​ភ្នំពេញៈ លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​អង្គ​មហាសន្និបាត​គណបក្ស​រួមគ្នា​ធ្វើ​រាល់​កិច្ច​ការឱ្យ​បានល្អ​បំផុត​ដើម្បី​ឈានទៅ​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត នៅ​ខែកក្កដា ខាងមុខ និង​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​កម្មវិធី​នយោបាយ​ថ្មី​មួយ​របស់​គណបក្ស​ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការដឹកនាំ​ប្រទេស​រយៈពេល​៥​ឆ្នាំ​។

​ក្នុង​ពិធី​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​នា​ថ្ងៃទី​២៨ ខែមករា លោក ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា ថ្លែងថា ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៨-២០២៣ និង​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្តើម​នីតិកាល​ថ្មី​រយៈពេល​៥​ឆ្នាំ​បន្តទៀត​។

​លោក​ថ្លែងថា​៖ «​យើង​ពិត​ជាមាន​កិច្ចការ​ច្រើនណាស់ ដែល​ត្រូវធ្វើ​នាពេល​ចំពោះមុខ ហើយ​ក្នុងនោះ​ក៏ត្រូវ​រួមគ្នា​ធ្វើ​រាល់​កិច្ច​ការឱ្យ​បានល្អ​បំផុត​ដើម្បី​ឈានទៅ​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧»​។​

​លោក​បន្តថា គណបក្ស​បាន​ខិតខំ​ជា​បន្តបន្ទាប់​រួចមកហើយ តាមរយៈ​ការអនុវត្ត​នូវ​ទិសដៅ​ការងារ​ដែល​កំណត់ដោយ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៣ កាលពី​ខែធ្នូ ឆ្នាំ​២០២១ និង​ដោយ​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​វិសាមញ្ញ កាលពី​ខែកក្កដា ឆ្នាំ​២០២២ ព្រមទាំង​ទិសដៅ​ជាក់ស្ដែង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស បាន​ណែនាំ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ដ្រី​នៅ​រាជធានី និង​ខេត្ត​នានា​។

​លោក ហេង សំរិន បន្ថែមថា​៖ «​ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ​យើង​ត្រូវតែ​ជំរុញ​ល្បឿន​នៃ​ការអនុវត្ត​ទិសដៅ​ខាងលើ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ព្រោះ​ជិត​ដល់ទី​ផ្តាច់ព្រ័ត្រ​ហើយ​»​។

​លោក​បន្តថា​៖ «​អង្គ​មហាសន្និបាត​របស់​យើង​នៅពេលនេះ គឺ​ត្រូវ​រួមគ្នា​សម្រេច​ឱ្យបាន​នូវ​កម្មវិធី​នយោបាយ​ថ្មី​មួយ​របស់​គណបក្ស ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការដឹកនាំ​ប្រទេស​រយៈពេល​៥​ឆ្នាំ ហើយ​ដែល​ដំបូងបង្អស់​គឺ​ត្រូវ​យកទៅ​ឃោសនា​ផ្សព្វផ្សាយ​នៅពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បន្តទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​បាន​យល់​ជ្រួតជ្រាប និង​បោះឆ្នោត​គាំទ្រ​គណបក្ស​យើង​»​។

​លោក ហេង សំរិន បន្តថា គណបក្ស​បាន​ពង្រឹងពង្រីក​បាន​ធនធានមនុស្ស​សម្បូរបែប ជាពិសេស​មាន​ធនធាន​សម្រាប់​បន្តវេន​តាម​សម័យកាល ពង្រឹង​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់​ថ្នាក់​បាន​រឹងមាំ ពង្រឹងពង្រីក​សមាជិក​បក្ស​ទូលំទូលាយ​ដល់​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម និង​មាន​កន្លែងធ្វើការ​ដូចជា អគារ​វិមាន​៧​មករា និង​អគារ​នៃ​ទីស្នាក់ការ​គណបក្ស​គ្រប់​ថ្នាក់ រឹងមាំ ស័ក្តិសម សមរម្យ នៅ​ទូទាំងប្រទេស ព្រមទាំង​មាន​មធ្យោបាយ​ផ្សេងទៀត​សម្រាប់ធ្វើ​ការងារ​ផងដែរ​។

​លោក​ថ្លែងថា​៖ «​ទាំងអស់នេះ បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ឈានមុខ​ដែលមាន​ឧត្តមភាព​ខ្ពស់​សម្រាប់​ការប្រកួតប្រជែង​ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ក៏​ជា​ផែន​គ្រឹះ​ទ្រទ្រង់​ឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​វែងឆ្ងាយ​យូរអង្វែង​»​។​

​របៀបវារៈ​នៃ​អង្គ​មហាសន្និបាត​រួមមាន ទី​១. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ពី​ឆ្នាំ​២០១៨​ដល់​២០២២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២៣​។ ទី​២. ឆ្លង និង​អនុម័ត​លើ​សេចក្តីព្រាង​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨​។ ទី​៣. ពិនិត្យ និង​វាយតម្លៃ​ថែមទៀត​អំពី​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ខែកក្កដា ខាងមុខ​៕