ភ្នំពេញៈ ក្នុងរយៈពេល ២៨ ថ្ងៃ យានយន្តល្មើសចំនួនជិត ៧ ០០០ គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស ខណៈនៅថ្ងៃទី ២៨ ខែមករា នេះ យានយន្តល្មើសចំនួនជាង ២២០ គ្រឿង ត្រូវបានផាកពិន័យ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ ខែមករា ថា នៅក្នុងគោលដៅចំនួន១១៤ មានយានយន្តចូលគោលដៅចំនួន ១ ១៩៧គ្រឿង ម៉ូតូចំនួន ៣៥៩គ្រឿង។ ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២២៩គ្រឿង មានម៉ូតូចំនួន ១៤២គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស។
របាយការណ៍បន្តថា៖ «ក្នុងរយៈពេល២៨ថ្ងៃ (ថ្ងៃទី១-២៨ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ២៨ ៩៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦ ៩៧៧គ្រឿង ម៉ូតូមានចំនួន ៥ ៧៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស»។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៨ថ្ងៃនៃខែមករានេះថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕