ភ្នំពេញៈ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ យូ សុខ​វូ​ច បាន​សម្រេ​ចដោះ​លែង​លោក​ យឹម ស៊ី​ណន ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​លោក​បាន​សុំព្រះរាជ​ទាន​ទោស​ពីព្រះ​មហាក្សត្រ​ និង​លោក​នាយក​រដ្ឋ​មន្ដ្រី ​ជា​អ្វី​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិ​ធម៌​លើក​ឡើង​ថា តាម​គោល​ការណ៍​ច្បាប់ចៅ​ក្រម​អាច​សម្រេច​ឱ្យ​នៅក្រៅ​ឃុំ​បាន ​ប្រសិន​បើគាត់​មាន​ការ​សហ​ការ កា​រចូល​រួម​តាម​នីតិវិធី​តុលា​កា​រ ហើយ​ដឹង​កំហុស​ខ្លួន​ឯង​។​

​អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិ​ធម៌ ​លោក​ជិន ម៉ា​លីន បាន​ប្រាប់​ឱ្យដឹង​ដូចនេះ​ បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​លោក​យឹម ស៊ី​ណន ឱ្យនៅ​ក្រៅ​​ឃុំ​បណ្តោះ​អាស​ន្ននា​ថ្ងៃទី​២៨ ​ខែ​មីនា​ក្រោយ​លោក​ចេញ​វីដេ​អូ​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ និង​សុំ​ព្រះរាជ​ទាន​ទោស​ព្រះ​មហា​ក្សត្រ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​។​

​លោក ​ជិន ម៉ា​លីន​ បាន​បញ្ជាក់​ថា ៖ «​នៅ​ក្នុង​ប្រភេទ​បទល្មើ​ស​ស្រាល ​តួយ៉ាង​បទ​បរិហារ​កេរ្តិ៍ជា​ដើម ​បើសិន​ជា​ជន​ត្រូវ​ចោទ​ដឹង​កំហុស​ខ្លួន​ហើយ​ចូល​រួម​សហ​ការ​ជាមួយ​តុលា​កា​រ និង​សមត្ថ​កិច្ច នោះ​ចៅក្រម​អាច​ផ្តល់​នូវ​ស្ថាន​សម្រាល​ដែល​អាច​ឱ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ចូល​រួម​នីតិ​វិធី​តុលា​កា​រ​បន្ត​បាន​»​។​

​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ដោះលែ​ងចុះ​នៅ​ថ្ងៃទី​២៨​ ខែមីនា ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក យូ ​សុខ​វូ​ច បាន​បង្គាប់​ឱ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ដោះ​លែង ​លោក យឹម ស៊ី​ណន ​ដែល​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​២២ ​ខែមីនា កន្លង​ទៅ​​។​

​ក្រោយ​ការ​ដោះ​លែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ លោក ​ហ៊ុន សែន បាន​សរសេរ​សារ​កោតស​រសើរ​ភរិយា​លោក​យឹម ​ស៊ីណន ​គឺ​អ្នក​ស្រី សុផាត ​មករា ​តាម​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សារ​ដែល​អ្នកស្រី​ សុផាត ​មករា ​បង្ហោះ​ថ្លែង​អំណរ​គុណ​លោក​នាយ​រដ្ឋមន្ត្រី​ដែល​បាន​សន្ដោស​ប្រណី​ស្វាមី​អ្នក​ស្រី​។​

​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ ​លោក​ហ៊ុន សែន បាន​លើក​ឡើងថា​៖ «​ស៊ី​ណន ​កូន​ពិតជា​មាន​សំណាង​ណាស់​ដែល​មាន​ភរិយា​ដ៏​ល្អ​។ពេល​កូន​មាន​បញ្ហា​ខាង​ផ្លូវ​ច្បាប់​កូនស្រី​មិនបាន​ស្រែក​រក​នរណា​ជួយ​ក្រៅពី​ស្រែក​រក​សម្តេច​ពុក​ជួយ​នោះ​ឡើយ​។​ពុក​ជាម​នុស្ស​ចិត្ត​រឹង​ជា​មួយ​មនុស្ស​អាក្រ​ក់តែ​ក៏​ជា​មនុស្ស​ចិត្ត​ទន់​ជាមួយ​មនុស្ស​ល្អ​»​។

​លោក​បាន​បន្ត​ថា​៖ «​ជា​សំណាង​កូន​ហើយ​ ដែ​ល​ភរិយា​កូន​មិន​បាន​ទៅ​ពឹង​ជន​បរទេស ឬ​អង្គការ​ក្រៅរដ្ឋាភិ​បាល​ដែល​ប្រឆាំង​ឱ្យ​មកកៀប​សង្កត់​រាជរដ្ឋាភិ​បាលដើម្បី​ដោះលែង​កូន​។ពុក​ជាម​នុស្ស​ក្បាលរឹងជាមួយ​ការកៀប​សង្កត់​ពី​បរទេស​។កាន់តែ​សង្កត់​អ្នក​ជាប់​ទោសឬ​ពិរុទ្ធជន​ជាប់​គុកឬ​ជាប់ឃុំ​កាន់តែ​យូរ​។គេ​ត្រូវ​ចង​ចាំ​លើ​ចំណុច​នេះ​»​។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជានិង​ជា​អ្នកតាម​ដាន​បញ្ហា​នយោ​បាយ​លោក គិ​ន ភា បាន​ថ្លែង​ថា បើ​ព្រះរាជ​អាជ្ញា​ឬ​ចៅក្រម​ស៊ើប​សួរ ​គាត់​រក​ឃើញ​បទ​ល្មើស​របស់​បុគ្គល​ទាំង២​[​លោក​យឹម​ស៊ី​ណន និង​លោក​ហ៊ុន ​កុសល​] ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។​

លោក​ថ្លែង​ថា ការ​សម្រប​សម្រួល​ណា​មួយ​ក្រៅ​និ​តី​វិធី​តុលា​ការ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​តុលា​ការ​កម្ពុជា​ពី​សំណាក់​សាធា​រណជន​ទៅវិញ​ទេ។​លោក​ថានេះ​ជា​ករណី​គំរូសម្រាប់​ទៅ​ថ្ងៃមុខ​ពាក់ព័​ន្ធ​ករណី​ប្រមាថ​ព្រះចេស្តា​ព្រះម​ហាក្សត្រ​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ ហើយ​ថែម​ទាំង​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទ​ណ្ឌ​ផង​។

​លោក​បាន​បញ្ជាក់​ថា៖«​រដ្ឋាភិ​បាល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែល​មុន​ការចាប់​ខ្លួន​បុគ្គល​ណាមួ​យត្រូវ​រក​ឱ្យ​ឃើញ​ទោសកំ​ហុស​ជាមុ​នសិនព្រោះ​ការ​សម្រ​បសម្រួល​ក្រៅ​ប្រព័ន្ធតុ​លាការ​ណា​មួយ​អាចប​ង្កើត​បានជា​រូបភាព​ផ្សេង​ចំពោះ​ប្រព័ន្ធ​តុលា​ការ និង​ភាព​មិន​អាច​ប្រមាថ​បាន​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ​»​។​

​គួរ​រំឭកថា លោក​យឹម ស៊ី​ណន និង​លោក​ហ៊ុន កុសល ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​២១ ខែមីនា ​បន្ទាប់ពី​ជន​ទាំង​២ បាន​បង្ហោះ​សារ​បែប​ញុះ​ញង់និង​បំភ្លៃ​ព័ត៌មា​នពា​ក់ព័ន្ធ​នឹង​រូបភាព​អង្គ​ព្រះមហា​ក្សត្រព្រះរាជ​ទាន​ព្រះ​អគ្គិ​ជ័យ​កីឡា ​សម្រាប់​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ីអា​គ្នេយ៍​លើក​ទី​៣២និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​​ខេត្ត​សៀម​រាប​៕