នាយក​រដ្ឋ​មន្រ្តី​ស្តីទី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣​នេះ នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ប្រតិភូ​កីឡា​ជាតិ និង​អន្តរ​ជាតិ​ជាច្រើន ដែល​ទាមទារ​ឱ្យ​មាន​ការពង្រឹង​សន្តិសុខ​ឱ្យ​បាន​ខ្ពស់។

ការលើកឡើង​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នាយក​រដ្ឋ​មន្រ្តី​ស្តីទី លោក ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ ស្ដី​ពី​កិច្ចការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ក្នុង​ពិធី​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣២ និង​កីឡា​ជន​ពិការ​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ឆ្នាំ២០២៣ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣។

កិច្ច​ប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពីលោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ នាយ​ឧត្តម​សេនីយ៍ អគ្គ​ស្នងការ​នគរបាល​ជាតិ អគ្គ​នាយក នាយ​ឧត្តម​សេនីយ៍​អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អភិបាល​រាជធានី​ភ្នំពេញ ថ្នាក់​ដឹកនាំ និង​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត។

ក្នុងឱកាស​នោះ​ដែរ​លោក ស ខេង មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣​នេះ នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ ប្រតិភូ​កីឡា និង​មហា​ជន​ជាតិ និង​អន្តរ​ជាតិ​ជាច្រើន ទាមទារ​ឱ្យ​មានការ​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​បាន​ល្អ​ប្រសើរ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគ​ជ័យ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«កម្ពុជា​បាន​ខកខាន​រៀបចំ​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​បាន​ចូល​ជាសមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន ដូច្នេះ​ការប្ដេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹកនាំ និង​មន្រ្តី​ពាក់ព័ន្ធ​លើ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ពិតជា​មាន​សារៈសំខាន់​ ពិសេស​កិច្ចការពារ​សុវត្ថិភាព​ទាំង​នៅកន្លែង​ប្រកួត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត»។

នាឱកាស​នោះ អគ្គ​ស្នងការ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​ប្រធាន​គណៈ​កម្មការ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​គណៈ​កម្មាធិការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២(CAMSOC) លោក នេត សាវឿន បាន​ធ្វើ​របាយ​ការណ៍​ជូន​អង្គ​ប្រជុំ អំពី​ផែនការ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់។

លោក​មាន​ប្រសាសន៍​ថា៖«ផែនការ​នេះ បាន​កសាង​ឡើង​ផ្អែក​លើ​មូលដ្ឋាន​ ៣ ចំណុច រួម​មាន​ការវាយ​តម្លៃ​ពី​សភាព​ការណ៍​ក្នុង និង​ក្រៅ​ប្រទេស ការអនុ​លោម​តាម​កម្មវិធី​សន្តិសុខ និង​ការសិក្សា​ផ្ទាល់​អំពី​ភូមិសាស្រ្ត ប្រជា​សាស្រ្ត និង​ស្ថានភាព​ជាក់ស្ដែង ដើម្បី​ការពារ​ឱ្យបាន​ជាដាច់​ខាត​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ដើម្បី​បង្កើន​កិត្យានុភាព​កម្ពុជា»។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣៕