ភ្នំពេញៈ ​ក្នុង​រយៈ​ពេល ​៥ ​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥​ ខែមករា​ ក្រុម​គ្រូពេទ្យ​ឯក​ទេស​វះកាត់​នៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូ​វៀត​ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​ទូទៅ​មកពី​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​អ្នក​ជំងឺ ​៨៦​ នាក់​ និង​វះកាត់​បាន​ចំនួន​ ៥៨ នាក់ ​លើ​ជំងឺ ពោះ​វៀន ឫស​ដូង​បាត បូស​អន្ទង់ ដុំ​ពក​ក និង​មុខ​មាត់ ​ជាដើម​។​

​លោក​វេជ្ជ​បណ្ឌិត ​ម៉ុក ធា​វី នាយក​រង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត បាន​ឱ្យដឹង​នៅ​ថ្ងៃទី ២៦​ ខែមករា​ថា មន្ទី​រពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត ក្រោម​កិច្ច​សហ​ប្រតិ​បត្តិការ​ ជា​មួយ​ក្រុម​គ្រូពេទ្យ​ឯក​ទេស​វះកាត់​ទូទៅ​មកពី​សហ​រដ្ឋ​អាមេរិក (Surgeons ​for Cambodia) បាន​បើក​ការ​ពិនិត្យ​ពិគ្រោះ​និង​ព្យា​បាល​ជំងឺ​ធ្ងន់ៗ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ប្រើ​ឧបក​រណ៍​ឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​ក​ពិនិត្យ​-​ពិគ្រោះ និង​ព្យា​បាល​ជំងឺ​មួយ​ចំនួន​ដូចជា ​ពោះ​វៀន ឫស​ដូង​បាត ​បូស​អន្ទង់ ដុំ​ពក​ក វះកាត់​កែ​លម្អ​ពិការ​ដៃ និង​មុខ​មាត់​។

​លោក​បន្ត​ថា​ ការ​ពិនិត្យ​ពិគ្រោះ ​និង​ធ្វើការ​វះកាត់​នេះ​ធ្វើឡើ​ង​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រហើយ​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៥ ​ខែមករា ឆ្នាំ ​២០២៣ ដោយ​ពិនិត្យ​អ្នកជំ​ងឺ​សរុប​បាន​ចំនួន ​៨៦​ នាក់ និង​​វះកាត់​បាន​ ៥៨ នាក់​។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​បាន​ពិនិត្យ​មាន​អ្នកជំងឺ​មួយ​ចំនួន​មិន​តម្រូវ​ឱ្យវះ​កាត់​​ទេ ដោយ​សារ​ស្ថាន​ភាព​អ្នក​ជំ​ងឹ​ត្រូវ​ប្រើ​លេប​ថ្នាំ​ព្យា​បាល​។

​លោក​ថ្លែងថា​៖ «​អ្នក​ជំងឺ​ត្រូវ​វះកាត់​គាត់​បាន​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ នៅ​សល់តែ​អ្នក​ជំងឺ​ខ្លះ​ដែល​នៅ​បន្ត​ព្យា​បាល​ប្រហែលជា ​២-៣ ​ថ្ងៃ​ទៀត គាត់​អាច​នឹង​ជាសះ​ស្បើយ​ ហើយ​អាច​ត្រឡប់​ទៅវិញ​ហើយ​។ការវះ​កាត់​ដោយ​ឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​ក​អាច​លឿន​ទេជំងឺ​ខ្លះ​យើង​វះ​កាត់​ថង់​ទឹក​ប្រ​មាត់​អី​ គឺ​តែ ​១ ​ថ្ងៃ​ទេ គាត់​អាច​ត្រឡប់​ទៅផ្ទះ​បាន​ហើយ​»​។

​លោក​នាយ​ករង​មន្ទី​រពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​ បាន​ឱ្យដឹង​ទៀត​ថា ក្រុមគ្រូ​ពេទ្យ​សហរដ្ឋ​អាមេរិក​របស់​អង្គការ ​Surgeons for Cambodia បា​នផ្តល់​សម្ភារ​វះកាត់​ ព្រមទាំង​ផ្តល់​គ្រែ និង​សម្ភារ​វះកាត់​ផ្នែក​កូន​ក្មេង រួម​នឹង​សម្ភារ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់ ក្នុង​ពេល​កន្លង​មក ហើយ​នៅ​ឆ្នាំ ២០២៣ ​នេះ​ បា​នផ្តល់ម៉ាស៊ីន​ឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​កចំនួន​ ៤ គ្រឿង​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត​។

​លោក​វេជ្ជ​បណ្ឌិត ម៉ុក ធា​វី ប្រាប់​ថា កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត និង​ក្រុម​គ្រូពេទ្យ​មកពី​សហ​រដ្ឋ​អាមេរិក​នេះ គឺ​ដើម្បី​ចែក​រំលែក​បទពិ​សោធន៍​គ្នា​ទៅវិញ​ទៅមកនិង​ជំរុញ​ការអ​ភិវឌ្ឍ​នៃ​វិស័យ​វេជ្ជ​សាស្ត្រ​កម្ពុជា​ឱ្យ​មាន​ស្តង​ដា​អន្តរ​ជាតិ​។

​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿថា បច្ចុប្បន្ន​នេះ​បើ​គិតពី​ចំណេះ​ដឹង ​គឺ​គ្រូពេទ្យ​យើង​មាន​សមត្ថ​ភាពមិន​ចាញ់​គ្រូពេ​ទ្យ​បរទេស​ទេ យើង​អាច​នឹងមាន​បទ​ពិសោធ​ន៍​ប្លែកៗ ល្អៗដែល​គ្រូពេ​ទ្យ​បរទេ​ស​តែង​តែ​ចង់​ចូលរួម​ធ្វើការ​ជាមួយ​យើង ​ហើយ​​រាជរដ្ឋាភិ​បាល​តែង​គិតគូរ​បំពាក់​សម្ភារ​ផ្សេងៗ​ដែល​ខ្វះ​ខាត ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ដូច​បណ្តា​ប្រទេស​អា​ស៊ាន​ទាំង​អស់​»​។

​លោក​ Elliott Brender ស្ថាបនិ​ក​របស់​អង្គ​ការ SFC (Surgeons for Cambodia) ប្រចាំ​នៅ​សហ​រដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា សកម្ម​ភាព​ថ្ងៃនេះគឺជា​បេសក​កម្ម​លើកទី​១១ ដោយ​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​ ២០០៨​ ដែល​ក្រុម​គ្រូពេទ្យ​សហរដ្ឋ​អា​មេរិកបាន​ចុះមក​ពិនិត្យ ពិគ្រោះ ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​។

​លោក​បន្តថា​ បេសក​កម្ម​លើក​ទី​១១​ នេះ ក្រុម​គ្រូពេ​ទ្យ​បាន​ចុះទៅ​ពិនិត្យ​ ពិគ្រោះ​ព្យាបាល​ជំងឺ នៅតាម​​រាជធានី​-​ខេត្ត​ចំនួន​ ៤ គឺ​ទី​១. វះកាត់ ​ព្យា​បាល​ នៅ​ខេត្ត​សៀមរាប ទី​២.​ ខេត្ត​បាត់​ដំបង​, ទី​៣.​ ខេត្ត​ព្រះ​សីហនុ ​និង​ទី​៤. មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍ ថែទាំ​សុខ​ភាព ​និងបណ្តុះ​បណ្តាល​គ្រូពេទ្យ​កម្ពុជាឱ្យមាន​ជំនាញ​ឯកទេស​ ព្យាបាល​ជំងឺ វះកាត់​ដោយ​ឆ្លុះ​ឡា​ប៉ា​រ៉ូ​ស្តូប​ពិ​ក (Lapar​oscopi​c) វះ​កាត់​ពោះ​វៀន ឫស​ដូង​បាត ​បូស​អន្ទង់ ដុំ​ពក​ក វះ​កាត់​កែ​លម្អ​ពិការ​ដៃ ​មុខមាត់​៕