ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី១៦ មីនា បានបើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរ​ជាតិ ទាក់ទង​នឹងការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ ដើម្បី​ចៀសវាង​ការអនុវត្ត​ខុសនាំ​ឱ្យ​មាន​ការផាក​ពិន័យ, ជាប់​ទោស​ទណ្ឌ និង​បង្ក​ផលប៉ះពាល់​ដល់​កិត្តិនាម​កម្ពុជា។

សិក្ខាសាលា​នេះ មានការចូលរួម​ពីមន្ត្រី​ជំនាញ​មកពី​ក្រសួង​ពាក់ព័ន្ធ តំណាង​រោងចក្រ-សហគ្រាស ដែល​ជាសមាជិក នៃ​សមាគម​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC), សមាគម​ស្បែក​ជើង​កម្ពុជា, សមាគម​ផលិតផល​ធ្វើ​ដំណើរ និង​ស្បែក​ឈើ​នៅ​កម្ពុជា, និង​សមាគម​កាបូប ស្បែក​ជើង និង​អេឡិចត្រូនិក​កម្ពុជា សរុបចំនួន ៨០ នាក់។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់គ្រង​កិច្ចសន្យា​ជួល ផលិត​បន្ត ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ វាយនភណ្ឌ និងស្បែក​ជើង បាន​ជម្រាប​ជូន​អ្នកចូលរួម​ពីគោលបំណង​នៃ​សិក្ខាសាលា​នេះ​ថា គឺ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ ទាក់ទងនឹង​ការហាម​ឃាត់ នូវ​ការប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ សំដៅ​ចៀសវាង​ការអនុវត្ត​ខុស នាំឱ្យ​មាន​ការផាក​ពិន័យ, ជាប់​ទោស​ទណ្ឌ, និង​បង្ក​ផល​ប៉ះពាល់​ដល់​កិត្តិនាម​កម្ពុជា។

បើតាម​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា​ធ្លាប់​ត្រូវបាន​អន្តរ​ជាតិ​ទទួល​ស្គាល់​ថា ផលិត​នាំចេញ​ពី​កម្ពុជា បាន​ផ្សារភ្ជាប់​ជាមួយ​ស្តង់ដា​ការងារ​ល្អ​ប្រសើរ ថែមទាំង​បាន​គោរព​ទៅតាម​ច្បាប់​កំណត់​របស់​អង្គការពាណិជ្ជកម្ម​អន្តរ​ជាតិ (WTO) អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ច្បាប់​ការងារ​របស់​កម្ពុជា ផងដែរ។

លោក សុខ សុភ័ក្ត្រ បានគូស​បញ្ជាក់ អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដូចជា អនុសញ្ញា​លេខ ២៩ ស្តីពី​ការងារ​ដោយ​បង្ខំ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ពាណិជ្ជកម្ម​និង​ពន្ធគយ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលកម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅក្នុង​ឆ្នាំ២០០៤។

ច្បាប់​ស្តី​ពីការងារ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ប្រកាស​អន្តរ​ក្រសួង អន្តរ​ស្ថាប័ន ចុះថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពី​ការហាមឃាត់​ការប្រើប្រាស់​ពលកម្ម​ជនជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដើម្បី​ផលិត​ទំនិញ​នាំចេញ​ជាដើម។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​ថា ក្នុង​ឆ្នាំ២០២២ កម្ពុជា បាននាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ ៨ ៩៦៩ លានដុល្លារ​អាមេរិក, ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ប្រមាណ៤ ០៤៥ លានដុល្លារ​អាមេរិក, និង​ទីផ្សារ​ជប៉ុន​មាន​ប្រមាណ ១ ១៧៣ លានដុល្លារ និង​ទៅ​បណ្តា​ទីផ្សារ​ដទៃទៀត​ ផងដែរ។

ហេតុនេះ​កម្ពុជា​មិនអាច​បណ្តែតបណ្តោយ​ឱ្យមាន​ការលួច​ផលិត​នូវមុខ​ទំនិញ​ដោយ​ប្រើ​ពលកម្ម​ដោយ​បង្ខំ នោះ​ឡើយ៕​