​ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ១០ ស្ដីពី “​ហានិភ័យ​អាកាសធាតុ និង​អន្តរកាល​ឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​បៃតង​” នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ២០២៣ ស្របពេល​ដែល​កម្ពុជា​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងកិច្ច​ការពារ​បរិស្ថាន និង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ ចុះ​ថ្ងៃទី ១៥ ខែមីនា ឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​បាន​កើតឡើង​កាន់តែ​ញឹកញាប់ និង​បាន​បង្ក​ជា​ហានិភ័យ​សង្គម សេដ្ឋកិច្ច​ចម្បង​មួយ​។ ក្នុង​ឆ្នាំ ២០២២ សេដ្ឋកិច្ច​ពិភពលោក​មានការ​ខាតបង់​ប្រមាណ ៣១៣ ប៊ីលាន ដុល្លារ​អាមេរិក ប្រហាក់ប្រហែល​នឹង ០,៣% នៃ​ផ​.​ស​.​ស ពិភពលោក​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ ការប្រែប្រួល​អាកាសធាតុ​នេះ បាន​ក្លាយជា​ប្រធានបទ​យ៉ាងសំខាន់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង អន្តរជាតិ។

​ប្រភព​ដដែល​នេះ​បន្តថា កម្ពុជា​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងកិច្ច​ការពារ​បរិស្ថាន និង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ទាំង​នៅក្នុង​ប្រទេស​ព្រមទាំង​ក្របខ័ណ្ឌ​ពិភពលោក​និង​តំបន់ ក្នុង​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ ២០១៤-២០២៣ ដើម្បី​កំណត់​ទស្សនវិស័យ សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​បៃតង។

​ដោយឡែក ធនាគារជាតិ​នៃ​កម្ពុជា បាន​វិនិយោគ​មួយផ្នែក​នៃ​ទុនបម្រុង​របស់ខ្លួន​លើ​សញ្ញា​បណ្ណ​បៃតង និង​បាន​ក្លាយជា​សមាជិក​នៃ​គណៈកម្មការ​មូលនិធិ​សញ្ញា​បណ្ណ​បៃតង​ក្នុង​តំបន់​អាស៊ី​។ អន្តរកាល​ឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​បៃតង ត្រូវបាន​គេ​ឱ្យនិយមន័យ​ថា ជាការ​ផ្លាស់ប្ដូរ​សង្គម​និង​សេដ្ឋកិច្ច ក្នុង​បរិបទ​នៃ​ការរក្សា​ចីរភាព​បរិស្ថាន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ភាពធន់ រក្សា​បាន​នូវ​សុខុមាលភាព​សង្គម និង​បង្កើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ។​

​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា ថ្លែងថា ការរៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ស្ដីពី “​ហានិភ័យ​អាកាសធាតុ និង​អន្តរកាល​ឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​បៃតង​” គឺជា​ការយក​ចិត្ត​ទុកដាក់​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​លើ​សេដ្ឋកិច្ច​បៃតង​។ លោក​បន្តថា សន្និសីទ​នេះ ធ្វើឡើង​ដើម្បី​ចង់ដឹង​ពី​វិបត្តិ​បរិស្ថាន វា​នឹង​ជះឥទ្ធិពល​បែបណា​លើ​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ជាធាតុ​ចូល​របស់​ធនាគារជាតិ​នៅក្នុង​ការព្យាករ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ។

លោក​ថ្លែងថា​៖ « ជាមួយគ្នានេះ ការបោះ​បណ្ណ​បំណុល​បៃតង បើសិនជា​កម្ពុជា​មានការ​ថែរក្សា​បរិស្ថាន​បានល្អ ហើយ​ជះឥទ្ធិពល​ដល់​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​នោះ សញ្ញា​បណ្ណ​បៃតង​នឹងមាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ »។

​បើតាម​ធនាគារជាតិ ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​លើ​បញ្ហា​ខាងលើ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជ្រើសរើស ប្រធានបទ​ស្រាវជ្រាវ​សម្រាប់​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើកទី ១០ ឆ្នាំ ២០២៣ ស្តីពី «​ហានិភ័យ អាកាសធាតុ និង​អន្តរកាល​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​បៃតងៗ»។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាច​ផ្ញើ​សំណើ ឬ​ប្រធានបទ​ស្រាវជ្រាវ​មកកាន់​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ដល់​ការគាំទ្រ ព្រមទាំង​ការប្រឹក្សា​យោបល់​ក្នុង​ដំណើរការ​ស្រាវជ្រាវ ដើម្បីឱ្យ​ការសិក្សា មាន​ភាពសម្បូរ​បែប​សម្រាប់​វិស័យ​នានា​។

បន្ទាប់ពី​ការស្រាវជ្រាវ​ត្រូវបាន​បញ្ចប់ ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើកទី ១០ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដែលមាន​ការចូលរួម​ពី​អ្នកជំនាញ អ្នកស្រាវជ្រាវ និង​ភាគី​ពាក់ព័ន្ធ​ជាតិ​និង​អន្តរជាតិ ដើម្បី​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ និង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ក្នុង​ការងារ​ស្រាវជ្រាវ។

​ធនាគារជាតិ​នៃ​កម្ពុជា នឹង​ជ្រើស​រើសយក​អត្ថបទ​ស្រាវជ្រាវ​ដែលមាន​គុណវុឌ្ឍិ ដើម្បី​ចូលរួម​ធ្វើ​បទបង្ហាញ​នៅក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើកទី ១០ នេះ​។ អ្នកស្រាវជ្រាវ​ដែល​បាន​ធ្វើបទ​បង្ហាញ​នៅក្នុង​សន្និសីទ នឹង​ទទួលបាន​នូវ​រង្វាន់​លើក​ទឹកចិត្ត ហើយ​អត្ថបទ​ស្រាវជ្រាវ​នឹងត្រូវ​បាន​បោះផ្សាយ​ជា​កាលិកបត្រ​ស្រាវជ្រាវ​របស់​ធនាគារ​ជាតិ​នៃកម្ពុជា៕​