កែបៈ ខេត្ត​កែប​នឹង​ប្រកាស​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល (ODF) ត្រឹម​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ ​​ខណៈ​ពេល​នេះ​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​នេះ​មាន​បង្គន់​ប្រើ​ប្រាស់​រហូត​ដល់​ ៩៨​ ភាគ​រយ​ហើយ​។​

​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​បាន​ឱ្យដឹង​នៅ​​ថ្ងៃទី​២៩ ​ខែឧសភា​ថា គិត​ត្រឹម​ខែ​ឧសភា ​ឆ្នាំ​២០២៣​ ខេត្ត​កែប​នៅមាន​ខ្នង​ផ្ទះ​ពលរដ្ឋ​ចំនួន​១៩៨​ខ្នង​ផ្ទះ​ទៀត​ដែល​គ្មាន​បង្គន់​សម្រាប់​ប្រើប្រាស់​ឬ​ស្មើនឹង​២%ខណ​:​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​មាន​បង្គន់​ប្រើ​ប្រាស់​រហូត​៩៨%​ទូទាំង​ខេត្ត​។តាម​ផែន​ការ​ត្រឹម​ពាក់​កណ្តាល​ខែ​មិថុនា​ខាងមុខ​​ខេត្ត​កែប​នឹង​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​។

​ប្រភព​ដដែល​​បាន​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​តាម​ដាន​ស្តីពី​លទ្ធ​ផល​នៃ​ការ​ជំរុញ​ស្ថាន​ភាព​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​។

​តាម​រយៈ​មន្ទីរ​ព័ត៌​មាន​ខេត្ត​កែប ​លោក ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋ​លេខាធិ​ការ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទបានលើក​ឡើង​ក្នុង​កិច្ចប្រជុំ​ថា ដោយ​មាន​ការ​ជំរុញ​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ថ្នាក់​ដឹកនាំ​ខេត្ត ​នឹង​ខិត​ខំ​គ្រប់​មធ្យោ​បាយ​ឱ្យ​ខ្នង​ផ្ទះ​ដែល​នៅ​ខ្វះ​បង្គន់​ទាំង​អស់​មាន​បង្គន់​ប្រើ​ប្រាស់​១០០%ដើម្បី​ឈានទៅ​សម្រេច​​គោល​ដៅ​ដែល​ដាក់​ខេត្ត​កែប​ជា​ខេត្ត​លេខ​រៀង​ទី​៦ ក្នុង​ការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ក្នុង​ឆ្នាំ​២០២៣​នេះ​។

​ជុំវិញ​រឿង​នេះ ​លោក ​សោម ពិសិដ្ឋ អភិ​បាល​ខេត្ត​កែប​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣១​ ខែឧសភា​ថា ការ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ទូទាំង​ខេត្ត​នេះ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ព្រោះ​ខេត្ត​កែប​ជា​ខេត្ត​គោល​ដៅ​ទេស​ចរណ៍​ដែល​មាន​តំបន់​សមុទ្រ​ដ៏​ស្រស់​ស្អាត​។​

​លោក​បន្ត​ថា ​ខេត្ត​នេះ​ក៏ត្រូវ​បាន​រាជ​រដ្ឋាភិ​បាល​កំណត់​ជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​ល្អ​ប្រណីត​កម្រិត​ខ្ពស់​ផង​ដែរ ហេតុ​នេះ​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ត្រូវ​មាន​ការ​រៀប​ចំ​សម្បទា​ទេស​ចរណ៍​ឱ្យបាន​សម​ស្រប​ផង​ដែរ​។

​លោក​សោម ពិសិដ្ឋ បាន​ថ្លែង​ថា៖«​ការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នេះ ក៏​ជះឥទ្ធិព​ល​ដល់​សេដ្ឋកិច្ច​សង្គម​នៅ​មូល​ដ្ឋាន ក្នុង​ការ​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ហូប​ស្អាត ផឹក​ស្អាត និង​មានការ​រស់នៅ​ស្អាត​។ ដូ​ច្នេះ​បានជា​យើង​ខិតខំ​បញ្ចប់​ឱ្យ​បានទៅលើ​សហ​គមន៍ ​ភូមិ ផ្ទះ​យើង​ស្អាត​ នាំឱ្យ​ឃុំ​យើង​ស្អាត ​ស្រុក​យើង​ស្អាត ​ខេត្ត​យើង​ស្អាត​ដែល​ធ្វើ​ប្រជា​ពល​រដ្ឋ​យើង​រស់​នៅ​ដោយ​មាន​ភាព​អនា​ម័យ​ល្អ សុខ​ភាព​ល្អ​។​

​លោក​បាន​បន្ត​ថា ក្រៅពី​ប្រជាព​លរដ្ឋ​ទទួល​បាន​អនា​ម័យ​ល្អ​ហើយ ​ពួក​គាត់ក៏​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ផង​ដែរ ហេតុ​នេះ​ការ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នេះ ​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋ​កិច្ច​ផង និង​ផ្នែក​សុខុ​មាល​ប្រជា​ពលរដ្ឋ​ផង​។​

​បើតាម​លោក​សោម ​ពិសិដ្ឋ​ គិត​មក​ទល់ពេ​លនេះ​ក្នុង​ចំណោម​១៨​ភូមិ​ទូទាំង​ខេត្ត​កែប​ អាជ្ញា​ធរ​ខេត្ត​បាន​សម្រេច​​ចំនួន​ខ្នង​ផ្ទះ​ដែល​មាន​បង្គន់​សម្រាប់​ប្រើ​ប្រាស់​ប្រមាណ​៩៨​ភាគ​រយ​ក្នុង​នោះ​មាន​តែ២​ឬ៣​ភូមិ​ប៉ុណ្ណោះ ​ដែល​នៅ​មិន​ទាន់​មាន​បង្គន់​ប្រើ​ប្រាស់​។​

​លោក​បាន​បញ្ជាក់​ថា៖ «​ទោះ​បីជា​យ៉ាង​ណាក៏​ដោយ រដ្ឋ​បាលខេ​ត្តនឹង​សហ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឈាន​ទៅ​ប្រកាស​ខេត្ត​កែប​ក្លាយ​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​នៅក្នុង​អាណត្តិ​ទី​៦​នេះ​»​។​

​យោង​តាម​របាយ​ការណ៍​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ បាន​រកឃើញ​ថា ខេត្ត​កែប ​ដែល​ខ្នង​ផ្ទះ​គ្មាន​បង្គន់​ទាំង​១៩៨​ខ្នង​ផ្ទះ​នេះ​ចែកជា​៣​ប្រភេទក្នុ​ងនោះ​ប្រភេទ​ទី​១​មាន​១៥​ខ្នង​ផ្ទះ​ជា​គ្រួសារ​មានល​ទ្ធភាព​តែ​មិន​ព្រម​សាង​សង់​,ប្រភេទ​ទី​២​មាន​៧៦​ខ្នង​ផ្ទះ​ជា​គ្រួសារ​ខ្វះ​លទ្ធ​ភាព(​ក្រីក្រ​) និង​ប្រភេទ​ទី​៣ មាន​៨៥​ខ្នង​ផ្ទះ​ស្ថិត​ក្នុង​តំបន់​មិន​រៀប​រយ​៕