អ្នកនាំពាក្យ​ក្រសួងការបរទេស សម្តែង​ការខកចិត្ត និង​ច្រានចោល​នូវ​ការលើកឡើង​របស់​វិទ្យុ​មួយ ដែល​ផ្សាយ​ថា ស្ថាន​តំណាង​កម្ពុជា ធ្វើការ​ដោយមាន​និន្នាការ​នយោបាយ និង​មិនមាន​ការយកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​កម្ម​ករ ដោយ​ចាត់ទុកថា​ជា​ព័ត៌មាន​បំភាន់​សាធារណជន​។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០២៣ ស្តីពី​“​អ្នករាយការណ៍​ព័ត៌មាន​គួរ​ធ្វើការ ដោយ​ផ្អែកលើ​អង្គហេតុ​ពិត និង​ស្ថិតិ មិនមែន​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​បំភាន់​ទេ​»​។

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​សង្កត់ធ្ងន់ថា​៖« អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានការ​ខកចិត្ត និង​សូម​ច្រានចោល​អត្ថបទ​ដែល​បង្កឱ្យមាន​ការភាន់ច្រឡំ​របស់​វិទ្យុ​បរទេសមួយ​ផ្សាយ​ជា​ខេមរភាសា នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ដែល​ផ្សាយ​ផ្អែក​ទាំងស្រុង​លើ​ប្រភពព័ត៌មាន​មិនបាន​ផ្ទៀងផ្ទាត់ ក្នុង​គោលបំណង​បំភ្លឺ​ទាំងស្រុង​នូវ​ការងារ​ដ៏​សំខាន់​របស់​ស្ថានទូត​កម្ពុជា​នៅ​បរទេស​»​។

​ប្រភព​ដដែល​បន្តថា វិទ្យុ​នោះ បាន​ផ្សាយ​ថា ស្ថាន​តំណាង​កម្ពុជា ធ្វើការ​ដោយមាន​និន្នាការ​នយោបាយ និង​មិនមាន​ការយកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​កម្ម​ករ គឺធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន មាន​ភាពលម្អៀង និង​មានការ​រើសអើង​។ ប្រភព​នេះ​បញ្ជាក់ថា ការពិត​គឺ គ្រប់​ស្ថាន​តំណាង​កម្ពុជា​ទាំងអស់​ខិតខំ​បំពេញការងារ ដោយ​មិន​ខ្លាច​នឿយហត់ ក្នុង​ការជួយ​គាំពារ និង​ជួយឧបត្ថម្ភ​ពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស ដោយ​អនុលោម​តាមច្បាប់ និង​មិន​គិតពី​និន្នាការ​នយោបាយ​ទេ​។​

“​វិទ្យុ​ខាងលើ​ហាក់​ភ្លេច​នូវ​សេចក្តីរាយការណ៍​ក្នុង​ឆ្នាំ​២០១៩​របស់ខ្លួន ដែល​ថ្លែងថា ពលករ ខ្មែរ​ម្នាក់​បានទទួល​ឯកសារ​កុងស៊ុល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅវេលា​ម៉ោង ១០ យប់​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​សម្របសម្រួល​ជាមួយ​មន្ទីរពេទ្យ​នានា ធ្វើការ​លើកលែង​អនុគ្រោះ​ថ្លៃ​ព្យាបាល​ជំងឺ ក្រោម​ហេតុផល​មនុស្សធម៌ ជូន​ដល់​អ្នកជំងឺ​ខ្មែរ ដែល​គ្មាន​លទ្ធភាព​បង់ប្រាក់ បាន​ចំនួន ២៣ ករណី​។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ ដែល​បានជ្រើសរើស​ចេញពី​ស្ថានទូត​កម្ពុ​ជាមួយ ក្នុងចំណោម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​។​

​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​នេះដែរ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​លោក ហ៊ុយ

​វណ្ណៈ ធ្លាប់​លើកឡើងថា ក្រមសីលធម៌​អ្នកសារព័ត៌មាន គឺជា​អាវ​ក្រោះ​ដ៏​សំខាន់​សម្រាប់​អ្នកសារព័ត៌មាន ចៀសវាង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលនាំឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៅក្នុង​វិស័យ​សារព័ត៌មាន​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានឱ្យដឹង​ទៀតថា ក្នុងស្ថានភាព​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ក្នុង​ឆ្នាំ​២០២០ ស្ថាន​តំណាង​កម្ពុជា នៅ​បរទេស បាន​សម្រប​សម្រួលការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ២៩០០ នាក់ និង​បានផ្តល់​ដោយ​គ្មាន​ការរើសអើង​នូវ​ជំនួយ​រដ្ឋបាល កុងស៊ុល និង​សម្ភារ​ជូន​ពលករ​និង​និស្សិត​ខ្មែរ សរុប ជាង ២៦ ០០០ នាក់ នៅតាម​ប្រទេស​ផ្សេងៗ​ជាច្រើន​៕

​​