​ព្រះសីហនុៈ រដ្ឋបាល​ក្រុងព្រះសីហនុ​នឹង​កំណត់​ជា​ផ្លូវ​ឯកទិស​ចរាចរណ៍​នៅតាម​បណ្ដោយឆ្នេរ ចាប់ពី​ចំណុច​ចុង​ឆ្នេរ​អូរត្រេះ​ ​២ (​ស្ពាន​អូរ​ត្រជាក់ចិត្ត​) រហូតដល់​ទីលាន​សម្តេច​តេ​ជោ ដើម្បី​សម្រួល​ចរាចរ​ក្នុងអំឡុងពេល​ដំណើរការ​កម្មវិធី​រត់​បណ្តាក់​កម្សាន្ដ​។

​សេចក្តីជូនដំណឹង​រដ្ឋ​បាល​ក្រុងព្រះសីហនុ បានឱ្យដឹង​នា​ថ្ងៃទី​២៨ ខែមករា ថា ក្រុមហ៊ុន​វឌ្ឍនៈ​ប្រ៊ូ​វើ​រី ឯ​.​ក នឹង​រៀបចំ​កម្មវិធី​រត់​បណ្តា​ក់​កម្សាន្ដ និង​ការប្រគុំ​តន្ត្រី ចាប់ពី​ថ្ងៃទី​២៨-២៩ ខែមករា នៅ​ទីលាន​សម្តេច​តេ​ជោ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​សេចក្តីជូនដំណឹង​បន្តថា កម្មវិធី​រត់​បណ្តាក់​ក​ម្សា​ន្ត​នឹង​រៀបចំ​នៅ​ថ្ងៃទី​២៩ ខែមករា ចាប់ពី​ចំណុច​រង្វង់​មូល​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា​វ​តី នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ រហូតដល់​ចំណុច​បញ្ចប់​នៅ​ទីលាន​សម្តេច​តេ​ជោ​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ដើម្បី​សម្រួល​ចរាចរ រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៅក្នុង អំឡុងពេល​ដំណើរការ​កម្មវិធី​នេះ រដ្ឋបាល​ក្រុងព្រះសីហនុ​នឹង​កំណត់​ជា​ផ្លូវ​ឯកទិស​ចរាចរណ៍​នៅតាម​បណ្ដោយ​ឆ្នេរ ចាប់ពី​ចំណុច​ចុង​ឆ្នេរ​អូរត្រេះ​២ (​ស្ពាន​អូរ​ត្រជាក់ចិត្ត​) រហូតដល់​ទីលាន​សម្តេច​តេ​ជោ ក្នុងភូមិ​សា​ស្ត​ក្រុងព្រះសីហនុ ចាប់ពី​វេលា​ម៉ោង ៦:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១១:០០​នាទី​ព្រឹក​»៕