ភ្នំពេញៈ នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​ស្ដីពី "​ភាព​ជោគ​ជ័យ​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំកន្លង​មក​" របស់​រដ្ឋ​បាលខេ​ត្ត​កំពង់​ឆ្នាំង​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាល​ពីថ្ងៃទី​ ២៦​ ខែមករា លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិ​បាលខេត្ត​កំពង់​ឆ្នាំង ​អះអាង​ថា ​នឹង​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ឱ្យ​បាន​ត្រឹម​ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ ២០២៣ ​ខាងមុខ​​។

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​ឱ្យដឹង​ថា ក្នុង​ខេត្ត​កំព​ង់ឆ្នាំង​មាន ​១១៩ ​៥៤៨​ ខ្នង​ផ្ទះ ​ស្មើ​នឹង ១៣៤ ៤៦៣ គ្រួសារ ​ក្នុង​នោះ​បាន​សាង​សង់​បង្គន់​ក្នុង ​១ ​ផ្ទះ​បង្គន់​ ១ ​រួចរាល់​បាន ​១០៦ ១៣៧ បង្គន់ ដែល​មាន​បង្គន់​ប្រើ​ប្រាស់​រួមមាន ​១០ ៨​៣៤ ប​ង្គន់ និង​បង្គន់ ដែល​សាង​សង់​រួច​ក្នុង​រយៈ​ពេល​ជិត ១ ​ខែ​ចុង​ក្រោយ​នេះ ​បាន​ជាង ៣ ០០០ ​បង្គន់​។

​លោក​បាន​ថ្លែង​ថា៖ «​ក្នុង​រយៈ​ពេល​ជិត​ ១ ​ខែ​នេះ​ មាន​ន័យ​ថា ​បង្គន់​ដែល​យើង​ប្រជុំ​នៅ​ថ្ងៃទី​ ៣ ​ខែមករា​ ឆ្នាំ ២០២៣ វា​មាន​នៅ​សល់​បង្គន់​ជាង​ ៤ ០០០ បង្គន់ ប៉ុន្តែរយៈ​ពេល​ប៉ុន្មាន​ថ្ងៃមកនេះ​ យើង​បាន​សាង​សង់​ជាង ៣ ០០០ ​បង្គន់​ហើយ​ អ៊ិ​ចឹ​ង​នៅ​សល់​ប្រហែល ​១ ០០​០ បង្គន់​ទៀត ​យើង​នឹង​បញ្ចប់​ជា​ស្ថាពរ​តាម​ផែន​ការ​ខេត្ត​ គឺ​នៅ​ថ្ងៃទី​ ៣​១ ខែមករា ​​ដើម្បី​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​»​។

​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹង​ទៀតថា ទីតាំង​ដែល​នៅសល់​មិនទាន់​បានធ្វើ​បង្គន់​ច្រើនជាងគេ ​គឺ​នៅ​ស្រុក​កំពង់លែង ដោយសារ​ប្រជាជន​នៅ​ឃុំ​ផ្លូវ​ទូក​ ដែលជា​ប្រវត្តិសាស្ត្រ​ពួកគាត់​ធ្លាប់តែ​នៅលើ​ទឹក ហេតុនេះ​នៅពេល​ពួកគាត់​ឡើងមក​នៅលើ​គោក​គាត់​មិនសូវ​ទម្លាប់​។ ​ម្យ៉ាង​ទៀត​ស្រុក​នៅ ​មាន ៦ ​ខែ​ទឹក​ និង ៦ ខែ​គោក ​ហេតុ​នេះ​ផ្ទះ​ពួក​គាត់​ខ្លះ​ផុត​ទឹក ខ្លះ​មិន​ផុត​ទឹក​ហើយ​ទីនោះ​ជា​តំបន់​ដាច់​ស្រ​យាល​ផង​ដែរ​។

​លោក​បន្ត​ថា ប្រ​ជាជន​ដែល​នៅ​ច្រើន​គឺ​ស្ថិតនៅ​ឃុំ​ផ្លូវ​ទូក និង​សំរោង​សែន ​ដែល​ឃុំ​សំរោង​សែនមាន​​ផ្ទៃដី​ធ្វើ​ផ្ទះ​តែ ១២ ហិកតា​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​សុទ្ធ​តែជា​តំបន់​ធ្វើ​កសិកម្ម​។ ម្យ៉ាងវិ​ញទៀត​តំបន់​នោះ​ជា​តំបន់ ៣ ​ទាំង​អស់ ទាំង​ឃុំ​ផ្លូវ​ទូក និងសំរោង​សែន។ យ៉ាង​ណាក៏​ដោយ ​លោក​នាយក​រដ្ឋមន្ត្រី​បានចេ​ញ​លិខិត​សម្រេច​ធ្វើការ​កាត់​ដី​សម្រាប់​ឃុំ​ទាំង ២​ នេះ ទី​១​ គឺ​សម្រាប់​លំនៅ​ឋាន​ និង ការ​បង្ក​បង្កើន​ផល​។

​លោក​ថ្លែង​ថា​៖ «​ឥឡូវនេះ​យើង​កំពុងតែ​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​វិញ ​ដើម្បី​កុំឱ្យ​ចុះ​ធ្វើទៅ​មាន​ជួប​បញ្ហា​ខ្លះ ជា​មួយ​បងប្អូន​ប្រជា​ពលរដ្ឋ អ៊ីចឹង​ឯក​ឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី​ ជា សុផារ៉ា ​បាន​អនុ​ញ្ញាត​ឱ្យ​រដ្ឋ​បាល​ខេត្ត​ ជា​មួយ​នឹង​ជំនាញ​មន្ទីរ​ដែន​ដីក៏ដូចជា​មន្ទីរ​ កសិកម្ម និង​កង​កម្លាំង​ចុះ​ធ្វើ​ជំរឿន​ដើម្បី​ពិនិត្យ​ ព្រោះ​កន្លែង​ខ្លះ​យើង​ត្រូវ​ទុក​ពាក់​ព័ន្ធ​ដី​មួយ​ចំនួន​ណា​ជា​បឹង​បួ​»​។

​លោក​អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ បាន​សម្តែង​ការ​សប្បាយ​រីករាយ​ដែល​ក្នុង​ពេល​រយៈ​ពេល​តែ​ប្រមាណ ១ ​ខែ អា​ចធ្វើ​បង្គន់​បាន​ជាង ៣ ០០០ បង្គន់​។ យ៉ាង​ណា​ក៏​ដោយ ភាព​ជោគ​ជ័យ​នេះ​ ដោយ​សារ​មាន​ការ​ជួយជ្រោម​ជ្រែង​ពី​គ្រប់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​។

លោក​បញ្ជាក់​ថា​៖ «​ការធ្វើ​បង្គន់​នេះ ​ខុសពី​ការធ្វើ​បង្គន់​មុនៗ​ យើង​បើក​យុទ្ធ​នាការ​ពីថ្ងៃ​ទី ៣ ​មករា​មក​ យុទ្ធនា​ការ​នេះ​មាន​ន័យថា​ ទាំង​អភិ​បាល​ខេត្ត អភិ​បាល​រង​ខេត្ត​ ទាំង​ចៅ​ហ្វាយ​ស្រុក ទាំង​យុវ​ជន​សស​យក ​ទាំង​យុវជន​ផ្សេងៗ​ទៀតបូក​ទាំង​មន្ត្រី​កង​កម្លាំង ប្រដាប់​អាវុធ ប្រជា​កា​រពារ មេភូមិ​ មេឃុំ ចុះទៅ​ធ្វើ​ផ្ទាល់​ជូន​គាត់​តែម្តង​»​។

​លោក ​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ គូស​បញ្ជាក់​ថា ​ការធ្វើ​បង្គន់​បាន​លឿន​នេះ​ ដោយ​សារ​ធ្វើ​ស្រប​គ្នា មា​នន័យ​ថា ៧១ ឃុំ គឺ​ធ្វើ​ទាំង ៧១​ ឃុំ ដោយ​ចុះ​ធ្វើ​ទាំង​អស់​គ្នានៅ​ពេល​ដែល​កម្លាំង​ណាមួយ​ធ្វើ​ហើយ​នៅ​ទីតាំង​ណា​ គឺ​ត្រូវ​ដក​កម្លាំង​នោះ​ទៅ​ជួយ​ឃុំ​ផ្សេងៗ​ទៀត​។ យ៉ាង​ណា​ក៏​ដោយ ​នៅពេល​សម្រុក​ធ្វើ​បាន​លឿន បែ​រជាមាន​បញ្ហា​ខ្វះ​ចាន​បង្គន់​ទៅ​វិញ ដោយ​សារ​ការ​កុម្ម៉ង់​ទិញ​ចាន​បង្គន់​ច្រើនពេ​ក​ក្នុង​ពេល​តែមួយ​ អ្នក​ផលិត ធ្វើ​មិន​ទាន់​៕