សៀមរាបៈ ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​ចិន​បុរាណ​ចំនួន ​១៦ ​នាក់ បាន​ចុះមក​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​ ១​ ម៉ឺន​នាក់ ដោយ​ឥតគិតថ្លៃ ដើម្បី​លើកកម្ពស់​ការថែរក្សា​សុខ​ភាព និង​ចូលរួម​កាត់បន្ថយ​ចំណាយ​ក្នុងការ​ព្យាបាល​ជំងឺ​។​

​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ដកស្រង់​សម្ដី​លោក លីវ ជី​ជៀ (Liu Zhi Jie) អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប ថា​៖ «​ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​ចិន​បុរាណ ដែលមាន​អ្នកជំនាញ​ចំនួន ១៦​នាក់ មកពី​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន ឯកទេស​ជំនាញ ផ្នែក​ជំងឺ​ផ្លូវដង្ហើម ផ្នែក​ជំងឺ​ស​សៃ​ឈាម​បេះដូង ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ជាដើម​បានរៀបចំ​កម្មវិធី​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំនួន ៨១​ដង ដែលមាន​អ្នក​មក​ទទួល​ការព្យាបាល​ជំងឺ​បាន​ចំនួន​១២ ០០០​នាក់​ដោយ​ឥតគិតថ្លៃ​»​។​

​ហ្វេ​ស​ប៊ុ​កម​ន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បានឱ្យដឹង​នា​ថ្ងៃទី​១០ ខែមីនា ថា ក្រុមគ្រូពេទ្យ​វេជ្ជសាស្ត្រ​ចិន​បុរាណ និង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នា​ថ្ងៃទី​៩ ខែមីនា បានរៀបចំ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ដោយ​ឥតគិតថ្លៃ រយៈពេល​ពេញ​១​ថ្ងៃ ចំនួន​ប្រមាណ​ជាង ២០០​នាក់ ដែល​មកពី​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

​លោក អ៊ា​ប ប៊ុន​លឿន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ថ្លែង​ក្នុង​កម្មវិធី​ពិនិត្យ​ព្យាបាល​ជំងឺ​ថា ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ចិន ពិសេស​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរពេទ្យ​ខេត្ត ដោយ​កន្លងមក​បានរៀបចំ​កម្មវិធី​មនុស្សធម៌ ក្នុងការ​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​។

​លោក​ត្រូវបាន​ស្រង់​សម្ដី​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ថា ជាក់ស្ដែង​ថ្ងៃនេះ កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប បាន​នាំយកមក​នូវ​ឧបករណ៍​បរិក្ខារ​ពេទ្យ ថ្នាំពេទ្យ គ្រូពេទ្យ​ឯកទេស​ជំនាញ​មកជួយ​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ​។

​លោក អ៊ា​ប ប៊ុន​លឿន បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ ចិន​និង​ខ្មែរ ដែល​បាន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ក្នុងការ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​៕