ភ្នំពេញៈ កម្ពុជា ត្រូវបាន​ការិយាល័យ​អង្គការ UNODC អញ្ជើញ​ឱ្យចូលរួម​ក្នុង​កិច្ចប្រជុំ​ដែលជា​ព្រឹត្តិការណ៍​អម (Mekong MOU side event) ជាមួយ​ប្រទេស​សមាជិក​ចំនួន ៥ ផ្សេងទៀត​ក្នុងនោះ​មាន ចិន ឡាវ សហភាព មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ‌ «៣០ ឆ្នាំ​នៃកិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅតំបន់​ទន្លេ​មេគង្គ៖ ការដកស្រង់​បទ​ពិសោធន៍, មេរៀន​ដែលបាន​ឆ្លងកាត់, និង​កិច្ច​សហប្រតិបត្តិការ​នាពេល​អនាគត»។

កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើ​ឡើង ចាប់តាំង​ពី​ថ្ងៃទី១៣ ដល់​ថ្ងៃ​ទី១៧មីនា នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។

បើតាម​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចាត់បញ្ជូន កញ្ញា វរសេនីយ៍ទោ ស៊ិន សុខពន្លឺ អនុ​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ ទៅចូលរួម​ក្នុងកិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្តីពី​គ្រឿងញៀន​នេះ បានឱ្យដឹង​ថា នេះគឺជា​កិច្ចប្រជុំ​ដោយ​ផ្ទាល់​លើក​ទី១ បន្ទាប់ពី​វិបត្តិ​កូវីដ១៩។

កិច្ច​ប្រជុំនេះ ធ្វើឡើង​ក្នុងគោលបំណង​ត្រួតពិនិត្យ​អំពីស្ថានភាព​វិវត្ត​យ៉ាងឆាប់​រហ័ស​នៃគ្រឿងញៀន​នៅ​កម្រិត​តំបន់ និង​អន្តរជាតិ​បន្ទាប់ពី​វិបត្តិ​កូវីដ១៩ បញ្ហា​ប្រឈម និង​រិះរកវិធានការ​ឆ្លើយតប​ដែលមាន​ប្រសិទ្ធភាព ព្រមទាំង​លើកកម្ពស់​យន្តការ​សហប្រតិបត្តិការ​អន្តរជាតិ សំដៅ​ទប់ស្កាត់​និង​បង្ក្រាបការ​ផលិត និងការចរាចរ​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​ខុស​ច្បាប់៕