ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជំ​រុញឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ព​ន្លឿ​ន​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ឆាប់​បានបញ្ចប់​តាម​ការគ្រោងទុក និង​ត្រូវ​ផ្តល់​អាទិភាព​លើ​គុណភាព​ផ្លូវ ដើម្បី​ចូលរួម​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​បែបនេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣​ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី ​១៦ កុម្ភៈ ឆ្នាំ ២០២៣​។​

​លោក​ក៏បាន​សាទរ​ចំពោះ​វឌ្ឍនភាព​សមិទ្ធផល​នានា​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​។

ប៉ុន្តែ​លោក​ថា​៖ «​ទោះបី​វឌ្ឍន​ភាពជា​រួមមាន​ភា​ព​ប្រសើរ​យ៉ាងណាក៏ដោយ លោក​បានកត់សម្គាល់​ឃើញ​ថា គម្រោង​សំខាន់ៗ​មួយចំនួន​នៅ​មិនទាន់​អាច​សម្រេចបាន​តាម​ការ​គ្រោងទុក ហើយ​ទិសដៅ​មួយចំនួន ដែល​ត្រូវ​បានលើកឡើង​ក្នុង​ឆ្នាំ​កន្លងទៅ ក៏​មិនទាន់​សម្រេចបាន​ពេញលេញ​នៅឡើយ​»​។

​ដើម្បីឱ្យ​ការងារ​សម្រេចបាន​ទៅតាម​ផែនការ លោក​ឧបនាយករដ្ឋមន្ត្រី ជំ​រុញឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ព​ន្លឿ​ន​ការងារ​មួយចំនួនទៀត ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ឱ្យបាន​ចប់សព្វគ្រប់ និង​ទាន់ពេលវេលា ដើម្បី​ចូលរួមចំណែក ក្នុងការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ដើម្បី​តម្រង់ទិស និង​ផ្តល់​ជា​ធាតុ​ចូល ក្នុងការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ឱ្យទៅជា​កាលានុវត្តភាព​តាមរយៈ​កា​រព​ន្លឿ​ន ការកែទម្រង់​ឱ្យ​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន បានផ្តល់​អនុសាសន៍​មួយចំនួន​ដល់​អង្គ​ស​និ្ន​បាត​នេះ​។

​ទី​១ បន្ត​ជំរុញ​កិច្ចសហការ​ជិតស្និទ្ធ ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ដើម្បី​បញ្ចប់​ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា ជំរុញ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាមរយៈ​ការរក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ជាមួយ​ប្រទេសជិតខាង ដោះស្រាយ​បញ្ហា​កកស្ទះ និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ជំរុញ​ការពិភាក្សា​ជាមួយ​ភាគី​ថៃ និង​វៀតណាម ដើម្បី​បង្កើន​ប្រតិបត្តិការ​ច្រកព្រំដែន​អន្តរជាតិ​។

​ទី​២ ជំរុញ​ការកសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុងដំណើរការ​សាងសង់ និង​គម្រោង​ជា​អាទិភាព និង​ទិសដៅ​នៅក្នុង​ឆ្នាំ ២០២៣ ដើម្បី​បញ្ចប់​ឱ្យបាន​ទាន់ពេល​តាម​ផែនការ​គ្រោងទុក​។ ទន្ទឹមនេះ​លោក​គាំទ្រ និង​ការស្តារ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​សំខាន់ៗ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ការតភ្ជាប់​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ទាំង​ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ប្រទេស និង​តំបន់​។

​លោក​ថា​៖ «​បន្ថែម​លើ​នេះ​ក្រសួង​ក៏ត្រូវ​ផ្តល់​អាទិភាព​លើ​គុណភាព នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គ្រប់​ប្រភេទ​ក៏ដូចជា​គិតគូរ​ដល់​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​មកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​»​។​

​ចំពោះមុខ​អង្គសន្និបាត លោក អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យ​ក្រសួង​សាធារណការ ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ លើ​គម្រោង​ផ្លូវដែក​ភាគ​ខាងជើង​ភ្នំពេញ​ប៉ោយប៉ែត ទាំង​ប្រភេទ​ជា​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​ធម្មតា ដើម្បី​លើក​ជា​យោបល់​គ្រប់​ជ្រុងជ្រោយ ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។

​បន្ថែម​ពីនេះ​លោក​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូទឹកកខ្វក់ និង​ទឹកភ្លៀង និង​បន្ត​ជំរុញ​ព​ន្លឿ​ន​ការរៀបចំ និង​អនុម័ត​ច្បាប់​ផែនការ​យុទ្ធសាស្ត្រ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​នានា​ពាក់ព័ន្ធ​វិស័យ​ទឹក​កខ្វក់​រួមទាំង​បញ្ចូល​កម្រៃ​ទឹក​កខ្វក់​ជាមួយ​វិក្កយបត្រ​ទឹកស្អាត​ដើម្បី​គាំទ្រ​ការថែទាំ ការសាងសង់ និង​ការពង្រីក​វិសាលភាព​នៃ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅតាម​ទីក្រុង និង​ទីប្រជុំជន​នៃ​ខេត្ត​គោលដៅ​សំខាន់ៗ និង​តាម​តំបន់​មាត់សមុទ្រ​ផងដែរ​។

លោក​ថា​៖ «​នៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ គម្រោង​ធំៗ​ជាច្រើន នឹង​ក្លាយជា​កាតាលីករ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​និង​កំណើនសេដ្ឋកិច្ច​ជារួម​»​។​

​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ នេះដែរ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ឆ្នាំ ​២០២២ គឺជា​ឆ្នាំ​ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​ជាច្រើន និង​បាន​បើក​ការដ្ឋាន​សាងសង់ ដើម្បី​ពង្រីក ស្តារ និង​ពង្រឹងគុណភាព​ផ្លូវ​ផងដែរ​។ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា ទន្ទឹមនឹង​សមិទ្ធផល​ទាំងនេះ ក៏​នៅមាន​បញ្ហាយឺតយ៉ាវ​ក្នុងការ​សាងសង់​ផងដែរ ខណៈ​លោក​បន្ត​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ សូមឱ្យ​ព​ន្លឿ​ន​បញ្ចប់​ការសាងសង់​ទៅតាម​ការគ្រោងទុក​។

​លោក​ថា​៖ «​ទន្ទឹមនឹងនេះ​ជួប​បញ្ហា​ខ្លះ​ដូចជា​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ស​ ២២ ដែលមាន​ការយឺតយ៉ាវ មាន​បញ្ហា​នឹង​គុណភាព ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ថ្នាក់ដឹកនាំ ដូចជា​មន្ត្រី​ពាក់ព័ន្ធ នឹង​ខិតខំ​ប្រឹងប្រែង​ពិនិត្យ​ជំរុញ​ឱ្យ​ការសាងសង់​ផ្លូវជាតិ​លេខ ​២ និង ២២​ នេះ ឱ្យបាន​ចប់​ជា​ស្ថាពរ ដើម្បី​យើង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងឆ្នាំនេះ​»៕