ភ្នំពេញៈ ដើម្បី​ស្វែងយល់​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស នៅ​ប្រទេស​ជប៉ុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន​បាន​ឯកភាព​ឱ្យមាន​ការចាប់​ផ្ដើមឡើង​វិញ នូវ​កម្មវិធី​សម្រាប់​អ្នកនយោបាយ​វ័យក្មេង​កម្ពុជា ហើយ​បាន​ប្តេជ្ញា​ក្នុងការ​រក្សា​ខ្ជាប់ខ្ជួន​នូវ​កិច្ចសន្ទនា ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​រវាង​ប្រទេស​ទាំង​ ២​។​

​ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាប់ពី​ថ្ងៃទី​ ២១ ដល់ទី ​២៤ ខែមករា​។

​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ប្រព្រឹត្តទៅ​ស្របពេល​នឹង​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ផងដែរ​។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​ ២៤ ​មករា សរសេរថា​៖ «​ចំពោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ បាន​ឯកភាព​ឱ្យមាន​ការចាប់ផ្ដើម ឡើងវិញ​នូវ​កម្មវិធី​សម្រាប់​អ្នកនយោបាយ​វ័យក្មេង​កម្ពុជា ដែល​ត្រូវបាន​ខកខាន​ដោយសារ​ជំងឺ​រាតត្បាត​សកល ដើម្បី​ស្វែងយល់​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​ជប៉ុន និង​បាន​សម្តែង​នូវ​ការប្តេជ្ញា​ក្នុងការ​រក្សា​ខ្ជាប់​នូវ​កិច្ចសន្ទនា ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស ដែលមាន​ស្រាប់ រវាង​ប្រទេស​ទាំង​២»​។​

រដ្ឋមន្ត្រី​ទាំង​២​ក៏បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ភាពល្អប្រសើរ​បំផុត​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី ដែល​ត្រូវបាន​ស្ដែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​យ៉ាង​ញឹកញាប់​។ ជាពិសេស គឺ​ជំនួប​កំពូល​ទ្វេភាគី​ចំនួន​ ៤​ លើក រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ហ្វូ​មី​អូ គី​ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ឆ្នាំមុន​។ លើសពីនោះ​ភាគី​ទាំង​ ២ ក៏បាន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​យ៉ាងសកម្ម​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ​ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច រវាង​នាយទាហាន​នៃ​ប្រទេស​ទាំង​ ២ និង​ការចូល​ចត​របស់​នាវា​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន (JMSDF) នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ឆ្នាំមុន​។​

​ក្រសួង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា រដ្ឋមន្ត្រី​ទាំង​ ២​ ក៏បាន​សម្តែង​ការរីករាយ​ចំពោះ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ដែល​បាន​ឈានទៅ​ជិត​ដល់​កម្រិត​មុន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ព្រមទាំង​លំហូរ​យ៉ាងខ្លាំង នៃ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​ចូលមក​កម្ពុជា​។ បន្ថែម​ពី​នោះ​រដ្ឋមន្ត្រី​ទាំង ​២ ក៏បាន​ឯកភាព​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គា្ន ក្នុងការ​លើកកម្ពស់​ប​ន្ថែ​ម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន រួមទាំង​ការជំរុញ​ឱ្យមាន​ការហោះ​ហើរ​ផ្ទាល់​ឡើងវិញ​រវាង​កម្ពុជា និង​ជប៉ុន​ផងដែរ​។​

​ក្រសួងការបរទេស​ប​ញ្ជា​ក់ថា​៖ «​ឯកឧត្ដម​ ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដល់​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា ព្រមទាំង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ និង​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបន្ត​គាំទ្រ​របស់​ជប៉ុន ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ដើម្បី​សម្រេច​គោលដៅ​«​កម្ពុជា​គ្មាន​គ្រាប់មីន​នៅត្រឹម​ឆ្នាំ ​២០២៥»​ របស់​កម្ពុជា​»​។

​រដ្ឋមន្ត្រី​ទាំង​ ២​ ក៏បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​ឯកភាពគ្នា​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ពិសេស​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​អាស៊ាន​។​

​លើសពីនោះ រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​នៅក្នុង​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់​រួម ក្នុងនោះ​រួមមាន​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ លោក​ប្រាក់ សុខុន ក៏បាន​បញ្ជាក់​សាជាថ្មី​ពី​ការគាំទ្រ​ឥត​ងាករេ​របស់​កម្ពុជា​ចំពោះ​ជប៉ុន​ជា​សមាជិក​អចិ​ន្រៃ្ត​យ៍រ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន ក្នុងការ​ព​ន្លឿ​ន​ឱ្យមាន​ដំណោះស្រាយ​ឆាប់រហ័ស លើ​បញ្ហា​ការចាប់​ពង្រត់​ជនជាតិ​ជប៉ុន​ដោយ​កូរ៉េខាងជើង​។

​លើសពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​គោលការណ៍​សំខាន់​ ៣ នៃ​យុទ្ធសាស្ត្រ​សន្ដិសុខ​ជាតិ​ជប៉ុន (NSS) ដែល​ផ្តោតលើ​វិភាគទាន​ប្រកបដោយ​បុ​រេ​សកម្ម​ដើម្បី​សន្តិភាព គុណ​តម្លៃ​សកល និង​សន្តិ​សហ​វិជ្ជមាន ព្រមទាំង​វិបុលភាព​រួមគ្នា​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃទៀត​។​

​អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​លោក យង់ ពៅ ថ្លែងថា កម្ពុជា និង​ជប៉ុន បាន​ដំឡើង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូតដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​មួយ ខណៈ​ឆ្នាំនេះ​កម្ពុជា និង​ជប៉ុន ក៏បាន​ប្រារព្ធ​ខួប ៧០​ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត ស្របពេល​ភាគី​ទាំង ​២ ​ក៏​ដំឡើង​កិច្ចសហប្រតិបត្តិការ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ទ្វេភាគី​។​ «​អ៊ីចឹង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រាក់ សុខុន​ក៏ដូចជា​ការដំឡើង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​នេះ​បានផ្តល់​ផលចំណេញ​ទៅវិញទៅមក​ទាំង​នយោបាយ ការទូត សេដ្ឋកិច្ច​ពាណិជ្ជកម្ម យុទ្ធសាស្ត្រ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»៕