គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ​ជិត ២២ លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) សម្រេចបាន​ជាង ៦០​ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែសីហា​ខាងមុខនេះ​។

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ និង​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ បាន​ចុះ​ត្រួត

​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តពោធិ៍សាត់ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង ប្រមាណ​ជិត​២២​លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ JICA ជប៉ុន​។​

​ប្រភព​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោង​សាងសង់​នេះ​រួមមាន ស្ថានីយ​បូមទឹក​ឆៅ ដែលមាន​សមត្ថភាព​បូ​ម​ទឹកបាន ៧២៦០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ (​សម្រេចបាន​៨៨%) និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ៦.៦០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ (​សម្រេចបាន ៤៧,៨%) សាងសង់​អគារ​រដ្ឋបាល ដំឡើង​បំពង់​បូមទឹក​ឆៅ​ដែលមាន​ប្រវែង ៨,៣​គីឡូម៉ែត្រ និង​បំពង់​ចែកចាយ​ទឹកស្អាត​ដែលមាន​ប្រវែង​៧៥,៤​គីឡូម៉ែត្រ (​សម្រេចបាន​៧៨,២%)​។ ប្រភព​ដ​ដែរ​បញ្ជាក់ថា សរុប​រួមការ​សាងសង់​គម្រោង​ទាំងមូល​សម្រេចបាន ៦៤,៦%​ហើយ​។​

​ក្រោយ​បញ្ចប់​ការសាងសង់ សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក​ខេត្តពោធិ៍សាត់​នឹង​កើន​ដល់​ចំនួន ១៣៨៦០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។ ជាមួយនឹង​សមត្ថភាព​នេះ រំពឹងថា​នៅ​ឆ្នាំ​២០២៥ ប្រជាជន​នៅ​ទីប្រជុំជន​ចំនួន ៨៦,១% (១១០ ៥៣១​នាក់​) និង​ប្រជាជន​ក្នុង​តំបន់​សេវា​ទឹកស្អាត​រដ្ឋាករទឹក​ខេត្តពោធិ៍សាត់​ចំនួន​៦៧,៩% នៃ​ចំនួន​ប្រជាជន​សរុប (១១០៥៣១ នាក់​) នឹង​ទទួលបាន​ទឹកស្អាត ធ្វើឱ្យ​សេវា​ផ្គត់ផ្គង់​ទឹក​ប្រកបដោយ​ស្ថិរភាព និង​លើកកម្ពស់​គុណភាព​ជីវិត របស់​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា គម្រោង​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ផ្សារលើ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​គ្រោង​បញ្ចប់​ការសាងសង់​ត្រឹម​ខែសីហា ឆ្នាំ​២០២៣​ខាងមុខ​។​

​ពាក់ព័ន្ធ​នឹង​ទឹកស្អាត​នេះដែរ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៣​នេះ គណៈរដ្ឋមន្ត្រី​បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការគ្រប់គ្រង​ទឹកស្អាត​» ។​

​ក្នុង​សេចក្តីព្រាង​នេះ បាន​បញ្ជាក់ថា ការផ្គត់ផ្គង់​ទឹកស្អាត គឺជា​អាទិភាព​មួយ​នៃ​វិស័យ​អាទិភាព​ទាំង​បួន នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។ ក្នុង​បរិបទ​នៃ​ការរីកចម្រើន​សង្គម ការផ្គត់ផ្គង់​ទឹកស្អាត​ទាមទារ​ការពង្រឹង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ធានា​ដល់​ការផ្តល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត ដែល​ត្រូវ​អនុលោម​ទៅតាម​លក្ខខណ្ឌ​គោល​បួន​យ៉ាង គឺ​ទឹកស្អាត​ត្រូវមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការលើកកម្ពស់​សុខុមាល​ភាព​សាធារណៈ និង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ខាង​ផ្នែក​ផលិតកម្ម អាជីវកម្ម សេវាកម្ម​លើ​គ្រប់​វិស័យ​ក្នុងសង្គម​ជាតិ​ទាំង

​មូល​៕