ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ឌិ​ត ទីណា បានទទួល​ជួប​គណៈប្រតិភូ​ផ្នែក​ឯកជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ​លោក​ Wang Xiangshe នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ខ្សែ​ច្រវាក់​តម្លៃ​ល្អ ព្រមទាំង​មាន​ផែនការ​វិនិយោគ​ច្បាស់លាស់​លើ​ដំណាំ​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយមាន​គោលដៅ​ជាក់លាក់​នាំទៅ​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​៣១​ខែមីនា​។

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា សម្រាប់​ការវិនិយោគ​ស្វាយចន្ទី មិន​ត្រឹមតែ​ត្រូវផ្តោត​លើ​គុណភាព រសជាតិ និង​មាន​ផែន​ការផលិត​ច្បាស់លាស់​តាម​តម្រូវការ​ទីផ្សារ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​តម្លៃបន្ថែម ព្រមទាំង​គិតគូរ​ដល់​បរិស្ថាន​និង​ព្រៃឈើ​(Eco-Friendly)​ផងដែរ​។​

​ទាក់ទង​ទៅនឹង​ស្វាយចន្ទី​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៅ​ថ្ងៃ​ដដែល​នោះបាន​ចូលរួម​ប្រជុំពិភាក្សា​អំពី​ការរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២០២៤ ជាមួយ​គណៈប្រតិភូ​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក និង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ផងដែរ​។

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​សន្និសីទកាសែត​ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តាំងពី​អ្នក​ផលិត កែច្នៃ និង​ទីផ្សារ ដើម្បី​ជួបគ្នា​ជជែក​ពិភាក្សាគ្នា ចូលរួម​យោបល់ និង​រក​ដំណោះស្រាយ​រួម​លើ​ស្វាយចន្ទី ការប្រើប្រាស់​ឱ្យអស់​សក្តានុពល​ដោយ​មិន​បង្កើន​ការចំណាយ និង​គិតគូរ​ដល់​បរិស្ថាន (Eco-Friendly)៕