រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានស្នើ​ជាថ្មី​ដល់​អភិបាល​រាជធានី​-​ខេត្ដ ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ ដែល​គ្មាន​ជំនាញ​បច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅតាម​ដងផ្លូវ​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់ រង់ចាំ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​យកទៅ​មូលដ្ឋាន​សុខាភិបាល​ឯកជន​។​

​ក្នុង​លិខិត​របស់​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង ដែល​បាន​ជម្រាបជូន​ដល់​អភិបាលខេត្ត​-​រាជធានី ចុះ​ថ្ងៃទី ​២៧ ខែមករា នេះ បានឱ្យដឹងថា មួយ​រយៈកាល​កន្លងមក ក្រសួងសុខាភិបាល​ធ្លាប់ធ្វើ​សេចក្ដីណែនាំ​ច្រើនលើកច្រើនសា​រួចមកហើយ ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់ និង​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន ទៅ​ដឹក​អ្នករងគ្រោះថ្នាក់​ចរាចរ​ណ៍​តាម​ដងផ្លូវ ដោយ​មូលហេតុ​រថយន្ដ​គិលានសង្គ្រោះ​របស់​មូលដ្ឋាន ពុំមាន​គ្រូពេទ្យ​ជំនាញ និង​ពុំមាន​ឧបករណ៍​សម្ភារ​បរិក្ខា​រ​ពេទ្យ​ត្រឹមត្រូវ គ្រប់គ្រាន់​ក្នុងការ​សង្គ្រោះបន្ទាន់​នៅ​ទីកន្លែង ទាំង​ការលើកដាក់ និង​ការបញ្ជូន​ជូន​រងគ្រោះ​។​

​ក្នុង​លិខិត​របស់​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា​«​ក្នុងន័យនេះ​សូម​ឯកឧត្ដម​លោកជំទាវ ធ្វើការ​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​ចំពោះ​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ ទៅតាម​បទ​ប្ប​ញ្ញាត្ដិ​ជា​ធរមាន និង​ឈានទៅ​បិទ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំងឡាយណា ដែល​នៅតែ​បន្ដ​សហការ​ជាមួយ​ម្ចាស់​រថយន្ដ​គិលានសង្គ្រោះ​ខុសច្បាប់​ទាំងនោះ​»​។​

​តាមរយៈ​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ​ម៉ម ប៊ុនហេង ក៏បាន​ស្នើឱ្យ​អភិបាល​រាជធានី​ខេត្ដ ណែនាំ​ក្រើនរំឭក​ឱ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ដ ពង្រឹង​បន្ថែម​នូវ​សេវា​រថយន្ដ​គិលានសង្គ្រោះ​បម្រើការ​ក្នុង​សេវាសាធារណៈ នៅក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួនៗ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ទាក់ទង​នឹង​ការណែនាំ​នេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឱ្យដឹងថា នេះ​ជាការ​ណែនាំ​បន្ថែម​របស់​ក្រសួងសុខាភិបាល ប៉ុន្តែ​កន្លងមក​ខេត្តកំពង់ស្ពឺ​បាន​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ គ្រប់សព្វ​ទាំងអស់ រួមទាំង​ក្នុងអំឡុងពេល​នៃ​យុទ្ធនា​ការប្រយុទ្ធ​ជាមួយនឹង​កូ​វីដ ​១៩​ ផងដែរ​។​

​លោក​បាន​ថ្លែងថា៖ «​វា​មិនមាន​ជា​បញ្ហា​ចោទ​នោះទេ​សម្រាប់​ខេត្ត​យើង ហើយ​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​គឺជា​រឿង​ត្រឹមត្រូវ ហើយក៏​យើង​បាន​ខិតខំ​ធ្វើតាម​តាំងពីដើម​រៀងមក​»​។​

​ត្រង់ចំណុច​នេះ លោក វ៉ី សំណាង បានធ្វើការ​ពន្យល់ថា រយៈពេល​ប្រមាណ​ជា​ជិត​១០​ឆ្នាំ​កន្លងមកនេះ ការផ្តល់សេវា​ដឹកជញ្ជូន​អ្នកជំងឺ​ដែល​គ្រោះថ្នាក់​ចរាចរណ៍ និង​ការដឹក​សព​ទៅដល់​ផ្ទះ​ជនរងគ្រោះ គឺ​ខេត្ត​មិនដែល​យក​សេវា​នៃ​ការដឹកជញ្ជូន​ទាំងអស់​នេះឡើយ​។

​អភិបាលខេត្ត​រូបនេះ ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ខេត្តកំពង់ស្ពឺ​លោក​មិនដែល​ជួប ឬឮថា​មាន​ករណី ឬ​ព្រឹត្តិការណ៍​ដែល​រថយន្ត​សង្គ្រោះបន្ទាន់ ដណ្តើម​ដឹក​អ្នកជំងឺ​នោះទេ ហើយ​លោក​ក៏​មិន​ចង់ឱ្យមាន​ករណីបែបនេះ​កើតមាន​ក្នុង​ខេត្ត​របស់លោក​ឡើយ​៕​