន និងគ្រាប់ ដោយប្រើប្រាស់សត្វកណ្តុរ និងសុនខ នៅខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក្រោមភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយអង្គភាពស៊ីម៉ាក់ និងអង្គការ MAG។
លោកលី ធុជ បញ្ជាក់ថា៖ «គិតត្រឹមខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ អង្គការ APOPO បានចូលរួមបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងទំហំផ្ទៃដីចំនួន ២៣ ០១១ ៥៨៣ ម៉ែត្រក្រឡា និងបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៨ ០៦៩ នាក់ ឬស្មើនឹង ៨ ៩២៨ គ្រួសារថែមទៀត»។
បើតាមជំនួបខាងលើ អង្គការ APOPO គឺជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសបែលហ្ស៊ិក និងជាអង្គការបោសសម្អាតមីនមនុស្សធម៌ ដែលទទួលបានបណ្ណ ទទួលស្គាល់ និងអាជ្ញាប័ណ្ណផ្លូវការ ពីអាជ្ញាធរមីន សម្រាប់អនុវត្តការងារបោសសម្អាតមីន/គ្រាប់ក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់សត្វកណ្តុរហិតរកមីន/គ្រាប់ អង្គការ APOPO ជាអង្គការទី១ ក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់ វិធីសាស្ត្រនេះ ដែលសត្វកណ្តុរទាំងនោះ នាំមកពីប្រទេស Tanzania នៃទ្វីបអាហ្រ្វិក។
បន្ថែមលើការប្រើប្រាស់សត្វកណ្តុរក្នុងការហិតរកមីន/គ្រាប់ អង្គការ APOPO បានប្រើប្រាស់សត្វសុនខជាជំនួយក្នុងការហិតរក មីន/គ្រាប់ ដែលជាវិធីសាស្ត្រថ្មីក្នុងការស្រាវជ្រាវ និងបោសសម្អាត ដោយសហការជាមួយអង្គការ MAG និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
គិតចាប់ពីឆ្នាំ ១៩៩២-២០២១ រយៈពេល ២៩ ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២ ៣២៥ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល។ ក្នុងនោះ វិស័យកសិកម្ម ៧១% ហេដ្ឋារចនាសម្ព័ន្ធ ៨% និងផ្សេងៗ ២១% រួមមានការសាងសង់លំនៅឋាន ភូមិក សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលជាង ៧ លាននាក់។
ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់នៅឆ្នាំ ១៩៩៦ មកត្រឹម ៤៤ នាក់ក្នុងឆ្នាំ ២០២១។ ដោយមើលឃើញថា បញ្ហាមីននៅតែធ្វើឱ្យមានអ្នករងគ្រោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសដាក់ ចេញនូវយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥»។
អាជ្ញាធរមីន និងតំណាងអង្គការ APOPO ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈការចូលពីដៃគូពាក់ព័ន្ធ ពិសេសការចូលរួមពីអង្គការអន្តរជាតិ នឹងជួយពន្លឿនឱ្យសម្រេច យុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីន នៅឆ្នាំ ២០២៥»៕